អត្រា​ប្រើប្រាស់​គ្រឿងញៀន​នៅកម្ពុជា

បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​គ្រឿងញៀន​មានការ​កើនឡើង​ជារៀង​រាល់ថ្ងៃ​នៅកម្ពុជា។ គ្រឿងញៀន​ត្រូវបាន​ប្រើជាច្រើន រូបភាព ដូចជា​ការលេប ចាក់ ជក់ ហិត​ជាដើម។ បន្ដិចម្ដងៗ​គ្រឿងញៀន​បានធ្វើ​ឱ្យ​រាងកាយ​អ្នក​ប្រើទ្រុឌទ្រោម ធ្វើអ្វី​មិនកើត មិនអាច​ម្ចាស់ការ​លើខ្លួនឯង​បាន។ អ្នក​ប្រើប្រាស់​ភាគច្រើន​មិនបាន​យល់ដឹង​អំពី​ផល​ប៉ះពាល់​ផ្សេងៗ​នៃការ​ប្រើប្រាស់​ឡើយ ហេតុ​នេះហើយ​ទើបធ្វើ​ឱ្យមាន​ការ​កើនឡើង​នៃចំនួន​អ្នក​ប្រើប្រាស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

តាមរយៈ​ការចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី សុខភាព​យើង លេខមុនៗ លោកអ្នក​បាន​ទទួល​ជ្រាប​រួចមក​ហើយ​អំពី​បញ្ហា​មួយ ចំនួន​របស់​គ្រឿងញៀន។ នៅពេល​នេះ លោកអ្នក​នឹងបាន​ទទួល​ជ្រាប​ជាបន្ដទៀត​អំពី​អត្រា​ដែល​គួរឱ្យ​កត់សម្គាល់​នៅកម្ពុជា​ស្ដីពីកំណើន​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន តាមរយៈ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធាន​មន្ទីរ​ពិសោធន៍​គ្រឿងញៀន នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ។

វត្ដមាន​គ្រឿងញៀន​នៅកម្ពុជា

កម្ពុជា​បានស្វាគមន៍​គ្រឿងញៀន​ជាលើក​ដំបូង​នៅឆ្នាំ​១៩៩០ ដោយមាន​រូបភាព​ជា​មេតំហ្វេតាមីន ឬ​យ៉ាម៉ា ដែល​ភាគច្រើន ត្រូវ​បានគេ​ប្រើជាថ្នាំ​ប៉ូវកម្លាំង​សម្រាប់​អ្នក​ធ្វើការងារ​ធ្ងន់ ដូចជា​អ្នកកាប់​ឈើ អ្នក​នេសាទ អ្នក​រត់ពន្ធ អ្នកបើកបរ​ជាដើម។ ក្រោយមក ការ​នាំចូល​គ្រឿងញៀន​កាន់តែ​ច្រើន ធ្វើឱ្យ​មានការ​ប្រើប្រាស់​កាន់តែ​រាលដាល​ទៅដល់​យុវជន និង​សិស្សសាលា។ គ្រឿងញៀន​បាន​ពង្វក់យុវជន​សេព​តាមរយៈ​ការ​ឃោសនាថា​អាចជួយ​ឱ្យ​សប្បាយ ឬ​បំបាត់​ទុក្ខ។ ម្យ៉ាងទៀត អ្នក​ប្រើប្រាស់​មួយចំនួន​ត្រូវគេ​បង្ខំ ឬ​គំរាម​ឱ្យប្រើ​ដើម្បី​ឱ្យអ្នក​រងគ្រោះ​បម្រើ​ផលប្រ​យោជន៍​ដល់​ពួកគេ។

ស្ថិតិ​អ្នក​ប្រើប្រាស់​គ្រឿងញៀន

ពីមួយឆ្នាំ​ទៅមួយឆ្នាំ ចាប់តាំង​ពីឆ្នាំ១៩៩០​មក ចំនួនអ្នក​ប្រើប្រាស់​គ្រឿងញៀន​កើត​ជាលំដាប់។ រហូត​មកដល់​ឆ្នាំ​២០០៥ មានអ្នក​ញៀនថ្នាំ​ចំនួន៧០៧៤នាក់​ហើយ​នៅទូទាំង​ប្រទេស។ ដោយឡែក​សម្រាប់​រយៈពេល​៦ខែ​ដើមឆ្នាំ​២០០៦ មាន​អត្រា​អ្នក​ប្រើប្រាស់គ្រឿងញៀន​ចំនួន៥ ៧៨៤​នាក់ ចំនួននេះ​កើនឡើង​លើសឆ្នាំមុន​គួរឱ្យ​ព្រួយបារម្ភ។ ក្នុង​ចំណោម​អ្នកញៀន​គ្រឿងញៀន​ទាំងអស់​នេះ​សុទ្ធសឹង​ជាកុមារ និង​យុវវ័យ​មានអាយុ​ពី១១​ទៅដល់២៥​ឆ្នាំ ដែលជា​វ័យកំពុង​លូតលាស់​ក្នុងការ​ក្រេបយក​ចំណេះដឹង និង​បទពិ សោធន៍​ទាំងឡាយ​ក្នុងជីវិត។ ផ្ទុយទៅវិញ​ពួកគេ​បែរជា​ខកខាន​ពុំបាន​សិក្សា និង​កំពុង​ឈ្លក់វង្វេង​ជាមួយ​គ្រឿងញៀន​ទៅវិញ។ តួលេខនេះ​ជាតួលេខ​ដែល​សមត្ថកិច្ច​រកឃើញ​តែប៉ុណ្ណោះ ចំនួនពិត​ប្រាកដ​អាចច្រើនជាង​នេះ។ សូម​បញ្ជាក់​ផងដែរ​ថាក្នុង​ប្រទេសកម្ពុជា មាន​មណ្ឌល​អប់រំ​កែប្រែ​អ្នកញៀន​ថ្នាំ​ចំនួន៧​កន្លែង​បង្កើត​ឡើង​ដើម្បី​ជួយ​ព្យាបាល​ជន​រងគ្រោះ​ដោយ​គ្រឿងញៀន។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ប្រើប្រាស់​គ្រឿងញៀន​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន ដូចជា​បញ្ហា​សង្គម បញ្ហា​គ្រួសារ បញ្ហា​ជីវភាព សុខភាព​ជាដើម ។ បញ្ហា​ទាំងអស់​នេះហើយ​ដែល​ជួនកាល​ធ្វើឱ្យ​អ្នកដែល​បាន​ព្យាបាល​គ្រឿងញៀន​ជាហើយ​ត្រឡប់​ទៅប្រើប្រាស់​គ្រឿងញៀន​សាជាថ្មី ទៀត។ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃគ្រឿងញៀន​នៅកម្ពុជា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative