បារី​បង្ក​គ្រោះថ្នាក់​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ និងកូនក្មេង

ខ្ញុំបាទ​រៀបការ​៥ឆ្នាំមក​ហើយ សព្វថ្ងៃ​ខ្ញុំបាទ​មានកូនស្រី​ម្នាក់អាយុ​២ឆ្នាំ។ រីឯ​ប្រពន្ធ​ខ្ញុំបាទ​មាន​ផ្ទៃពោះ​កូនទី២​ប្រមាណ៥ខែ​ហើយ។ ខ្ញុំបាទ​ឧស្សាហ៍​ជក់បារី​នៅក្នុង​ផ្ទះ។ តើ​ផ្សែងបារី​បង្ក​គ្រោះថ្នាក់​ដល់​ប្រពន្ធខ្ញុំ កូន​ដែល​នៅក្នុង​ពោះ និង​កូនស្រី​របស់ខ្ញុំបាទ​ដែរ ឬ​ទេ?
លោក អ.ស.ហ អាយុ​៣៧ឆ្នាំ ខេត្ដ​កំពង់ធំ

វេជ្ជបណ្ឌិត​យើងៈ ពិតជាមាន​គ្រោះថ្នាក់ ព្រោះថា​សមាជិក​ក្រុម​គ្រួសារ ប្ដី​ប្រពន្ធ កូន និងអ្នក​រួមដំបូល​ដទៃ​ទៀត អាច​ទទួលរង​ផល​ប៉ះពាល់ ដូចអ្នក​ជក់បារី​ដែរ។ អ្នក​ជក់បារី​ងាយ​ទទួល​រងការ​កកើតជម្ងឺ​ដុំសាច់ និងជម្ងឺ​មហារីក។ ដូច្នេះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ ជក់​បារីក្ដី ហឺត​ផ្សែងបារី​អ្នក ដទៃ​ក្ដី ផ្សែងបារី​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់ខ្លួន និង​គ្រោះថ្នាក់​ដល់​សុខភាព​ទារក​ក្នុងផ្ទៃ រហូតដល់​អាយុ​ជីវិត​របស់​ទារក​ទៀត ផង។ បើលោក​ជក់បារី ប្រពន្ធ​កូន និង​ទារក​ក្នុងផ្ទៃ ក៏ជា​អ្នកជក់​បារី​ដែរ។ ស្ដ្រីមាន​ផ្ទៃពោះ ដែល​រងផល​ប៉ះពាល់​ពីផ្សែង​បារី អាចមាន​គ្រោះថ្នាក់ រលូត​កូន ទារកស្លាប់​ក្នុងផ្ទៃ ឬ​កើតមកមិ​នគ្រប់ខែ​ជាដើម។ ម្យ៉ាង​ទៀត ទារក​ដែល​ប្រសូត្រ​ពីឧទរម្ដាយ​ជក់បារី ឬ​ស្រូប​ផ្សែងបារី ច្រើនតែ​កើតមក​មានទម្ងន់​ស្រាលជ្រុល​(មិនគ្រប់​គីឡូ)។ ហើយ​ទារក​ដែលកើត​មិនគ្រប់​គីឡូ ច្រើនតែ​មានជម្ងឺ​ធ្ងន់ធ្ងរ ហើយ​អត្រាស្លាប់​មាន​កម្រិត ខ្ពស់ជាង​ទារក​ដែល​កើតមក​មានទម្ងន់​គ្រប់​គីឡូ។

ព្រោះថា ផ្សែងបារី​មាន​ជាតិពុល​ជាច្រើន​មុខ ដូចជា​ជាតិនីកូទីន កាបូន​ម៉ូណូ​អុកស៊ីដ ជាតិ​គួដ្រុង​ជាដើម។ ស្ដ្រីមាន​ផ្ទៃពោះ ស្រូប ជាតិពុល​ទាំងនេះ​ចូលទៅ​ចរន្ដឈាម បន្ទាប់មក​ឆ្លងកាត់​សុកម្ដាយ ហើយ​ចូល​ទៅក្នុង​សព៌ាង្គកាយ​ទារក​ដែល​នៅក្នុង​ផ្ទៃ។ ចំពោះ​កូនស្រី​អាយុ ២ឆ្នាំរបស់លោ​ក អាច​ទទួលរង​ផល​ប៉ះពាល់​ដល់ការ​ធំធាត់ ការ​លូតលាស់​សួត​របស់​ក្មេង ជម្ងឺ​បំពង់ខ្យល់​ធ្ងន់ធ្ងរ ជម្ងឺ​សួត ជម្ងឺ​ហឺត និង​ជម្ងឺ ត្រចៀក។ ពោល គឺ​កូនស្រី​របស់​លោក​ក្លាយ​ទៅជា​អ្នកជក់​បារី​តាំងពី​ក្មេង ដូច​ឪពុក​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative