ស្រ្តី​រងគ្រោះ​ដោយសារ​ជម្ងឺ​រ៉ុយម៉ាទីស​ច្រើនជាង​បុរស

ស្រ្តី​នៅកម្ពុជា​បាននិង​កំពុង​រងគ្រោះ​ដោយសារ​ជម្ងឺ​រ៉ុយម៉ាទីស​ច្រើនជាង​បុ​រស បើទោះ​ជាជម្ងឺនេះ​មិន​បណ្តាល​មកពី​មេរោគ​ណាមួយ​ក្តី ប៉ុន្តែ​ប្រសិនជាអ្ន​កជម្ងឺ​​បណ្តោយ​ឲ្យមាន​អាការៈ​ធ្ងន់ធ្ងរ វាអាច​បង្ក​ផល​វិបាក​ជាច្រើន​ដល់​សុខភាព​របស់​ខ្លួន។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ដើម្បី​ឲ្យបាន​យល់ជ្រាប​ច្បាស់ពី​បញ្ហានេះ លោក គង់ សូរិយា អ្នកយក​ព៌ត​មាន​ផ្នែក​សុខភាព​នៃ​វេសាយ​សុខភាព​កម្ពុជា បានជួប​ធ្វើ​បទសម្ភាសន៍​ឆ្លើយឆ្លង​ជា​មួយ​លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ ឯកទេស​ជម្ងឺ​សន្លាក់​នៃគ្លីនីក​ឯកទេស​ឆ្អឹង ដែល​​មាន​ទីតាំង​នៅខាង​ក្រោយផ្សារ​សំណង់​១២ ដើម្បី​ផ្តល់ជូន​មិត្តអ្នកអាន​បានយល់​ជ្រួតជ្រាប​ និងបង្ការ​ជម្ងឺនេះ។

សំណួរ តើ​អ្វីជាជម្ងឺ​រ៉ូម៉ាទីស?

ចម្លើយ ជម្ងឺ​រ៉ូម៉ាទីស​ជាប្រភេទ​ជម្ងឺ​ម្យ៉ាង ដែល​ប្រព័ន្ឋភាព​ស៊ុំា​នៃរាងកាយ​ទៅវាយ​ប្រហារ​កន្លែង​ទីតាំង​សន្លាក់ និង​បណ្តាល​ឲ្យទីតាំង​នោះ​រងការ​ខូចខាត​ជាបន្ត​បន្ទាប់។

សំណួរ តើជម្ងឺ​នេះមាន​រោគសញ្ញា​យ៉ាង​ដូចម្តេច?

ចម្លើយ ជម្ងឺ​នេះមាន​រោគសញ្ញា ដូចជា​តឹងនៅ​ម្រាមដៃ នៅ​តំបន់ក​ដៃ ស្មា​និង​ឆ្អឹងដង​កាំបិត​នៅពេល​ព្រឹក និង​មានភាព​ធូរស្បើយ​ប្រសិនជា​យើងបាន​ធ្វើការ​ម៉ាស្សា​វាឲ្យបាន​ត្រឹមត្រូវ។

សំណួរ តើ​ជម្ងឺនេះ​បង្ក​ផលវិបាក​អ្វីខ្លះ?

ចម្លើយ ជម្ងឺនេះ​បង្ក​ផលវិបាក​ជាច្រើន​ដូចជា ឈឺ និង​បណ្តាល​ឲ្យហើម​នៅ​ទីតាំង​សន្លាក់ ម្រាមដៃ​ជើង និង​ប្រឈម​មុខនឹង​ការគាំង​សន្លាក់ ទម្រង់​ម្រាមដៃជើង​មានភាព​គំរីងគំរាំង ខូច​ទ្រង់ទ្រាយ​ជាដើម។ កាន់តែ​ធ្ងន់ធ្ងរ​វាអាច​បណ្តាល​ឲ្យខូត​សន្លាក់ ហើយ​ធ្វើឲ្យ​អ្នកជម្ងឺ​មិនអាច​ធ្វើចលនា​ម្រាមដៃ​ជើង និង​មិនអាច​ដើរបាន។

រូបភាពគេហទំព័រសុខភាពកម្ពុជា

សំណួរ តើក្រុម​មនុស្ស​ប្រភេទណា​រងគ្រោះ​ព្រោះជម្ងឺ​នេះច្រើន​ជាងគេ?

ចម្លើយ ស្រ្តី​រងគ្រោះ​ដោយសារ​ជម្ងឺនេះ​ច្រើនជាង​បុរស ដោយវា​គ្របដណ្ត​ប់​ប្រមាណ​៦០ភាគរយ​នៃអ្នក​ជម្ងឺ​សរុប ។​ ប្រសិនជា​ជម្ងឺនេះ​កើតលើ​ក្មេងស្រី​វ័យ ជំទង់​​វាមាន​ការវិវត្ត៍​ខ្លាំង និង​ទាមទារ​ការ​ព្យាបាល​ឲ្យបាន​ឆាប់​រហ័ស។ ទោះជា​យ៉ាងណា​ជម្ងឺនេះ កើតលើ​ស្រ្តី និង​បុរស​វ័យកណ្តាល​ចាប់ពី​អាយុ៤០​ឆ្នាំទ្បើង។

សំណួរ តើ​គេអាច​ដឹង និងធ្វើ​រោគវិនិច្ឆ័​ជម្ងឺនេះ​តាមរយៈអ្វី​?

ចម្លើយ ជម្ងឺនេះ​យើងអាច​រកឃើញ​តាមរយៈ​រោគសញ្ញា​ដូចពោល​ខាងលើ​តាមរយៈ​ការថត​កាំរស្មី​អ៊ិច និងតាម​រយៈការ​ធ្វើ​វិភាគ​ឈាម ទើប​អាចរក​សញ្ញាជម្ងឺ​នេះបាន។

សំណួរ តើ​ជម្ងឺនេះ​អាច​ព្យាបាល​ជាសះស្បើយ​ដែរឬទេ?

ចម្លើយ ជម្ងឺនេះ​មិនអាច​ព្យាបាល​ជាសះស្បើយ​បាន​១០០ភាគរយ​ទេ ប៉ុន្តែ​បើអ្នក​ជម្ងឺ​ទទួលការ​ព្យាបាលបាន​ល្អ និង​ទាន់​ពេលវេលា វា​ជួយកាត់​បន្ថយការ​ខូច​ខាត​ដែល​បណ្តាល​មកពី​ជម្ងឺ​សន្លាក់។

 អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative