យំ​មានហៀរ​សម្បោរ

កាលបើ​យើងយំ​(ដោយសារ​ការ​ឈឺចាប់ ពិបាក​ចិត្ដ ឬ​សប្បាយ) ទឹកភ្នែក​ហូរស្រក់​មកលើ​ផ្ទៃមុខ​របស់​យើង ពេលនោះ ច្រមុះ​ក៏​ចាប់ផ្ដើម​ស្រក់ទឹក​សម្បោរ​ហូរ​ចេញ​ផងដែរ។ ខ្ញុំចង់​សួរ​លោក​វេជ្ជបណ្ឌិត​ថា តើមក​ពីហេតុ​អ្វី បានជា​មនុស្ស​ដែលយំ​តែងតែ​មាន​ហូរសម្បោរ​ផងដែរ​នោះ?
លោក​ស្រី យ. ដ. ល អាយុ​២៩ឆ្នាំ ភ្នំពេញ

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ទឹកភ្នែក​ដែល​ផ្សំផ្គុំ​ឡើង​ដោយសារ​ធាតុទឹក​ភ្នែក​ដែលជា​ទឹកប្រៃ​មាន​ជាតិអាស៊ីដ​ខ្លាញ់ និង​ប្រូតេអ៊ីន​ផលិត​ដោយ​ក្រពេញ​ទឹកភ្នែក​ស្ថិត​នៅខាងលើ​ភ្នែក។ តាមពិត​ក្រពេញ​ទាំងនេះ​មាន​សកម្មភាព​ជាប្រចាំ​ដោយ​បញ្ចេញ​មកនូវ​ទឹករិចៗ​ពាសពី​លើកែវ​ភ្នែក និង​ការពារ​ភ្នែក​ទប់ទល់​នឹងលំអង​ធូលីដី។ ប៉ុន្ដែ​ការ​ផលិត​ទឹកភ្នែក​មាន​បរិមាណ​តិចតួច​តែ​គ្រប់គ្រាន់ សម្រាប់ឱ្យ​សារធាតុ​ទាំងនេះ​គ្របដណ្ដប់​លើ​គ្រាប់ភ្នែក និង​ស្រូប​ពាសលម្អង​ធូលី​នៅលើ​គ្រាប់ភ្នែក ធានាថា​ទឹកភ្នែក​មិន​ហូរចេញ​នោះទេ។ ការ​ផលិត​ទឹកភ្នែក​គឺវា​ផ្អែក​យ៉ាងខ្លាំង​ទៅលើ​បរិស្ថាន កាលណា​ឃើញ​នៅតំបន់​ដែល​អាកាសធាតុ​ក្ដៅស្ងួត នាំឱ្យ​ទឹកភ្នែក​ចេញច្រើន​ជាង​នៅតំបន់​អាកាសធាតុ​ត្រជាក់​សើម។

នៅពេល​ដែលយើង​យំ ទឹកភ្នែក​ត្រូវបាន​ផលិត​ឡើង​ជាបរិមាណ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់។ ទឹកភ្នែក​មួយចំនួន​ព្រួសចេញ មួយចំនួន​ទៀត​ហូរចេញ​ទៅលើ​ថ្ពាល់ និង​មួយចំនួន​ទៀត​ដក់​នៅតាម​បំពង់​បង្ហូរ​ទឹកភ្នែក*(ស្ថិត​នៅផ្នែក​កន្ទុយ​ភ្នែក​ខាងក្នុង​ក្បែរ​ច្រមុះ) ឆ្ពោះ​ទៅថង់​ទឹកភ្នែក។ កាលណា​ថង់​ទឹកភ្នែក​នេះពេញ ទឹកភ្នែក​ហូរតាម​បំពង់​ភ្ជាប់​ច្រមុះ​ទៅភ្នែក​ដែល​នៅផ្នែក​ខាងលើ​នៃច្រមុះ។ ទឹកភ្នែក​ដែល​ហូរ​លាង​លម្អង​ធូលី​ពីកែវភ្នែក​អាច​ត្រូវ​បញ្ចេញ​មកតាម​បំពង់ក ប៉ុន្ដែ​អាច​ចេញមក​តាមច្រមុះ​ដែល​លាយឡំ​ជាមួយ​ សម្បោរ​ជាទីបញ្ចប់​គឺហូរ​ចេញ​មកតាម​រន្ធច្រមុះ។ ពេលនេះ​អ្វីដែល​សំខាន់​គឺត្រូវ​ប្រើកន្សែង​ជូត​សម្បោរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative