អាការចំណង់ភេទ​យុវវ័យ

ជម្រាបសួរលោកគ្រូ លី ចេងហ៊ុយ ខ្ញុំឧស្សាហ៍ឃើញ​លោកគ្រូ​នៅតាម​កញ្ចក់ទូរទស្សន៍ និងនៅលើទំព័រ​ទស្សនាវដ្ដី សុខភាពយើង។ លោកគ្រូពេទ្យ​ពិតជាគ្រូពេទ្យខ្មែរ​ដ៏គួរឱ្យ​កោតសរសើរ និងគោរព​នៃប្រជាពលរដ្ឋខ្មែរ។ ឆ្នាំនេះខ្ញុំ​មានអាយុ១៧ឆ្នាំ។ ខ្ញុំចង់សួរថា​តើអាចដឹងថាក្មេងប្រុស ឬក្មេងស្រី​មានចំណង់ផ្លូវភេទ​ដោយសារអ្វីទៅ សូមអរគុណលោកគ្រូ។ លោក ម. ម. រ អាយុ១៧ឆ្នាំ កំពង់ចាម

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ខ្ញុំសប្បាយរីករាយណាស់​នៅពេលដែលឃើញ​យុវវ័យខ្មែរ​មួយរូបដូចជាប្អូនប្រុស​យកចិត្ដ ទុកដាក់​នឹងសុខភាព ព្រមហ៊ានសួរ​អំពីរឿងផ្ទាល់ខ្លួន និងរឿងផ្លូវភេទ​មកកាន់ខ្ញុំបាទ។ ពេលដែលមនុស្ស​មានអារម្មណ៍ផ្លូវភេទ​ អាការៈដែលអាចកត់សម្គាល់បាន​គឺស្ដែងចេញជាទឹកមុខ ការសម្លឹង និងអាកប្បកិរិយា​មួយខុសពីធម្មតា។ តាមលក្ខណៈជិវសាស្ដ្រ​ ប្រសិនបើក្មេងប្រុស ឬក្មេងស្រីម្នាក់មានតម្រេក ឬចំណង់ផ្លូវភេទខ្លាំង ដង្ហើម និងបេះដូងរបស់គេ​ដើរញាប់ជាងធម្មតា មុខឡើងក្រហម​ បែកញើស និងក្បាលដោះទាំងពីរ​ឡើងរឹង។ រីឯនៅលើប្រដាប់ភេទ​ក៏មានការប្រែប្រួល​ខុសប្រក្រតីដែរគឺ ៖

– ចំពោះក្មេងស្រី ៖ នៅលើមាត់ទ្វារមាស គ្លីតូរីសឡើងរឹង​(ជាទម្រង់ឡើងរឹងនៃលិង្គ) បបេរទ្វារមាសប៉ោង ទ្វារមាសរីកធំ​ ជាតិសំណើមកើតមាន​នៅក្នុងទ្វារមាស​(ទឹករំអិលភេទ) ទាំងនេះជាការ​សម្រួល​​​​​ដល់ការ​ស៊កបញ្ចូលលិង្គ​ទៅក្នុង​ទ្វារមាស។

– ចំពោះក្មេងប្រុស នៅលើប្រដាប់ភេទ លិង្គរបស់គាត់​ងើបឡើងរឹង និងវែងជាង​ពេលស្រក ក្បាលលិង្គ​ក្រឡិត និងឡើង ក្រហម។ ស្របពេលនោះ ទឹកកាមអាចចេញ​មកបន្សើមតិចៗ​នៅក្បាលលិង្គ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative