ការ​រួមភេទ​ដំបូង​ និងការ​មាន​ផ្ទៃពោះ

នាងខ្ញុំ​នៅលីវ​មិនទាន់​រៀបការ​ទេ។ ខ្ញុំសូម​សួរថា តើការ​រួមភេទ​ដំបូង​របស់​ស្ដ្រី អាច​បង្កការ​មាន​ផ្ទៃពោះ​ដែរ ឬ​ទេ?  កញ្ញា ស.ច.ធ អាយុ​១៩ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ ការ​រួមភេទ​ដំបូង​អាច​បណ្ដាល​ឱ្យមាន​ផ្ទៃពោះ គឺជា​ការពិត។ មាន​ស្ដ្រីច្រើន​មកហើយ​ដែលមាន​ផ្ទៃពោះ ដោយសារ​តែការ​រួមភេទ​លើកដំបូង ជាអាទិ​ករណី​ចាប់រំលោភ​១ដង​មាន​ផ្ទៃពោះ ករណី​ជ្រុលជ្រួស​ជាមួយ​សង្សារ​១ដង​មាន​ផ្ទៃពោះ​ជាដើម។ ដូច្នេះ​បើមាន​ការរួមភេទ​ដំបូងក្ដី ទីប៉ុន្មាន​ក្ដី ដែល​មិនចង់​បានកូន ត្រូវ​ប្រើស្រោម​អនាម័យ ឬរក​វិធីពន្យារ​កំណើត​ផ្សេងទៀត។ វេជ្ជបណ្ឌិត​យើង​សូម​រំលឹកថា ការរួម​ភេទ មិន​ត្រឹមតែ​បង្កការ​តាំងគភ៌​ដែល​មិនចង់បា​នប៉ុណ្ណោះ​ទេ ថែមទាំង​បង្កការ​ឆ្លងជម្ងឺ​កាមរោគ ដូចជា​មេរោគ​អេដស៍ វីរុស​រលាក​ថ្លើម ស្វាយប្រមេះ​ជាដើម។

បើ​ប្អូនស្រី​មានការ​រួមភេទ ដែលអាច​បង្កការ​មាន​ផ្ទៃពោះ សូម​រួសរាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​ឱសថការី ដើម្បី​សាកសួរ​រកថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់។ ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់ គឺជាវិធី​ទប់ស្កាត់​កំណើត​មួយ​ប្រភេទ។ វា​កាន់តែ​មាន​ប្រសិទ្ធិភាព បើ​ប្រើក្រោយ​ពេល​រួមភេទ​ហើយ​ភ្លាមៗ តែ​មិនត្រូវ​លើសពី​៧២ម៉ោង​(៣ថ្ងៃ)​ឡើយ។ សូម​បញ្ជាក់ថា ថ្នាំគ្រាប់​ការពារ​កំណើត​បន្ទាន់នេះ មិនមែន​ជាថ្នាំ​រំលូតកូន​ទេ ហើយ​ក៏មិន​អាច​ការពារ​ការឆ្លង​ជម្ងឺ​កាមរោគ មេរោគ​អេដស៍ និងជម្ងឺ​អេដស៍​បានដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative