របៀប​ចោះ​ត្រចៀក

ចោះ​ត្រចៀកគឺជា​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ចាស់​បុរាណ​យើង​តាំងពី​យូរយា​ណាស់មក​ហើយ។តាម​រឿង​ព្រេង​ការចោះ​ត្រចៀក​គឺដើម្បី​ឱ្យស្ដ្រី​មានការ​ចងចាំ។តាម​ការសង្កេត​ឃើញ​មានពួក​ជនជាតិ​ភាគតិច​មួយ​ចំនួន​ដែល​ចោះ​ពាក់​ក្រវិលដើម្បីជាការ​តម្លើង​មន្ដអាគមនិងជា​ទំនៀម​ទម្លាប់​របស់​ពួកគេ។សម័យ​បច្ចុប្បន្នមានបុរស​ស្ដ្រីមួយ​ចំនួន​បានធ្វើ​ការចោះ​ត្រចៀកនិងចោះផ្នែក​ផ្សេងៗ​ទៀត​នៃរាង​កាយ​តាមបែប​ពួក​បស្ចិម​ប្រទេសដូចជា​ការចោះ​ជុំវិញ​ត្រចៀកចោះ​ច្រមុះ​ចោះអណ្ដាត​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី សិទ្ធិ ច័ន្ទហេង អ្នក​ជំនាញ​នៅសាលា​បង្រៀន​ថែរក្សា​សម្ផស្ស ថបស្ដៃយ៍ ពីរបៀប​នៃការ​ចោះ​ត្រចៀក។

សិល្បៈ​ចោះ​ត្រចៀក

ការចោះ​ត្រចៀក គឺជារឿង​ដែល​មនុស្ស​ទូទៅ​បានដឹង​ស្ទើរ​គ្រប់ៗ​គ្នាមក​ហើយ។ តែការ​ចោះ​ត្រចៀក​នៅសម័យ​បច្ចុប្បន្ន មាន​លក្ខណៈ​ប្លែកពី​សម័យមុន។ ការចោះ​ត្រចៀក​ដែល​និយម​សព្វថ្ងៃ គឺជាការ​ចោះ​រចនា​ដើម្បី​បំពាក់​គ្រឿង​អលង្ការ​ជួយ​បន្ថែម សម្រស់។ បច្ចុប្បន្ន មនុស្ស​ចូលចិត្ដ​លេងម៉ូដ​បែប​ប្លែកៗ ដូចជា​ការចោះ​ពាក់​ក្រវិល​នៅជុំវិញ​ត្រចៀក​ជាដើម។ ដោយ​សារ​វប្បធម៌ បរទេស​ហូរចូល​មក​ច្រើន បណ្ដាល​ឱ្យយុវវ័យ​សម័យ​ឥឡូវ​យក​តម្រាប់​តាម មានទាំង​ការចោះ​ច្រមុះ ចោះ​អណ្ដាត ចោះទង​ផ្ចិត​ក៏មាន ។ ភាគច្រើន​គេសង្កេត​ឃើញ​អ្នក​ដែល​ចូលចិត្ដ​លេងម៉ូដ​មានពី​អាយុពី១២ ទៅ២៤ឆ្នាំ។ សម្រាប់យុវវ័យសម័យថ្មីការលេងម៉ូដមើល ទៅឃើញស្រស់ស្អាត និងពេញនិយម។ តែសម្រាប់ចាស់បុរាណវិញ មិន​អាច​ទទួល​យកបាន ដោយ​ចាត់ទុក​ជាការ​លេងម៉ូដ​ហួស​ហេតុ ខុសពី​ទំនៀម​ទម្លាប់ខ្មែរ​ដែល​ធ្លាប់តែ​មាន​លក្ខណៈ​រមទម្យ​ចរិតសុភាព​រាបសារ។

របៀប​ចោះ​ត្រចៀក

  • ចោះតាម​បែប​សម័យ​បុរាណ៖ ចាស់ៗ​ពីជំនាន់​មុនមាន​ទម្លាប់​ចោះតៗ​គ្នាមក​ដោយ​ប្រើប្រាស់​ម្ជុល។ មុននឹង​ធ្វើការ​ចោះ ត្រូវ​រកមើល​ចំណុច​កណ្ដាល​នៃទង​ត្រចៀក។ ចាស់​ពីមុន​មិននិយម​ចោះ​ភ្លាម​ពាក់​ក្រវិល​ភ្លាមនោះ​ទេ ចោះរួច​ត្រឹមតែ​ស៊ក​អំបោះ​ក្នុង ប្រហោង​ត្រចៀក​សិន។ ព្រោះថា​ពេល​ដែល​បំពាក់​ក្រវិល ឬដាក់​របស់​ដែលធ្ងន់​អាច​បណ្ដាល​ឱ្យត្រចៀក​ហើម និង​ដំបៅ។ ក្រោយពី ការចោះ ចាស់ៗ​ភាគច្រើន​ឱ្យលេបថ្នាំ​បន្ថយការ​ឈឺចាប់​និង​រម្ងាប់​មេរោគ​ដើម្បី​កុំឱ្យ​ដំបៅ​ក្លាយ។
  • ចោះ​តាមបែប​សម័យថ្មី៖ ចោះដោយ​ប្រើកាំភ្លើង​បាញ់ភ្ជាប់​ទៅនឹង​ទងត្រចៀក​តែម្ដង។ មុនដំបូង ការចោះ​ត្រចៀក​គួរ រកមើល​ចំណុច​ណាមួយ​ដែល​ត្រូវចោះ និងលាប​ថ្នាំស្ពឹក​នៅកន្លែង​ដែល​ចោះ។ ពេលលាប​ថ្នាំស្ពឹក​នៅលើទង​ត្រចៀក​រួច យកដៃ​ក្ដិចទង ត្រចៀក​លមើលថា​ឈឺឬអត់។ បន្ទាប់​មកយក​ក្រវិលដាក់​បញ្ចូល​ក្នុង​ប្រហោង​កាំភ្លើង ហើយ​បាញ់ភ្ជាប់​នឹងទង​ត្រចៀក។

គុណ​សម្បត្ដិ និង​គុណវិបត្ដិ​នៃការ​ចោះ​ត្រចៀក

របៀប​ចោះទាំង​បុរាណ និង​សម័យ​មាន​លក្ខណៈ​ខុសគ្នា។ សម័យ​បច្ចុប្បន្ន​មានលក្ខណៈ​រហ័ស​ដោយបាញ់​ក្រវិលភ្ជ្ជាប់​នឹងទង ត្រចៀក ហើយ​ធ្វើឱ្យ​ប្រហោងទង​ត្រចៀកធំ។ ជួនកាល​វាអាច​ធ្វើឱ្យ​ទងត្រចៀក​អ្នកខ្លះ​ដែលស្ដើង​ពេលពាក់​ក្រវិល​ដែលធ្ងន់​អាចយារ ឬដាច់។ ចំពោះ​ការចោះ​តាមបែប​បុរាណ​ដោយ​ប្រើម្ជុល ទោះបីយឺត តែមិន​ធ្វើឱ្យ​ទងត្រចៀក​រីក​ប្រហោងធំ​ដោយ​ងាយ​នោះទេ។

ការចោះ​ត្រចៀក​ប្រហោង​តែមួយ​អាចជួយ​លើក​សម្រស់​ផ្ទៃមុខ​មួយកម្រិត មើល​ឃើញ​មានភាព​ថ្លៃថ្នូរ​ទៀតផង។ ចំណែក​ឯការ​ចោះ​ដោយការ​លេងម៉ូដ​ហួសហេតុ​ពេកអាច​បណ្ដាល​ឱ្យបាត់បង់​សោភ័ណភាព ឬសណ្ដាប់​ធ្នាប់​ប្រពៃណីខ្មែរ​ទៅវិញ។

ការចោះ​ត្រចៀក​អាចមាន​ផលរំខាន​មួយចំនួន​បណ្ដាលឱ្យ​ហើម និងដំបៅ។ ជាពិសេស​លោកអ្នក​ដែល​និយម​ចោះ​ត្រចៀក លេង​ម៉ូដ​ច្រើន ធ្វើឱ្យ​ត្រចៀក​មាន​ប្រហោង​កាន់តែ​ធំទៅៗ ជួនកាល​អាចបណ្ដាល​ឱ្យក្លាយជា​មានដុះ​ផ្លែសាច់​នៅលើទង​ត្រចៀក ឬដំបៅ ។ បើ​លោកអ្នក​មិនបាន​ថែរក្សា​ឱ្យបានល្អ​នោះទេ ការចោះ​ត្រចៀក​អាចបង្កឱ្យ​មានបញ្ហា​ផ្សេងៗ​ដូចជា​រមាស់ រោគ​នៅ​លើទង ត្រចៀក​ជាដើម។

ដំបូន្មាន​អ្នកជំនាញ

លោកអ្នក​គួរមាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការចោះ​ត្រចៀក​លេងម៉ូដ​តាម​បែប​សម័យថ្មី មិនត្រូវ​ធ្វើអ្វី​តាមតែ​ចិត្ដនឹក​ឃើញ នោះទេ។ ទោះបី​ការចោះ​ត្រចៀក​មានភាព​ងាយ​ស្រួល​ក៏ដោយ គួរឱ្យ​អ្នកជំនាញ​ចោះទើប​ជាការ​ប្រសើរ បើ​លោកអ្នក​ចង់បាន​សម្រស់ ស្រស់​ស្អាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *