វិធី​ឆាប់មាន​កូន

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទ​មានអាយុ​៣២ឆ្នាំ រីឯ​ភរិយា​ខ្ញុំបាទ​អាយុ​១៩ឆ្នាំ យើង​បាន​រៀបការ ជាមួយ​គ្នាមួយ​ខែមក​ហើយ។ ហើយ​ខ្ញុំចង់​ឱ្យគាត់​មាន​ផ្ទៃពោះ​លឿន​បំផុត​តាមដែល​អាចធ្វើទៅ​បាន។ ខ្ញុំឮ​គេនិយាយ​ថា វា​អាស្រ័យ​ទៅនឹង​ថ្ងៃខែ​ដែល​រួមភេទ ក្រោយ​ពីធ្លាក់“ឈាម​រដូវ”។ សូម​លោក​វេជ្ជបណ្ឌិត​មេត្ដា​ជួយផ្ដល់​ដំបូន្មាន​ល្អៗ​ដល់ខ្ញុំ​បាទផង។ សូម​អរគុណ​ទុក​ជាមុន។ ខ្ញុំទន្ទឹង​រង់ចាំ​ចម្លើយ​របស់​លោក​វេជ្ជបណ្ឌិត។
លោក ម. ហ. រ អាយុ​៣២ឆ្នាំ ភ្នំពេញ

វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ ៖ អរគុណ​ប្អូនប្រុស​ដែលបាន​សួរសំណួរ​ដ៏មាន​សារៈសំខាន់​មកកាន់​ខ្ញុំបាទ។ គឺជាការ​ត្រឹមត្រូវ​ណាស់ ភរិយា​របស់ប្អូន​នៅក្មេង អាចមាន​ផ្ទៃពោះបាន​យ៉ាងងាយ បើមាន​ការ​រួមភេទ​ចំថ្ងៃ​ធ្លាក់មេជីវិត។ ថ្ងៃ​ធ្លាក់មេជីវិត​គឺជា​ចន្លោះ​កណ្ដាល ពេល​នៃការមក​រដូវ​ទាំង២ដង។ ជា​ឧទាហរណ៍ បើ​ភរិយា​របស់​ប្អូនប្រុស​មករដូវ​ទៀងទាត់​រៀងរាល់​២៨ថ្ងៃម្ដង នោះថ្ងៃ​ធ្លាក់​មេជីវិត​គឺ ថ្ងៃ​ទី១៤​រាប់ចាប់​ពីថ្ងៃទី១​នៃថ្ងៃ​មករដូវ​ចុងក្រោយ​គេ។ បើថ្ងៃ​មករដូវ​ចុងក្រោយ​គឺថ្ងៃ​ទី២៨​ឧសភា ថ្ងៃ​ធ្លាក់មេជីវិត​ដែល​គណនា ឃើញ​គឺថ្ងៃ​ទី១២ ខែ​មិថុនា។ នៅថ្ងៃ​ទី១២ ខែ​មិថុនា បើមាន​ការ​រួមភេទ​គឺជា​ថ្ងៃដែល​អាចមាន​ផ្ទៃពោះ​បាន។ ប៉ុន្ដែការ​ធ្លាក់​មេជីវិត អាចធ្លាក់​មុនឬ​ក្រោយ១ថ្ងៃ​ឬ២ថ្ងៃ ហេតុនេះ​លោក​អាច​រួមភេទ​ពីថ្ងៃទី​១០ទៅ១៤ មិថុនា ជាថ្ងៃ​អាចមាន​កូនបាន។ សរុប​សេចក្ដីមក ករណី​គូស្រករ​របស់​ប្អូនប្រុស​មិន​ពិបាក​មាន​កូននោះ​ទេ គ្រាន់តែ​ធ្វើយ៉ាងណា​ត្រូវមាន​ការ​រួមភេទ​នៅ​រវាង​ថ្ងៃធ្លាក់​មេជីវិត​រៀងរាល់​ខែ។ សូម​ប្អូនប្រុស និង​ភរិយា​មាន​សំណាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative