រួមភេទ​លើកដំបូង ភ្លេច​ប្រើស្រោម​អនាម័យ

កាលពី​ថ្ងៃបុណ្យ​សង្សារ​កន្លងមក​នេះ ខ្ញុំបាទ​បាននាំ​សង្សារ​ដើរលេង ពេលនោះ​ខ្ញុំ​ជក់បារី និង​ទទួលទាន​សុរារាងជ្រុល​បន្ដិច។ ខ្ញុំ​ឈឹក្បាល និង​ស្រវឹង​ជោកតែ​ម្ដង ហើយ​កើតមាន​អារម្មណ៍​ចង់​រួមភេទ​ជាមួយនាង។ ពេលគេង​ជាមួយគ្នា​នៅឯ​ផ្ទះសំណាក់ ខ្ញុំបាទ​មិនបាន​ប្រើស្រោម​អនាម័យ​ទេ។ ឥឡូវ​នេះ ខ្ញុំបាទ​ភ័យណាស់​មិនដឹង​មានរឿង​អ្វី​កើតឡើង​ទេ? ខ្ញុំបាទ​សូម​បញ្ជាក់​ថា នេះជាការ​រួមភេទ លើកដំបូង​ហើយ។ សូមលោក​វេជ្ជបណ្ឌិត​ជួយ​ប្រាប់ខ្ញុំ​ផង។
លោក អ. ទ. អ អាយុ​១៩ឆ្នាំ ភ្នំពេញ

វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ ៖ សូមប្អូន​កុំអាលភ័យ​ពេក។ ពិតប្រាកដ​ណាស់ ក្នុងការ​រួមភេទ​លើកដំបូង ហើយ​ចំពេល​ដែល​ប្អូន ស្រវឹង​ស្រា បាត់បង់​ស្មារតី ប្អូនពិត​ជាពិបាក​ចងចាំ និង​នឹកឃើញ​ទាំងអស់​ខ្លាំងណាស់។ ការ​ធ្វេសប្រហែស​បែបនេះ ប្អូនអាច​ប្រឈម មុខ​២រឿង គឺការ​ឆ្លងមេរោគ​កាមរោគ និង​ការមាន​ផ្ទៃពោះ​ដែល​មិនចង់បាន​(ចំពោះ​សង្សារ​របស់​ប្អូនប្រុស)។ បើប្អូន​សង្ស័យថា អាចឆ្លង​ជម្ងឺ​កាមរោគ និង​ជម្ងឺអេដស៍ ប្អូនត្រូវ​ទៅរក​កន្លែងពិនិត្យ​ជម្ងឺ​កាមរោគ និងកន្លែង​ធ្វើតេស្ដ​ឈាម​រកមេរោគ​អេដស៍​ដោយ​ឥតគិតថ្លៃ។ ប្អូនត្រូវ​ដឹងថា ពេលនោះ​ប្អូនស្រី​ដែលជា​សង្សារ​ប្អូន​ក៏គាត់​កំពុង​ភ័យ​មិនតិច​ដែរទេ ទាំងជម្ងឺ​អេដស៍ កាមរោគ ទាំងការ​មាន​ផ្ទៃពោះ​ដែលមិន​ចង់បាន។ បើ​ករណី​បែបនេះ​មែន សូមប្អូន​នាំគាត់​ទៅធ្វើ​តេស្ដឈាម​ផង និង​ករណី​មាន​ផ្ទៃពោះ សូម​នាំគ្នា​ទៅជួបអ្នក​ជំនាញ​ខាងពន្យារ​កំណើត ជួប​គ្រូពេទ្យ ឬ​ឱសថស្ថាន ដើម្បី​រកគ្រាប់ថ្នាំ​ពន្យារកំណើត​បន្ទាន់។ សង្ឃឹមថា​ប្អូន​ទាំងពីរ​មានសំណាង​ល្អ និង​ឈប់រំលោភ​ប្រពៃណីខ្មែរ​ទៀតហើយ។ លទ្ធផល​នៃ​ថ្ងៃបុណ្យ​សង្សារ​គឺបែបនេះ​ឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative