កត្តាធំៗ​ចំនួន​៤បណ្តាល​ឲ្យមនុស្ស​មានជម្ងឺ​ផ្លូវចិត្ត

និយាយ​ដល់​ផ្លូវចិត្ត គឺ​និយាយ​ដល់​ប្រភេទ​ម្យ៉ាង​ដែល​មិនអាច​មើលឃើញ និង​គ្មាន​ឧបករណ៍​វេជ្ជសាស្រ្ត​ពិនិត្យ​រកឃើញ​ទ្បើយ ប៉ុន្តែ​វាជា​ប្រភេទ​មួយ​ធ្ងន់ធ្ងរ មិនចាញ់​ដែលបង្ក​ដោយ​មេរោគ​ទ្បើយ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​សាស្រ្តាចារ្យ​ជំនួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អនុ​ប្រធាន​ផ្នែកសុខភាព​​ផ្លូវចិត្ត​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត និង​ជានាយក​មន្ទីរ​សម្រាក​ព្យាបាល​​ផ្លូវចិត្ត​សាន់រ៉ាយ បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពី​ថ្ងៃសុក្រ ទី២៦​តុលា​​កន្លង​មកថា ផ្លូវចិត្ត​បណ្តាល​មកពី​បញ្ហា​សំខាន់ៗ​ចំនួន៤ ដូចជា​កត្តាសង្គម កត្តា​ចិត្តសាស្រ្ត កត្តា​ជីវសាស្រ្ត និង​កត្តា​ផ្លូវកាយ។ កត្តា​សង្គម​ ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត ដូចជា​ការ​បែកបាក់​គ្រួសារ ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ការ​ធ្លាក់​ទឹកចិត្ត ការខក​ចិត្ត ការ​មិនចុះ​សម្រុង​ក្នុងជីវិត​គ្រួសារ ដែលគេ​ហៅថា​ចំណង​ប្រាំប្រការ​ជាដើម។

កត្តា​ចិត្តសាស្រ្ត ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត គឺ​ទាក់ទង​នឹងការ​លូតលា​ស់​របស់​មនុស្ស​ទាំង​រាងកាយ និង​ផ្លូវចិត្ត ឧទាហរណ៍​គ្រួសារ​មួយ​បែកគ្នា​កូនត្រូវ​ទៅរស់នៅ​ជាមួយ​ឪពុកម្តាយ ឬ​មាមីង​​បងប្អូន​បីបាច់​ថែររក្សា ដែល​រាងកាយ​ពួកគេ​មានការ​លូតលាស់​ល្អ ប៉ុន្តែ​ផ្លូវចិត្ត​ពួកគេ​មាន​បញ្ហា​ជាដើម។ មាន​មនុស្ស​ខ្លះគ្រាន់តែ​ឪពុកម្តាយ​ពួកគេ​ស្តីបន្ទោស​បន្តិចបន្តួច ក៏​លេបថ្នាំ​សម្លាប់ខ្លួន ប៉ុន្តែ​អ្នកខ្លះ​មិនអី​នេះ គឺ​ដោយ​សារការ​លូតលាស់​រាងកាយ និង​ផ្លូវចិត្តរបស់​ពួកគេ​តាំងពី​តូចមក​ថា​មាន​ភាព​រ៉ឹងមាំ​ដែរឬ​ទេ?។ ចំណែក​កត្តា​ជីវសាស្រ្ត គឺ​ពាក់ព័ន្ឋ​ការ​ចរាចរ​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ញៀន ការផឹក​សុរា ការ​ប្រើ​ឳសថ​មិនបាន​ត្រឹមត្រូវ​ជាដើម ដែល​សុទ្ឋតែ​បណ្តាល​ឲ្យ​ប៉ះពាល់សមត្ថភាព​ខួរក្បាលក្នុ​ងការ​គិតវិនិច្ឆ័យ​​អ្វីខុស​អ្វីត្រូវ។

កត្តា​ផ្លូវកាយ គឺពេល​បច្ចុប្បន្ន​នេះ សង្គម​មាន​សុខសន្តិភាព​​សុវត្ថិភាព និងមាន​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​តម្រូវ​ឲ្យអ្នក​បើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព។ ការ​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យមាន​ការ​ប៉ះក្បាល របួស​ក្បាល ដល់ពេល​ជាទ្បើង​​វិញ​ទៅជា​វិកលចរិក​ឬល្ងីល្ងឺ​ជាដើម នេះ​សុទ្ឋតែ​ជាផ្លូវចិត្ត។ លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោកបន្ត​ថា “ផ្លូវចិត្ត ជាអាថ៌​កំបាំង មើល​មិនដឹង​នោះទេ ប៉ុន្តែគេ​អាច​សម្គាល់​នេះតាម​រយៈ​រោគសញ្ញា​មួយចំនួន ដូចជា​ការឆាប់​​ផ្លាស់ប្តូរ​អារ​ម្មណ៍ ទឹកមុខ ដំណេក ការ​ទទួលទាន អាកប្ប​កិរិ​យ៉ាឆាប់​ប្រែប្រួល​ជាដើម ”។ ​លោក​បន្តថា “នេះពេល​ស្ថិតក្នុង​ដំណាក់​កាល​ស្រាល គេអាច​គ្រាន់​តែ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំ​នាញ បើ​កំរិត​មធ្យម​គេប្រើ​ឳសថ និង​ដំណាក់​​កាល​ធ្ងន់​ធ្ងរ​គេប្រើ​ឳសថ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ”។

លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បាន​បន្តថា ផ្លូវចិត្ត​ត្រូវបាន​គេបែង​ចែក​ជាង​៨០ក្រុម ហើយ​ក្រុម​និមួយៗ​មាន​រាប់រយ​ទៀត​នៅក្នុង​នោះ ប៉ុន្តែ​ជម្ងឺផ្លូវចិត្ត ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺជម្ងឺ​ធ្លាក់​ទឹកចិត្ត ការចង់​សម្លាប់​ខ្លួន ការ​ទទួលទាន​ដំណេក​មិនបាន លែង​ចង់​តែង​ខ្លួន លែងចង់​ធ្វើការងារ​ជាដើម។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative