ផ្សែង​បារី​បំផ្លាញ​សុខភាព

តាមការ​ស្រាវ​ជ្រាវ​របស់​ក្រសួង​ផែនការ​នៅឆ្នាំ​២០០៤​បានឱ្យ​ដឹងថា​មានបុរស​ខ្មែរ​ប្រមាណ​៥៤% និងស្ដ្រី​ខ្មែរ៦% ជាអ្នក ជក់បារី។ តាមរយៈ​ការ​ស្រាវជ្រាវ​នេះយើង​ឃើញថា​អត្រា​នៃការ​ប្រើប្រាស់​បារី ឬថ្នាំ​ជក់មាន​កម្រិត​មួយគួរ​ឱ្យព្រួយ​បារម្ភ។ ទោះជា​យ៉ាងណា​ក្ដីផល​ប៉ះពាល់​របស់​ថ្នាំជក់់​ចំពោះ​សុខភាព​ទោះជា​បុរសក្ដី​ស្ដ្រីក្ដី​មាន​កម្រិត​ធ្ងន់ធ្ងរ​ដូចគ្នា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខ​០១៦ ខែឧសភា ២០០៧ នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង លោកអ្នក​បានជ្រាប​ហើយនូវ​អត្ថបទ​បុរស ពិសា​បារី​នៅលេខ​នេះទស្ស​នាវដ្ដីសុខភាពយើងសូម​លើក​យក​ប្រធាន​បទស្ដី​អំពី​គ្រោះថ្នាក់​នៃថ្នាំ​ជក់ទៅ​លើសុខ​ភាពស្ដ្រី​ជូន​ប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែងយល់​បន្ថែម។ លោកស្រី​វេជ្ជ​បណ្ឌិត រ៉ាយ រ៉ានី អនុ​ប្រធាន​ផ្នែក​ថ្នាំជក់ និង​សុខភាព​នៅមជ្ឈ​មណ្ឌល​ជាតិលើក​កម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បានចូល​ខ្លួនមក​បក​ស្រាយ​លើ​ប្រធាន​បទនេះ។

មូល​ហេតុស្ដ្រី​ជក់បារី

មាន​ហេតុផល​ជាច្រើន​ដែល​បណ្ដាលឱ្យ​មនុស្ស​ជក់បារី ឬប្រើ​ប្រាស់​ថ្នាំជក់់។ ពេលនេះ​យើង​សូមលើក​មក​ជម្រាប​ជូន​បន្ថែម​អំពី​មូល​ហេតុ​ជក់បារី​របស់ស្ដ្រី ស្ដ្រីដែល​មាន​ទម្លាប់​ទទួល​ទាន​ម្លូស្លា តែងតែ​ចុកថ្នាំ​ជក់​ដើម្បី​សម្អាត​ធ្មេញ និងបំបាត់​ក្លិនមាត់។

នៅតាម​ជនបទ​ស្រុក​ស្រែចម្ការ គេច្រើន​សង្កេត​ឃើញស្ដ្រី​ខ្លះជក់​បារី​ដោយយក​តម្រាប់​តាម​ស្វាមី។ នៅពេល​ដែលស្វាមី ប្រើឱ្យ​អុជបារី​ក្លិនផ្សែង​បារី​ធ្វើឱ្យ​ញៀនចង់​ជក់បារី​ដែរ។ ការមាន​ផ្ទៃពោះ​ធ្វើឱ្យ​ស្ដ្រីខ្លះ​ចង់ជក់​បារី ជាហេតុ​ធ្វើឱ្យ​ញៀនបារី​បានដែរ។  មានហេតុ​ផលខ្លះ​ទៀត  ស្ដ្រីជក់​បារី​ដូចជា​ហេតុផល​ដេញមូស សត្វល្អិត ឬ​ដើម្បី​ទប់ស្កាត់​ភាព​ត្រជាក់​(រងា​ជាដើម)។

ស្ដ្រីមួយ​ចំនួន​ទៀត​បាន​ប្រើប្រាស់​ថ្នាំជក់ ព្រោះ​យល់ថា​ថ្នាំជក់​អាច​សម្អាត​ធ្មេញ និង​បំបាត់​ការ​អផ្សុក​បាន។

ផល​វិបាក​ចំពោះ​ស្ដ្រីដែលជក់បារី

ស្ដ្រី​ដែល​ស្រូប​ផ្សែង​បារីពី​គេទោះ​ដោយ​អចេត​នាក្ដី​ក៏ទទួល​រងគ្រោះ​ថ្នាក់ដូច​គ្នានឹង​ស្ដ្រីដែល​ជក់ផ្ទាល់​ដែរ។ ស្ដ្រី​ទាំងនោះ​ភាគច្រើន​ជា​សមាជិក​គ្រួសារ ឬជា​មិត្ដ​ភក្ដិ​របស់​អ្នក​ដែលជក់​បារីនោះ​តែម្ដង។ កម្រិត​គ្រោះ​ថ្នាក់នៃ​ថ្នាំជក់ ឬបារី​ទៅលើ​សុខភាព​ស្ដ្រី គឺ​មាន​កម្រិត​ធ្ងន់ធ្ងរ​ដូចបុរស​ដែរ។ ផល​វិបាក​ទាំងនោះ​មានច្រើន ដូចជា​មានសុក​ញំង​មាត់​ស្បូនធ្វើ​ឱ្យស្ដ្រី​មិនអាច​មានកូន​បានជា​ដើម។ ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​ដែលជក់​បារីវិញ​ធ្វើឱ្យ​សម្រាល​កូនមិន​គ្រប់ខែ ទារក​មានការ​លូតលាស់​យឺត កើតមក​មិនគ្រប់​គីឡូ អន់ថយ​ភាព វ័យឆ្លាត ទារក​កើតមក​ស្លាប់​លើសពី​នេះធ្វើ​ឱ្យស្ដ្រី​ឆាប់អស់​រដូវទៀត​ផង។

ក្រៅពី​ផល​វិបាក​ខាងលើ តាមការ​សិក្សា​នៅក្នុង​ផ្សែង​បារី​មាន​សារធាតុ​គីមី​ជាង៤០​០០ប្រ​ភេទ។ ភាគ​ច្រើននៃ​សារធាតុ​គីមី​ទាំងនោះ​គឺជា​ជាតិពុល និងជា​ជាតិដែល​បណ្ដ្កាល​ឱ្យមាន​ការ​រលាក​ដល់កោ​សិកា។ ក្នុងនោះ​មានជាតិ​គីមី​ប្រហែល​៦០​ប្រភេទ បណ្ដាល ឱ្យកើត​ជម្ងឺម​ហារីក។ ខាង​ក្រោមនេះ​ជាសារ​ធាតុគីមី​មួយចំនួន​ដែលមាន​នៅក្នុង​បារី ៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ជាតិនីកូទីន៖ ជាសារ​ធាតុ​បណ្ដាល​ឱ្យញៀន។ ជាជាតិ​ពុល​បណ្ដាល​ឱ្យមាន​រំញោច​ប្រព័ន្ធ​ប្រសាទ បង្កើន​សម្ពាធ​ឈាម​បង្រួម​សរសៃ​ឈាមតូច​ៗដែល​នៅក្រោម​ស្បែកជា​ហេតុធ្វើ​ឱ្យស្បែក​ឆាប់ជ្រីវ​ជ្រួញ។

2. ជាតិជរ័ថា ឬជាតិជរ័កៅស៊ូថ្នល់៖ ជាសារ​ធាតុស្អិត​ខ្មៅ ដែលជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យកើត​ជម្ងឺម​ហារីក​ព្រមទាំង​ធ្វើឱ្យ​ក្រចក​ដៃ ធ្មេញ និងជា​លិកាសួត​ឡើងពណ៌​លឿង។

3. កាបូនម៉ូណូអុកស៊ីត៖ ជាឧស្ម័ន​ពុល ធ្វើឱ្យ​បរិមាណ​អុកស៊ីសែន​ក្នុងសព៌ា​ង្គកាយ​ថយចុះ។

4. អ៊ីដ្រូសែនតានីត ជា​ឧស្ម័ន​ពុលអាច​ចូលទៅ​បំផ្លាញ​រោមតូ​ចៗ ដែលមាន​នៅក្នុង​ប្រព័ន្ធ​ដង្ហើម។

5.អង្គធាតុសមាសវិទ្យុសកម្ម៖ បង្ក​ជម្ងឺ​មហារីក។

6. លោហៈធាតុ ៖ នីកែល អាសេ​នីក ជាជាតិ​ពុល​សម្លាប់​ស្រមោច កាត​ម្ញូម ប្រើក្នុង​អាគុយ​យានយន្ដ។

7. ដេដេតេ៖ ថ្នាំ​សម្លាប់​សត្វល្អិត។

8. ប៊ុយតាន៖ ជាតិគីមី​ប្រីសម្រាប់់​ចង្ក្រាន​ឧស្ម័ន។

9. អាម៉ូញាក់៖ ជាជាតិ​គីមី​ប្រើ​សម្រាប់​លាង​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះ។

10. តូលុយអែន៖ ជាធាតុ​រំលាយ​គីមី​សម្រាប់​ឧស្សា​ហកម្ម។

11. អាសេតូន៖ ជាទឹក​ថ្នាំប្រើ​សម្រាប់​លាង​ក្រចក។

12. ណាប់តាលីន ៖ ជាថ្នាំ​សម្រាប់​សម្លាប់​សត្វ​កន្លាត។

វិធី​ដោះស្រាយ​ចំណង់​ចង់ជក់​បារី

ដើម្បី​បំបាត់​ចំណង់​ជក់បារី ជា​ពិសេស​នៅរយៈ​ពេល៤៨​ម៉ោង​ដំបូង ត្រូវ​ព្យាយាម​តាមម​ធ្យោបាយ​ទាំង៥​យ៉ាង។

1. ប្រកាស៖ ចូរ​លោកអ្នក​ប្រកាស​ប្រាប់ទៅ​គ្រួសារ ឬមិត្ដ​ភក្ដិ​អំពីការ​ផ្ដាច់​បារី​របស់​លោកអ្នក ដើម្បី​ឱ្យជួយ​គាំទ្រ និង​លើកទឹក​ចិត្ដដល់​ការផ្ដាច់​បារី​របស់​លោកអ្នក។

2. ពន្យារពេល៖ នៅពេល​នឹកចង់​ជក់បារី​មិនត្រូវ​បើក​កញ្ចប់​បារី ឬដុត​បារីជក់​ភ្លាមទេ។ បន្ទាប់​ពីពន្យារ​ពេលចង់​ជក់បាន​៥នាទី​មកការ​ចង់ជក់​នឹងថយ​ចុះ។ ហើយ​លោកអ្នក​អាចតាំង​ចិត្ដ​ដើម្បី​លះបង់​បារី​បាន​ដោយត្រូវ​ធ្វើតាម​របៀបនេះ​ជាបន្ដ​បន្ទាប់​ទៀត។

3. ដកដង្ហើមវែងៗ៖ ចូរដក​ដង្ហើម​វែងៗម្ដង​ហើយម្ដង​ទៀតឱ្យ​បានច្រើន​ដង។

4. ក្រេបទឹកតិចៗ៖ បៀមទឹក​ទុកក្នុង​មាត់ឱ្យ​យូរបន្ដិច​ដើម្បីឱ្យ​ដឹង​រសជាតិ។

5. ធ្វើអ្វីផ្សេងៗ៖ ដើម្បីឱ្យ​ឈប់គិត​ពីការ​ជក់បារី លោកអ្នក​អាចធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ស្ដាប់​ចម្រៀង ដើរ​កម្សាន្ដ​ទូរសព្ទ័​ទៅលេង​មិត្ដភក្ដិ ឬអាន​សៀវភៅ អានកា​សែត​ជាដើម។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា       

តាមរយៈ​ផលវិបាក​ទាំងនេះ ស្ដ្រីនិង​បុរស​ទាំង​ឡាយមិន​គួរជក់​បារីទេ។ តោងដឹង​ថាបារី​មិនត្រឹម​តែប៉ះ​ពាល់ដល់​សុខភាព​ខ្លួន​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ដល់អ្នក​នៅជុំវិញ​មានដូច​ជាកូនៗ​ជាដើម។ ជា​ពិសេស​ស្ដ្រីត្រូវ​ចេះជួយ​អប់រំ​លើកទឹក​ចិត្ដស្វាមី​ឱ្យ ផ្ដាច់បារី​ឱ្យបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative