បបូរមាត់​ស្ងួត និង​ប្រេះ​

ប៉ុន្មាន​ខែនេះ នាងខ្ញុំ​មាន​បបូរមាត់​ស្ងួត និង​ប្រេះ​ជាប្រចាំ។ ពេលខ្លះ​នាងខ្ញុំ​មាន​អារម្មណ៍ឈឺ​ផ្សា។ តើ​មកពី​មូលហេតុ​អ្វី? ហើយ​នាងខ្ញុំ ត្រូវធ្វើ​ដូចម្ដេច?
អ្នកនាង ម.ក.ព អាយុ​២៨ឆ្នាំ ខេត្ដ​សៀមរាប

វេជ្ជបណ្ឌិត​យើងៈ ដើម្បី​ឆ្លើយនឹង​សំណួរ​ប្អូនស្រី​បានសុក្រិត វេជ្ជបណ្ឌិត​យើងមាន​សំណួរ​ខ្លះចង់​សួរប្អូនស្រី តែមិន​អាច​ទាក់ទង​បាន។ ទោះជា​យ៉ាងណា​ក៏ដោយ យើងសូម​ធ្វើការ​ឆ្លើយតប​ដូចតទៅនេះ។ ប្រសិនបើ​ប្អូនស្រី​ពិសា​ទឹកបាន​ត្រឹមត្រូវ​ជាប្រចាំ ដោយបាន​ពី១​លីត្រកន្លះ​ទៅ២ លីត្រ​ក្នុងមួយ​ថ្ងៃ នោះ​ប្អូនស្រី​នៅតែ​មាន​អាការ​បបូរមាត់​ស្ងួត។ បែបនេះ​អាចបណ្ដាល​មកពី​បរិយាកាស​ខាងក្រៅ ថ្នាំពេទ្យ ជម្ងឺ​មួយចំនួន ឬ​សារធាតុ​ដែលធ្វើ​ឱ្យបបូរមាត់​ស្ងួត។ បរិយាកាស​ខាងក្រៅ មាន​ដូចជា​អាកាស​ធាតុក្ដៅ រដូវ​រងា ពន្លឺថ្ងៃ ខ្យល់បក់​(ខ្យល់ជំនោរ) ម៉ាស៊ីន​ត្រជាក់​ជាដើម។ រីឯការ​ប្រើប្រាស់​ថ្នាំពេទ្យ និងជម្ងឺ​មួយចំនួន អាច​ជាដើម​ហេតុ​នៃការ​ស្ងួត​បបូរមាត់​នេះបាន​ដែរ ដូចជា​ថ្នាំ​ព្យាបាល​រោគមុន ថ្នាំ​ព្យាបាល​ជម្ងឺ​ផ្ដាសាយ ជម្ងឺ​សើរស្បែក ប្រតិកម្ម​អាកាសធាតុ​ជាដើម។ ចំពោះ​សារធាតុ​ដែលធ្វើ​ឱ្យបបូរមាត់​ប្រេះនោះមាន​ច្រើន​ប្រភេទ​ណាស់ ដូចជា​ក្រែម​លាប​បបូរមាត់ សារធាតុបម្រុង​អាហារ ថ្នាំ​ដុសធ្មេញ​ដែលមាន​ផ្លុយ​អររីដ​ច្រើនជ្រុល ទឹកថ្នាំ​ខ្ពុលមាត់​ដែលមាន​ជាតិ​អាល់កុល​ច្រើនជ្រុល​ជាដើម។ ការប្រើ​មាត់ខាំ​ចំណី​អាហារ​ដែលមាន​ជាតិ​អាស៊ីដ ដូចជា​សម្បក​ក្រូច ខ្ទឹម ម្នាស់ ខ្ញី​ជាដើម អាច​បង្កការ​ស្ងួត​បបូរមាត់​បានដែរ។

ដើម្បី​បំបាត់​អាការៈ​ស្ងួត​បបូរមាត់ និង​ប្រេះមាត់​នេះ ប្អូនស្រី​សាកល្បង​ពិនិត្យ​មើល​ខ្លួនឯង មើលថា​តើប្អូនស្រី​រងផល​ប៉ះពាល់​មួយណា។ បន្ទាប់មក​សូមតែ​តម្រូវ​ប្រការ​ប៉ះពាល់។ ប្អូនស្រី​អាច​សាកល្បង​លាបក្រែម​ថែបំប៉ន​ស្បែក បរិវេណ​បបូរមាត់ ឬ​ប្រើក្រែម​ផ្ដល់ជាតិ​ខ្លាញ់ ឬ​សំណើម​លើស្បែក​ក៏បាន ដើម្បី​ឱ្យស្បែក​បបូរមាត់​ទន់ និងមាន​សំណើម។ ប្រសើរ​បំផុត សូម​ប្អូនស្រី​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​ដំបូន្មាន និង​ការព្យាបាល​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative