បាត់​ព្រហ្មចារី?

សូម​ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត! នាងខ្ញុំ​សូម​សួរលោក​គ្រូថា តើ​នាងខ្ញុំ​អាចនៅ​ក្រមុំ​ព្រហ្មចារី​ទៀតឬ​អត់ នៅពេល​ដែលរួមភេទ​ដំបូង​នាងខ្ញុំ​មិនមាន​ធ្លាក់​ឈាម? ចុះអាច​ថានៅ​ក្រមុំ​ដែរឬទេ បើ​មិត្ដប្រុស​របស់​នាងខ្ញុំ​គ្រាន់តែ​ស៊ក​ប្រដាប់ ភេទ​បន្ដិចតែ​ប៉ុណ្ណោះ?
កញ្ញា អ. រ. ដ អាយុ​១៨ឆ្នាំ ខេត្ដ​កណ្ដាល

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួរ​ប្អូនស្រី​ដូចជា​ងាយ​ឆ្លើយ ប៉ុន្ដែ​ករណី​ប្អូន​ដែល​សួរសំណួរ​នេះ គឺ​ពីព្រោះ​តែប្អូនស្រី​មិនបាន​ដឹងថា តើ​អ្វីទៅជា​ព្រហ្មចារី​ពិតប្រាកដ។ តាមពិត​រាល់ស្ដ្រី​ទាំងអស់​មិន​សុទ្ធតែ​ធ្លាក់ឈាម​នៅពេល​រួមភេទ​លើក​ដំបូង​នោះទេ។ រីឯការ​ដាច់​ ឬបាត់សន្ទះ​ព្រហ្មចារី​គឺ​បណ្ដាល​មកពី​ការ​រួមភេទ ដែលមាន​ស៊កបញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស មិន​កំណត់​ថាតែ​មួយផ្នែក ឬ​ទាំងអស់​នោះទេ។ លើសពី​នេះទៅទៀត សូម​បញ្ជាប់​ប្រាប់ប្អូន​ស្រីថា បុរស​ឬស្ដ្រី​នៅព្រហ្មចារី​គឺជាអ្នក​ដែល​មិនធ្លាប់​មានការ​រួមភេទ​ដែល​ស៊កបញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស។ ហេតុនេះ​ក្រោយ​ពីមានការ​រួមភេទ​មក គឺ​ព្រហ្មចារី​ត្រូវបាត់បង់​ហើយ។ ព្រោះថា​សន្ទះ​ព្រហ្មចារី​ដែលដាច់​រហែក​មិនដុះ​ជិតវិញ​នោះទេ ទោះបីជា​ផ្អាក​ឬខាន​រួមភេទ​រយៈពេល​រាប់ខែ​រាប់ឆ្នាំ​ក្ដី។ ប៉ុន្ដែ​អ្នកនៅ​ព្រហ្មចារី​ក៏មិនសុទ្ធ​តែនៅមាន​សន្ទះ​ព្រហ្មចារី​នោះទេ ព្រោះ​សន្ទះ​ព្រហ្មចារី​អាចដាច់​រហែក​បាត់​នៅពេល​លេងកីឡា ជិះសេះ ជិះគោ ជិះកង់​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative