កម្ពុជា​ធ្វើម្ចាស់​ផ្ទះ​ក្នុងកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស​ប្រយុទ្ឋ​នឹងរបេង​ប្រចាំ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច

ប្រទេស​កម្ពុជា​បានធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​ពិធី​បើកកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាបច្ចេកទេស​ក្នុងការ​​ប្រយុទ្ឋ​របេង​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ខាងលិច ដោយ​មន្រ្តី​ជំនាញ​មកពី​បណ្តា​ប្រទេស​ជាង១០​មក​ចូលរួម ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងរបេ​ង​បានមាន​ប្រសាសន៍​ឲ្យដឹង​បន្ទាប់ពីពិធី​បើកកិច្ច​ប្រជុំ​រយៈពេល​៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី២២ ដល់២៤​តុលា​នេះថា កិច្ច​ប្រជុំនេះ​ដើម្បី​ពិនិត្យ​មើលយុទ្ឋសាស្រ្ត​ក្នុងការ​ប្រយុទ្ឋ​របេង​ថ្នាក់​តំបន់ និង​យុទ្ឋសាស្រ្ត​ការអនុវត្តន៍​សកម្មភាព​ប្រយុទ្ឋ​​របេង​ថ្នាក់​តំបន់​របស់​អង្គការ​សុខភាព​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​ខាងលិច ដែលមាន​ប្រទេស​ជាង៣២​ជាសមាជិក ក្នុងនោះ​ប្រទេស​ចំនួន​៧មាន​បន្ទុក​របេង​ធ្ងន់ធ្ងរ​ជាងគេ។ លោកបន្ត​ថា កិច្ច​ប្រជុំនេះ​ក៏ពិនិត្យ​មើល​ផងដែរ​នូវ​គោល​នយោបាយ ផែនការ​យុទ្ឋសាស្រ្ត​នៅពេល​ខាងមុខ ដោយ​ចាប់ផ្តើម​ពីពេល​នេះ​រហូត​ដល់ឆ្នាំ​២០១៥ និង​ពីឆ្នាំ​២០១៥​តទៅមុខ​ទៀត។

កិច្ចប្រជុំ​នេះក៏​មានការ​ពិភាក្សា​អំពីការ​ធ្វើរោគ​វិនិច្ឆ័យ​ថ្មីៗ និយមន័យ​នៃជាដើម ដែល​យើងតែង​ធ្វើ​រៀងរាល់​២ឆ្នាំម្តង​ប្រចាំតំបន់នេះ​ ពិសេស​ផ្តោតលើប្រទេ​ស​ចំ​នួន៧​ដែលមាន​បន្ទុក​របេង​ធ្ងន់ធ្ងរ​ជាងគេ ដូចជា​ប្រទេស​ចិន វៀតណាម ហ្វីលីពីន កម្ពុជា ទ្បាវ ប៉ាពួរញូ​ហ្គីណេ មុង​ហ្គោលី ។ នេះបើ​តាមការ​ឲ្យដឹង​ពីលោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសា​សន៍​ថា នេះជា​លើកទី៣​ដែល​ក្រសួង​សុខាភិបាល​បាន​រៀបចំ​កិច្ចប្រជុំ​ដ៏មាន​​សារៈសំខាន់​បែបនេះ​ទ្បើង ដែលវាជា​ឳកាស​មួយដ៏ល្អ​ក្នុងការ​ជួយ​ប្រទេស​កម្ពុជា ​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​សម្រេច​បានដោយ​ជោគជ័យ នូវ​ការងារ​ប្រយុទ្ឋ​នឹង​របេង។ លោកបន្ត​ថា ប្រសិន​ជាយើង​សម្លឹង​មើល​អតីតៈកាល យើងបាន​មើល​ឃើញ​ពីការ​ធ្វើការងារ​យ៉ាង​លំបាក ក្នុងការ​ប្រយុទ្ឋ​របេង​ក្នុងពិភព​លោក ឧទាហរណ៍​រយៈពេល​១៧ឆ្នាំ​កន្លងមក​នេះ អ្នក​របេង​ចំនួន​៥១លាន​នាក់ត្រូវបាន​ថែរទាំ​ព្យាបាល​ជាសះស្បើយ​នៅ​ទូទាំង​ពិភពលោក ហើយ​ប្រសិន​ជាគ្មានការ​ពិនិត្យ​ព្យា​បាល​ដោយ​ត្រឹមត្រូវ​ទេ ប្រជាជន​ចំនួន​២០​លាននាក់​នឹងស្លាប់​ដោយសារ​នេះ។

លោក​បន្តថា “យើងអាច​សម្លឹង​ត្រលប់​ទៅក្រោយ និង​អរគុណ​ដល់ការងារ​​ដែលយើង​សម្រេច​បានកន្លង​មក ប៉ុន្តែ​សហសេវិក​ទាំងអស់ យើង​ក៏ត្រូវ​សម្លឹង​ទៅ​កាន់​អនាគត​ដែរ ព្រោះ​នៅមាន​ការងារ​ច្រើនណាស់​ដែល​យើងត្រូវ​ធ្វើ​ក្នុងការ​ធ្វើ​ឲ្យ​ប្រាកដថា​ផែនការ​រយៈពេល​ខ្លី និង​រយៈពេល​វែងរ​បស់យើ​ងបាន​សម្រេច​ដល់​គោលដៅ ”។

លោក​រដ្ឋមន្រ្តី​បានបន្ត​ថា យើង​ត្រូវការ​ធ្វើ​ការងារ​យ៉ាង​លំបាក​ដើម្បី​កាត់បន្ថយ​អត្រាប្រេ​វ៉ាទ្បង់ អាំងស៊ីដង់​របេង និងការ​កាត់បន្ថយ​អត្រាស្លាប់​ដោយ​សារ​របេង ដូចដែល​បានលើក​ទ្បើង​ក្នុងកិច្ច​ប្រជុំ​ថ្នាក់​តំបន់​កាលពីឆ្នាំ​២០១០។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ភីតធើ វ៉ាម៉ារ៉េន (Pieter Van Maar​en) ប្រធាន​តំណាង អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​ជាប្រទេស​មួយក្នុង​ចំណោម​៧​ប្រទេស ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែលមាន​បន្ទុក​របេង​ធ្ងន់ធ្ងរ​ជាងគេ និង​ដែលបាន​ទទួល​ជោគជ័យ ក្នុងការ​ធ្វើការ​រួមគ្នា​រវាង​កម្មវិធី​របេង​អេដស៍ ដែលវា​ជាភាព​អស្ចារ្យ​មួយ​សម្រាប់​កិច្ច​ប្រជុំនេះ ត្រូវ​ពិនិត្យ​មើល។ លោកបន្ត​ថា អង្គការ​សុខភាព​ពិភព​លោក មានក្តី​សោមនស្ស​យ៉ាង​ក្រៃលែង ដែលបាន​ធ្វើការ​រួមគ្នា​យ៉ាង​លំបាក​ក្នុងការ​ប្រយុទ្ឋ​នឹង​របេង ជាមួយ​អ្នក​គ្រប់គ្រង​កម្មវិធី​របេង បុគ្គលិក​របស់​ពួកគេ និង​ជាមួយ​ដៃគូដទៃ​ទៀត។

លោកបន្ត​ថា កាលពី​ឆ្នាំ២០១០​អង្គការ​សុខភាព​ពិភព​លោក ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច បានធ្វើ​ការ​អភិវឌ្ឈន៍​នូវ​យុទ្ឋសាស្រ្ត​ផ្តល់​ប្រឹក្សា​យោបល់​ជាមួ​យ​បណ្តា​ប្រទេស​សមាជិក ហើយ​ផែនការ​យុទ្ឋសាស្រ្ត​ថ្នាក់​តំបន់ ត្រូវបាន​អនុ​ម័ត​នៅក្នុង​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​នាពេល​នោះ។ យើងបាន​ផ្តោត​លើផែន​កា​រ​​​យុទ្ឋសាស្រ្ត​ចំនួន៥ ដូចជា​ទី១ ពង្រឹង​ការធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ប្រក​ប​ដោ​យ​​គុណភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ទី២ ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍ និងការច​ង្អុល​បង្ហាញ​ការធ្វើ​រោគ​វិនិច្ឆ័យ​ថ្មី ទី៣ លើក​កំពស់​ការ​គ្រប់គ្រង​កម្មវិធី​អ្នក​របេង​ស៊ាំនឹង​ឳសថ ទី៤​ពង្រីក​សកម្មភាព​សហ​ប្រតិបត្តិការ​រវាង​កម្មវិធី​​របេ​ង​ អេដស៍ និង​ទី៥ ពង្រឹង​កម្មវិធី​គ្រប់គ្រង​ការងារ​របេង និង​សមត្ថភាព​ការងារ​របេង​​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative