វិធី​តធ្មេញ​ទន្សាយ និង​ផល​ប៉ះពាល់

ស្នាម​ញញឹម​ដ៏ស្រស់​ស្អាត គឺ​អាស្រ័យ​លើធ្មេញ​របស់​លោកអ្នក​ក្នុងការ​បញ្ចេញ​ឱ្យអ្នកដទៃ​បាន​ឃើញ។ ធ្មេញ​ទន្សាយ​គឺជាធ្មេញ​មួយ​ប្រភេទ​ដែល​យុវវ័យ​កំពុង​ពេញ​និយម​នាពេល​បច្ចុប្បន្ន។ ប៉ុន្ដែ​មិនមែន​មាន​ន័យថា យុវវ័យ​ណាក៏​សុទ្ធតែ​តធ្មេញ​ទន្សាយ​បាន​ស្រស់ស្អាត​នោះទេ គឺ​វាអាស្រ័យ​លើបច្ចេកទេស​ទំនើប​របស់​គ្រូពេទ្យ​ជំនាញ​ខាងធ្មេញ។ តើមាន​វិធីសាស្ដ្រ​បែបណា​ក្នុងការ​តធ្មេញទន្សាយ​ឱ្យមាន​ភាព​ស្រស់ស្អាត?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីវិធី​តធ្មេញ​ទន្សាយ ទស្សនាវដ្ដី សុខភាព​យើង សូម​ធ្វើការ​បកស្រាយ​អំពី​បញ្ហា​ទាំងនេះ​តាមរយៈ​បទសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ហោ អូន ប្រធាន​ពេទ្យធ្មេញ​ចតុមុខ​សម្រាប់​ឱ្យមិត្ដ​អ្នកអាន​ស្វែងយល់​ពីគុណ​ប្រយោជន៍ និង​ផល​ប៉ះពាល់។

តធ្មេញ​ទន្សាយ​ជួយលើក​សម្រស់

ការ​តធ្មេញ​ទន្សាយ​មិនមែន​ចេះតែ​តនោះទេ វាអាស្រ័យ​លើទម្រង់​មុខ។ ទម្រង់​មុខខ្លី និង​ទម្រង់មុខ​ធំពេក​នៅពេល​តធ្មេញ​ទៅក៏​មិន​សក្ដិសម​ដូច​ទម្រង់មុខ​ទ្រវែង​ឡើយ។ ម្យ៉ាងទៀត​យុវវ័យ​មួយចំនួន​តធ្មេញ​មិន​ដើម្បី​ភាពស្រស់​ស្អាត​នោះទេ ប៉ុន្ដែ​អាច​បណ្ដាល​មកពី​ធ្មេញ​កំណើត​ខ្លី ទើប​ទៅត​ឱ្យរាង​វែង ជួនកាល​តធ្មេញ​ដើម្បី​បិត​ប្រហោង​ចន្លោះ​កណ្ដាល​ធ្មេញ​ឱ្យជិត។ ការ​តធ្មេញ ទន្សាយ​សក្ដិសម​សម្រាប់​យុវវ័យ ដែល​ភាគច្រើន​ជានារី​មាន​រហូត​ដល់ទៅ​៨០ភាគរយ។

វិធី​តធ្មេញ​ទន្សាយ

ការ​តធ្មេញ​ទន្សាយ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា១ម៉ោង​៣០នាទី​ទៅ២​ម៉ោង។ ដោយ​ជាដំបូង​ចាំបាច់​ត្រូវ​ពិនិត្យ​លើ​ទម្រង់មុខ តើពេល​តហើយ​ស្អាត ឬ​អត់។ ម្យ៉ាងទៀត​ត្រូវ​ពិនិត្យលើ​ស្ថានភាព​សុខភាព​ធ្មេញ​រឹងមាំ​ដល់​កម្រិត​ណា ដើម្បី​ងាយស្រួល​នៅពេល​រ៉។ បើធ្មេញ​រឹងមាំ រ៉រាង​ខ្លាំង​បន្ដិច តែបើ​ធ្មេញ​រាងពុក ត្រូវរ៉​ក្នុង​លក្ខណៈ​ធម្មតា។ ប្រសិន​បើធ្មេញ​កំណើត​ធំ ត្រូវ​ចំណាយ​ពេលរ៉​ឱ្យរាងតូច​បន្ដិច ព្រោះ​ធ្មេញ​ធំពេក​ពិបាក​ត បើត​ហើយ​មិនសូវ​ស្អាត​ដូចធ្មេញ​តូចទេ។ បន្ទាប់ពី​ពិនិត្យ​សុខភាព​ធ្មេញ និង​ឈូសឆាប​រួចរាល់​ហើយ ទើបឈាន​ចូលដល់​វិធីភ្ជាប់​ធ្មេញ​ទន្សាយ​ជាមួយ​ធ្មេញ​កំណើត​ដោយ​ប្រើបច្ចេកទេស​របស់​ពេទ្យធ្មេញ។ ធ្មេញ​ទន្សាយ​ពេលត​ចប់សព្វគ្រប់ ធ្មេញ​នោះមាន​លក្ខណៈ​ដូចជា​ធ្មេញ​កំណើត​ដែរ​មិនមាន​ឃើញ​ស្នាមអ្វីឡើយ ថែមទាំង​អាចជួយ​ទៅភ្ជិត​រន្ធធ្មេញ​ដែលមាន​ចន្លោះទៀត​ផង។ ធ្មេញ​ទន្សាយ​ដែល​តភ្ជាប់​ជាមួយ​ធ្មេញកំ​ណើត​មាន​ប្រវែង​ប្រហែល​ជា២មីលីម៉ែត្រ​ទៅ៣មីលីម៉ែត្រ ផលិត​ចេញពី​សារធាតុ​ម្យ៉ាង​ដែល​ជាពណ៌​ប្រហាក់​ប្រហែល​ទៅនឹង​ធ្មេញ​កំណើត។

ផល​ប៉ះពាល់​នៃការ​តធ្មេញ​ទន្សាយ

ពេលរ៉​ចៀស​មិនផុត​ទេនូវការ​ប៉ះទង្គិច​រវាង​សាច់​អញ្ចាញ​ជាមួយ​នឹង​ឧបករណ៍​ធ្វើធ្មេញ។ ក្នុង​ករណី​តធ្មេញ​ទន្សាយ​មិនតាម​ក្បួនខ្នាត​ត្រឹមត្រូវ ឬ​ពេទ្យធ្មេញ​ដែលគ្មាន​ជំនាញ ធ្វើឱ្យធ្មេញ​ដែល​តឆាប់​ស្រៀវ​នៅពេល​ប៉ះ​ទឹកក្ដៅ​ទឹក​ត្រជាក់ ឬ​ប៉ះកម្ទេច​ចំណី​អាហារ។ ម្យ៉ាងទៀត​នៅពេល​ដែល​ដកធ្មេញ​ទន្សាយ​ចេញឃើញ​ធ្មេញ​កំណើត​ខ្លីហើយ​តូច និង​មិនសម​ជាមួយ​ធ្មេញ​ដទៃទៀត​ទេ។ នៅពេល​ទទួលទាន​អាហារ​មិនអាច​ទំពា​ធ្មេញមុខ​បានទេ ព្រោះអាច​ធ្វើឱ្យធ្មេញ​បែក និង​ធ្វើឱ្យ​ឈឺ​ទៀតផង។ ករណី​មួយចំនួន​បន្ទាប់ពីត​បាន១ ឬ​២សប្ដាហ៍ អាច​ធ្វើឱ្យអញ្ចាញ​ហើម ហើយ​ឡើង​ក្រហម​ទៀតផង។ ករណីនេះ​បើមិន​ទៅជួប​អ្នក​ជំនាញ​ទាន់​ពេលទេ ប្រាកដជា​កើតជា​ខ្ទុះ ឬក៏​ដំបៅ​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ថែរក្សា​ធ្មេញ​ទន្សាយ

សូម​លោកអ្នក​សម្អាត​ធ្មេញ​ជាប្រចាំ​ក្នុងមួយថ្ងៃ​២ទៅ​៣ដង ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​អាហារ និង​ក្រោកពី​ដំណេក ដើម្បី​ចៀសវាង​ធ្មេញខ្មៅ និង​ធ្មេញ​លឿង។ សូម​ជ្រើសរើស​ថ្នាំ​ដុសធ្មេញ ទឹក​ខ្ពុរមាត់​ដែលមាន​គុណភាព​ល្អមក​ប្រើប្រាស់។ ចំពោះ​ការ​ទំពា​អាហារ គួរ​ទំពា​ថ្នមៗ ប្រសិន​បើចង់​ទំពាធ្មេញ​មុខ សូម​កុំខាំ​ចំណី​អាហារ​រឹងៗ​ចំធ្មេញ​ដែលត។ គប្បី​ឧស្សាហ៍​ទៅពិនិត្យ​សុខភាព​ធ្មេញ និងជួប​អ្នក​ជំនាញ ប្រសិន​បើមាន​បញ្ហា​អ្វីកើត​ឡើង​ចំពោះ​ធ្មេញ ឬ​អញ្ចាញ ចៀសវាង​ការ​ប្រើថ្នាំ​មិន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែលមាន​សម្រស់​ស្អាត​ស្រាប់ហើយ​នោះ មិនគួរ​ទៅតធ្មេញ​បន្ថែមទៀត​ឡើយ ព្រោះ​ធ្មេញនេះ​មិនអាច​តបាន​ជារៀង​រហូតទេ នៅពេល​ដែលដល់​កំណត់ ដាច់ខាត​ត្រូវទៅ​ផ្លាស់ប្ដូរ​ចេញ។ លោកអ្នក​ត្រូវ​ថែរក្សា​ធ្មេញស្អាត​បែប​ធម្មជាតិ​វិញល្អ​ជាង។ សូម​ស្វែងយល់​ថាការត​ធ្មញទន្សាយ​មិនមាន​អ្វីពិសេស​ជាងធ្មេញ​កំណើត​យើងឡើយ។ ម្យ៉ាងទៀត​សូម​លោកអ្នក​តោងដឹង​ថា​នៅពេល​ដកចេញ​នោះ​មិនស្អាត​ដូចធ្មេញ​កំណើត​ទេ ដូចជា​ធ្វើឱ្យ​មានស្នាម​ប្រហោង ធ្មេញ​ខ្លី ឬ​តូច​ជាងមុន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative