ខ្លាចថ្នាំ​សន្លប់

សូមជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ! នាងខ្ញុំ​មានចម្ងល់មួយ​ចង់សួរលោក​វេជ្ជបណ្ឌិត។ នាងខ្ញុំ​ធ្លាប់ចាក់ថ្នាំ​សន្លប់២ដង​រួចមក ហើយលើកទី១​គឺវះកាត់ពេល​សម្រាលបុត្រ និង​លើកទី២​ពេលធ្វើការឆ្លុះ​ជម្ងឺដំបៅក្រពះ។ កាលពីសប្ដាហ៍មុន​ ពេលនាងខ្ញុំទៅ​មន្ទីរពេទ្យ គ្រូពេទ្យឱ្យខ្ញុំឆ្លុះ​ក្រពះម្ដងទៀត។ នាងខ្ញុំបដិសេធ ដោយសារភ័យ​ព្រួយពេក តើនាងខ្ញុំត្រូវធ្វើ​ដូចម្ដេចទៅ? លោកស្រី ត. ស. ដ អាយុ៤០ឆ្នាំ ស្វាយរៀង

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ លោកស្រីពិតជាភ័យខ្លាំងណាស់​មើលទៅ! តាមពិតការ​ដាក់សណ្ដំ​ឬថ្នាំសន្លប់ គឺជាសភាព​ ដេកលក់​សិប្បនិម្មិត ដែលកើតមានក្រោយពី​ដាក់ថ្នាំចូលទៅ​ក្នុងខ្លួន(តាមរយៈការចាក់​តាមសរសៃ ឬការហិតតាម​ផ្លូវដង្ហើម)។ ការ ប្រើថ្នាំសន្លប់​គឺធ្វើឡើងនៅពេល​មានការ​វះកាត់ធំ ឬដោយការ​ឈឺចាប់ខ្លាំង ក្នុងគោលបំណង​កុំឱ្យអ្នក​ជម្ងឺឈឺចាប់។ ការធ្វើតេស្ដ​ច្រើន តែអនុវត្ដ​ឡើងនៅមុនពេល​ធ្វើការ​វះកាត់ ដើម្បីផ្ទៀងផ្ទាត់​ប្រសិទ្ធភាព និងអវត្ដមាន​ប្រតិកម្ម​ទៅនឹងធាតុផ្សំ​នៃឱសថសណ្ដំ ឬថ្នាំសន្លប់។ តាមពិត​ការដាស់ថ្នាំសណ្ដំ​ឬសន្លប់​មិនមានផលប៉ះពាល់​ធំដុំនោះទេ លើកលែង​តែផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះក្រោយ​ពេលដឹងខ្លួន​មកវិញ ដូចជាអាការៈ​ក្អួតចង្អោរ ធ្ងន់ដៃធ្ងន់ជើង ឬស្ពឹកស្រពន់​មួយរយៈប៉ុណ្ណោះ រមាស់កបណ្ដាល​មកពីការស៊កបំពង់​ស្នាម ក្រហមឬឈឺចាប់នៅម្ដុំ​ត្រង់ស្នាមចាក់ ពិបាកប្រមូលអារម្មណ៍ ឬបាត់បង់ការចងចាំ​មួយរយៈជាដើម។ ទាំងនេះជា​ផលប៉ះពាល់​ស្រាលៗ​ មិននាំឱ្យ​បាត់បង់ជីវិត​នោះឡើយ។ ផ្ទុយទៅវិញ ឃើញមានផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់អាយុជីវិត​តិចតួចបំផុត ប្រមាណជា​១ភាគ១សែន ប៉ុណ្ណោះ ដែលអាចមាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​បណ្ដាលមកពីការ​ប្រើថ្នាំសន្លប់​ឬថ្នាំសណ្ដំ គឺជាករណី​ប្រតិកម្ម​ទៅនឹងសារធាតុ​សណ្ដំ គាំងបេះដូង​ ឬគាំងដង្ហើម កើតមាននៅពេល​ប្រើថ្នាំសណ្ដំ​ឬពេលដឹងខ្លួន​មកវិញ។ ត្រង់នេះ សូមបញ្ជាក់ថា​វាជាករណី​កម្របំផុត សឹងតែមិនដែល​ ជួបប្រទះផង ពីព្រោះរាល់ពេល​វះកាត់​មានអ្នកជំនាញ​ខាងថ្នាំសណ្ដំ​ត្រឹមត្រូវ​អង្គុយតាមដាន។ ហេតុនេះ សូមលោកស្រី​កុំមានការ បារម្ភអី ប៉ុន្ដែត្រូវទៅ​ព្យាបាល​នៅកន្លែង​ដែលមាន​ជំនាញច្បាស់លាស់ ទើបជាការប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative