កម្ពុជា​មាន​គ្រូពេទ្យ​ឯកទេស​វះកាត់​កែសម្ផស្ស​តិច ធ្វើឲ្យ​ស្រ្តី​ប្រឈម​មុខគ្រោះថ្នាក់​ច្រើន

អាជីវកម្ម​កែសម្ផស្ស​នៅកម្ពុជា​កំពុង​រីកដុះដាល​ដូចផ្សិត ប៉ុន្តែ​​​អ្នកចូល​ទៅរក​សេវានេះ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ នៅពេល​ប្រទេស​នេះ​មាន​គ្រូពេទ្យ​ឯកទេស​កែសម្ផស្ស​តិច ប៉ុន្តែ​ជាជីវកម្ម​នេះមាន​លើស​ចំនួន​គ្រូពេទ្យ​ជំ​នាញ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក ធឿង ច័ន្ទសីហា បណ្ឌិត​វេជ្ជសាស្រ្ត​ឯកទេស​វះកាត់​បានមាន​ប្រសាស​​ន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅព្រឹក​ថ្ងៃព្រហស្បត៍ ទី២៥ សីហា​កន្លងមក​ថា នៅកម្ពុជា​មាន​គ្រូពេទ្យ​ជំនាញ​វះកាត់​កែសម្ផស្ស​តិច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋប្រឈម​មុខនឹង​គ្រោះថ្នាក់​ខ្ពស់ ដោយសារ​ពួកគាត់​មាន​ចំណេះដឹង​ទាក់ទង​វិស័យ​កែសម្ផស្ស​នៅមាន​កំរិត និងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើសពី​កា​រពិត​របស់​គ្លីនីក ឬ​ហាង​កែសម្ផស្ស​នានា​នៅកម្ពុជា។ លោក​បន្តថា ក្រសួង​ព៌តមា​ន និង​ក្រសួង​សុខាភិបាល គួរ​ចាត់​វិធានការណ៍​ចំពោះ​ហាងកែ​សម្ផស្ស ឬ​គ្លីនិកកែ​​សម្ផស្ស​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើស​ពីការពិត​ទាំងនោះ។

លោកបន្ត​ថា “នៅ​ប្រទេស​បារាំង​អ្នកដែល​អាច​វះកាត់​កែសម្ផស្ស​បាន ទាល់​​តែមាន​ជំនាញ​វះកាត់​ទូទៅសិន ទើបអាច​វះកាត់​កែសម្ផស្ស​បាន ”។ លោកបន្ត​ថា “អ្នកខ្លះ​បានចេញ​ទៅធ្វើក​ម្មសិក្សា​នៅស្រុក​គេ ឬ​នៅ​ក្នុង​ស្រុក​រយៈពេល​១ឆ្នាំ​ក៏ថាខ្លួន​មាន​ជំនាញ​កែសម្ផស្ស និង​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​វះកាត់កែ​សម្ផស្ស គឺ​ពិតជាមាន​គ្រោះថ្នាក់​ណាស់ សម្រាប់​អ្នក​ទៅរក​សេវា​របស់​ពួកគេ ”។

លោក ធឿង ច័ន្ទសីហា បានបន្ត​ថា លោក​ជួបអ្នក​វះកាត់​កែសម្ផស្ស​ជាច្រើន​មានបញ្ហា​ច្រមុះ វៀចមុខ សុដន ដោយសារ​ការចាក់​សារជាតិ​ហ្វីល័រ​បំពេញ​ថ្ពាល់​ ចាក់​ឲ្យសុដន​រីកធំ និង​ចាក់ឲ្យ​ប្រដាប់​ភេទតឹង​ណែន។ ស្រ្តី​មួយចំនួន​បានចាក់​សារធាតុ​ហ្វីល័រ​លើប្រដាប់​ភេទ ដើម្បី​ឲ្យប្រដាប់​ភេទ​របស់ខ្លួន​រួមតូច។ វា​សុទ្ឋតែ​ជាគ្រោះថ្នាក់​សម្រាប់​អ្នកជំងឺ ប្រសិនជា​យើងធ្វើ​ការ​វះកាត់​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនា​ញ​កែ​សម្ផស្ស​ត្រឹមត្រូវ។

អ្នកគ្មាន​ឯកទេស​កែសម្ផស្ស តែងប្រើ​សម្ភារៈ​វះកាត់​មិន​បាន​ត្រឹមត្រូវ ធ្វើកា​រ​វះកាត់​ក្នុងបន្ទប់​ដែលគ្មាន​ស្តង់ដា​ត្រឹមត្រូវ និងមិ​នបាន​សម្លាប់​មេរោគ​លើ​ឧបករ​ណ៍ សម្រាប់​វះកាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ ។

លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា បាន​បន្តថា នៅស្រុក​គេមុន​ធ្វើការ​វះកាត់​កែ​សម្ផស្ស គ្រូពេទ្យ​តែងទុក​រយៈពេល​៣សប្តាហ៍​ឲ្យ​អតិថិជន​របស់ខ្លួន​គិត ប៉ុន្តែ​​នៅកម្ពុជា អ្នកផ្តល់​សេវា​វះកាត់​កែសម្ផស្ស​មិនបាន​ធ្វើបែបនេះ​ទេ ពួកគេ​គិតតែ​អាជីវកម្ម​ពួកគេ មិនគិត​ពីផល​វិបាក​របស់​អតិថិជន​របស់ខ្លួន​ទ្បើយ។ លោក​បន្ថែមថា មានការ​ផ្សាយ​ពាណិជ្ជកម្ម​ថា មានការ​យកខ្លាញ់​ត្រីបាទ្បែន មកចាក់​បំពេញ​ថ្ពាល់ គឺជាការ​ភូតកុហក​ទាំងស្រុង ព្រោះ​ក្នុង​ពិភពលោក​គេមិន​ដែលយក​ខ្លាញ់​ត្រីបាទ្បែ​ន​មកប្រើ​បែបនេះ​ទេ។

ដើម្បី​ទទួលបាន​សេវា​វះកាត់​កែសម្ផស្ស​បាន​ត្រឹមត្រូវ និង​ដើម្បី​ដឹងថា​គ្រូពេទ្យ​វះកាត់​នោះមាន​ជំនាញ​ច្បាស់លាស់​ដែរឬទេ តើត្រូវ​ពិនិត្យ​លើកត្តា​អ្វីខ្លះ?លោក​​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា បានមាន​ប្រសាសន៍​ឲ្យដឹង​ថា ទី១ អ្នករក​សេវា​វះកាត់​កែ​សម្ផស្ស​គួរស៊ើប​អង្កេត​ថា តើអ្នក​កែសម្ផស្ស​នោះ​ពិតជាមាន​ជំនាញ​ឬអត់ ទី២ កុំជឿ​លើ​រូបថត ព្រោះ​រូបថត​គេអាច​ធ្វើក្នុង​កុំព្យូទ័រ​បាន ហើយ​នៅស្រុក​គេៗ​មិន​ដែល​បង្ហាញ​ពីរូបថត​នោះទេ ទី៣ ត្រូវ​សុំពិនិត្យ​មើល​តើសម្ភារៈ​វះកាត់​មាន​ដូចគេ​​និយាយ​ឬអត់? ទី៤ ត្រូវ​ពិនិត្យមើល​បន្ទប់ និង​សម្ភារៈ​វះកាត់​មានស្តង់ដា​ឬអត់?

និង​ទី៥ ត្រូវ​ស្រាវជ្រាវ​ពីឯកសារ​តាម​អ៊ីនធើណេត​ថា តើអ្វី​ដែលអ្នក​កែសម្ផស្ស​​បាន​និយាយ​ត្រឹមត្រូវ​តាម​ឯកសារ​គេបង្ហាញ​ឬអត់ ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative