របៀប​លាប​បបូរមាត់

បបូរមាត់​ស្រស់ស្អាត​ដ៏មាន​មន្ដស្នេហ៍​ជាចំណុច​ចាប់អារម្មណ៍​ខ្លាំង​របស់​មនុស្ស​ទូទៅ។ បបូរមាត់​ស្អាត​បាន​អាស្រ័យ​លើទំហំ នៃ​បបូរមាត់ និងការ​រៀបចំ​តុបតែង​បន្ថែម​ទៀត។ ភាព​ស្រស់ស្អាត​នៃ​បបូរមាត់​ពីធម្មជាតិ​ងាយស្រួល​ក្នុងការ​តុបតែង​បំផុត។ ដោយសារ​មានការ​រីកចម្រើន​ខាង​កែសម្ផស្ស ចំពោះ​លោកអ្នក​ដែល​មិនសូវ​មាន​បបូរមាត់​ស្អាត ក៏អាច​កែលម្អ​ឱ្យស្អាត​បានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី ច័ន្ទ ស្រីណុច ម្ចាស់​ហាងកែ​សម្ផស្ស មី កា សា ចូលរួម​មក​បកស្រាយ​អំពីរបៀប​គូស​បបូរមាត់ ដោយ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

វិធី​លាប​បបូរ​មាត់

ការលាប​បបូរមាត់​ជាការ​តុបតែង​ធម្មតា។ ប៉ុន្ដែ​មិនមែន​មាន​ន័យថា​លាប​ឱ្យតែ​បាននោះ​ឡើយ តែ​អាស្រ័យ​លើការ​ផ្ចិតផ្ចង់ យកចិត្ដ​ទុកដាក់​ត្រឹមត្រូវ ទើបឃើញ​ភាព​ស្រស់ស្អាត​នៃ​បបូរមាត់។ ជាជំហ៊ាន​ដំបូង​ត្រូវ​ជ្រើសរើស​ក្រែម​ឱ្យសម​ជាមួយ​នឹង​ពណ៌​សម្លៀក​បំពាក់​ដែល​លោកអ្នក​ស្លៀកពាក់ ហើយ​សូម​យកពណ៌​ក្រែម​នោះមក​លាប​ពីលើ​បបូរមាត់​ឱ្យបាន​សក្ដិសម​តាម​ទំហំ​បបូរមាត់។ បន្ទាប់មក​សូមយក​ក្រែម​រលោង​មកលាប​ពីលើ ដើម្បី​បន្ថែម​នូវភាព​ស្រស់ស្អាត​មួយ​កម្រិត​ទៀត។

មិត្ដនារី​មួយចំនួន​មាន​បបូរមាត់​ស្អាត​ទាំងលើ និង​ខាងក្រោម ហើយ​ថែមទាំង​មានពណ៌​បបូរមាត់​ក្រហម​ព្រឿងៗ​ពីធម្មជាតិ បបូរមាត់​បែបនេះ​ងាយស្រួល​ក្នុងការ​តុបតែង និង​ងាយ​ជ្រើសរើស​ពណ៌ក្រែម​សម្រាប់​តុបតែង។ ប៉ុន្ដែ​មាន​មិត្ដនារី​មួយចំនួន​មាន​បបូរមាត់​មិនសូវ​ស្រស់ស្អាត ដូចជា​បបូរមាត់​ធំ បបូរមាត់​តូច ឬក៏​សម្បុរ​បបូរមាត់​ខ្មៅ។

1 . បបូរមាត់​ធំ ៖ មិត្ដនារី​ខ្លះមាន​បបូរមាត់​លើ​រាងតូច​ហើយ​ខាងក្រោម​រាងធំ​បន្ដិច។ ចំពោះ​បបូរមាត់​បែបនេះ មិត្ដនារី​គួរតែ​លាប​បបូរមាត់​ខាងលើ​ធម្មតា ហើយ​ខាងក្រោម​ត្រូវលាប​ចូលក្នុង​ឱ្យ​ផុតពី​គែមនៃ​បបូរមាត់​បន្ដិច។ ការ​លាប​បែបនេះ​ជួយឱ្យ​មាន​លក្ខណៈ​សមរម្យ​ទាំង​បបូរមាត់ខាងលើ និង​បបូរមាត់​ខាងក្រោម។ ម្យ៉ាងទៀត​លោក​ស្រីអ្នក​នាងកញ្ញា​ដែលមាន​បបូរមាត់​រាង​ធំទាំងពីរ គួរតែ​លាប​ចូលក្នុង​ឱ្យ​ផុតពី​គែមនៃ​បបូរមាត់​ទាំង​ខាងលើ ទាំងខាង​ក្រោម។

2 . បបូរមាត់​តូច ៖ មិត្ដនារី​មាន​បបូរ​មាត់តូច​ស្អាត មិន​ពិបាក​ក្នុងការ​លាបឡើយ។ ប៉ុន្ដែ​លោកស្រី​អ្នកនាង​កញ្ញា​គួរតែ​លាប​ឱ្យស្មើ​គែមលើ និង​គែមក្រោម​ទើបឃើញ​រាងធំ​បន្ដិច។

3. បបូរមាត់​ខ្មៅ ៖ អ្នក​ដែលមាន​បបូរមាត់​ខ្មៅត្រូវ​ជ្រើសរើស​ក្រែម​ពណ៌​ផ្កាឈូក​ទើបល្អ​ប្រសើរ ឬ​ក្រែម​ប្រភេទណា​ពណ៌​រាងច្បាស់ ហើយ​ជាប់បាន​ល្អ។ ដើម្បី​ចៀសវាង​នូវការ​ប៉ះទង្គិច​នៃស្បែក​បបូរមាត់ មិត្ដនារី​គួរតែ​ជ្រើសរើស​ក្រែម​ដែលមាន​គុណភាព ព្រមទាំង​តម្លៃ​សមរម្យ។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូម​មិត្ដនារី​យកចិត្ដ​ទុកដាក់​ក្នុងការ​លាប​បបូរមាត់​បន្ដិច​ទើបល្អ ព្រោះ​មិនអាច​ចេះតែលាប​បានឡើយ។ សម្រាប់ការ​រស់នៅ​ប្រចាំ​ថ្ងៃ មិនគួរ​គូស​បបូរមាត់​ទេ។ ការ​លាប​បបូរមាត់​គួរ​លាប​ជារៀង​រាល់ថ្ងៃ​ដោយ​រើសយក​ក្រែម​ប្រភេទ​ណាដែល​ត្រូវ​ជាមួយស្បែក​បបូរ​មាត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative