ជម្ងឺ​ទឹកក្នុង​ស្រោមសួត

ទឹកក្នុង​ស្រោមសួត ជាជម្ងឺ​ម្យ៉ាង​ដែលធ្វើ​ឱ្យលោកអ្នក​ជួប​ប្រទះ​នឹង​ផលវិបាក​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត​អាចបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន។ ចំណែក​ឯការ​ព្យាបាល​ក៏ទាមទារ​ឱ្យធ្វើឡើង​ដោយគ្រូ​ពេទ្យ​ជំនាញ​ផងដែរ។ តើ​ហេតុអ្វី​បានជា​មានទឹក​នៅក្នុង​ស្រោមសួត​ទៅវិញ? គួរធ្វើ​យ៉ាងណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​នឹងបាន​ទទួល​ជ្រាប​កាន់តែ​ច្បាស់​អំពី​ហេតុផល​ផ្សេងៗ​ដែល​បណ្ដាល​ឱ្យមាន​ទឹកក្នុង​ស្រោមសួត​នេះ តាមរយៈ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត កាំង ស័ ប្រធាន​ផ្នែក​ជម្ងឺ​សួត នៃ​មន្ទីរពេទ្យមិ​ត្ដភាព​ខ្មែរសូវៀត ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ជម្ងឺ​ទឹកក្នុង​ស្រោមសួត​ជាអ្វី?

ជម្ងឺ​ទឹកក្នុង​ស្រោមសួត គឺជាការ​ជ្រាប​របស់​ទឹក​ចូល​ទៅក្នុង​ចន្លោះ​ស្រោមសួត​ទាំងពីរ។ ស្រោមសួត​ចែកចេញ​ជាពីរ​ផ្នែក គឺ​ស្រោមសួត​ផ្នែក​ខាងក្រៅ និង​ស្រោមសួត​ផ្នែក​ខាងក្នុង ជាប់នឹង​សួត​តែម្ដង ដែលជា​ធម្មតា​ចន្លោះ​ស្រោមសួត​ទាំងពីរ​មិនមាន​ទឹកទេ គ្រាន់តែ​មាន​សភាព​សើម​ប៉ុណ្ណោះ។ ទឹកក្នុង​ស្រោមសួត​មានពីរ​ប្រភេទ គឺទឹក​ត្រង់ស៊ីដា និងទឹក​អ៊ីចស៊ីដា។

មូលហេតុ​ជម្ងឺ​ទឹកក្នុង​ស្រោមសួត

មាន​មូលហេតុ​ពីរយ៉ាង​ដែល​អាចបង្ក​ឱ្យមាន​ជម្ងឺទឹ​កក្នុង​ស្រោម​សួតនេះ។

1 . មូលហេតុ​ទីមួយ ៖ បណ្ដាល​មកពី​សម្ពាធ​ពីខាងក្រៅ​ជំរុញ​ទឹកឱ្យ​ចូល​នៅចន្លោះ​ស្រោមសួត។ នៅពេល​ដែល​យកទឹក ដែលនៅ​ស្រោមសួត​ទៅពិ​សោធន៍ លទ្ធផល​ដែល​ទទួលបាន គឺជា​ទឹក​ត្រង់ស៊ីដា មានន័​យថា​ជាតិអាល់ប៊ុយមីន​(ជាតិប្រូតេអ៊ីន) មាន​តិចជាង​៣០ក្រាម​ក្នុងមួយ​លីត្រ។ មានជម្ងឺ​ជាដើម​ចម​មួយចំនួន​ដែល​បង្កឱ្យ​មានទឹក​នៅក្នុង​ស្រោមសួត​នេះ​កើតឡើង។

  • ជម្ងឺ​បេះដូង ៖ កាលណា​បេះដូង​ខ្សោយខ្លាំង ឬ​បេះដូងរីក ធ្វើឱ្យ​សម្ពាធទឹក​ដែល​នៅក្នុង​ខ្លួន​កើនឡើង​ខ្លាំង ហើយ​រុញ​ធាក់ទឹក​ចូល​ទៅក្នុង​ស្រោមសួត នាំឱ្យ​មានទឹក​ដក់ក្នុង​ស្រោមសួត។
  • ជម្ងឺ​តម្រង​នោម ៖ ទឹក​មិនអាច​ច្រោះ​បានទេ កាលណា​តម្រង​នោម​ខ្សោយ ជាហេតុ​ធ្វើឱ្យ​បរិមាណ​ទឹក​នៅក្នុងខ្លួន​កើនឡើង ហើយ​ជ្រាប​ចូលទៅ​ក្នុងចន្លោះ​ស្រោមសួត។
  • ជម្ងឺ​ផ្សេងៗ ៖ នៅមាន​ជម្ងឺ​ជាច្រើន​ប្រភេទ​ទៀត​ដែលអាច​បណ្ដាល​ឱ្យសម្ពាធទឹក​ជ្រាបចូល​ចន្លោះ​ស្រោមសួត​ដែរ ដូចជា​ជម្ងឺ​ថ្លើមក្រិន​ជាដើម ដោយសារ​សម្ពាធ​ឈាម និងស​ម្ពាធទឹក​នៅក្នុង​ខ្លួនច្រើន​ពេក ហើយ​មិនអាច​ជ្រាប​ទៅកន្លែង​ណាបាន ក្រៅពី​ស្រោមសួត។

2 . មូលហេតុ​ទីពីរ ៖ បណ្ដាល​មកពី​ការ​រលាក​ស្រោមសួត​រ៉ាំរ៉ៃ ហើយ​ចេញទឹក​រងៃជា​ប្រចាំបណ្ដាល​ឱ្យទឹក​កើនច្រើន​ឡើងៗ នៅក្នុង​ស្រោមសួត ដែល​ហៅថា​ទឹកអ៊ីចស៊ីដា។ ជម្ងឺ​ដែល​បណ្ដាល​ឱ្យមាន​ការ​រលាក​ស្រោមសួត​នេះអាច​មាន​ដូចជា​ជម្ងឺ​របេង (ធ្វើឱ្យ​រលាកសួត​ចេញទឹក​រងៃ) ឬ​ពពួក​មេរោគ​ផ្ដាសាយ និង​មេរោគ​បាក់តេរី​មួយចំនួន​ទៀត។ ទឹករងៃ​នោះទៀត​សោតនឹង​ក្លាយទៅជា​ខ្ទុះ នៅពេល​បន្ទាប់ ព្រោះ​ពេលយក​ទឹកក្នុង​ស្រោមសួត​ទៅ​ពិសោធន៍​ឃើញថា​វីរុសវ៉ាល់តាបូក បាន​ន័យថា​ជាតិ​អាល់បុយមីន (ជាតិប្រូតេ អ៊ីន)ច្រើនជាង​៣០ក្រាម​ក្នុងមួយ​លីត្រ។ ចំណែកឯ​ជម្ងឺ​មហារីក​នៅក្នុង​ស្រោមសួត​អាចធ្វើ​ឱ្យ​សរសៃឈាម​ពកក្នុង​ស្រោមសួត ដែលជា​ហេតុ​នាំឱ្យ​មានទឹក​រងៃ និង​ជួនកាល​ក្លាយជា​ឈាម​នៅក្នុង​ស្រោមសួត​ទៀតផង ហើយ​នៅពេល​ដែល​បូមទឹក​នោះចេញ​មកច្រើន​មានពណ៌ក្រ​ហម។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគ​សញ្ញា​ជម្ងឺ​ទឹកក្នុងស្រោ​មសួត

ជាធម្មតា ស្រោមសួត​ទាំងពីរ​មិននៅជាប់​គ្នាទេ ប៉ុន្ដែ​នៅបន្ទាប់គ្នា​នៅពេល​ដែល​រលាកស្រោមសួត។ វាអាច​ធ្វើឱ្យ​អ្នកជម្ងឺ​មាន​អាការ​ឈឺចាប់​នៅត្រង់​ដើមទ្រូង ហើយ​មានការ​ក្អកស្ងួត​នៅពេល​ដែលអ្នក​ជម្ងឺ​មានចលនា​ប្រែប្រួល​ចុះឡើង។ នៅពេល​ដែលទឹក​កាន់តែ​ច្រើនឡើងៗ ធ្វើឱ្យ​ទឹកសង្កត់​ទៅលើ​សួត បណ្ដាល​ឱ្យអ្នក​ជម្ងឺហត់។ ម្យ៉ាងទៀត​បើជម្ងឺ​ដែល​កើតឡើង​បណ្ដាល​មកពី​មេរោគ អាចធ្វើ​ឱ្យមាន​អាការគ្រុន ហើយ​ឈឺចាប់។ បើ​លោកអ្នក​ស្ដាប់​ចង្វាក់សួត​នៅពេល​ដែលមាន​បរិមាណ​ទឹកតិច ឬ​ល្មម និង​នៅពេល​ទឹក ក្នុង​ស្រោមសួត​ខះទៅវិញ នោះ​លោកអ្នក​នឹងឮ​សម្លេង​ប្រៀប​ដូចយក​ក្រណាត់​សូត្រមក​ត្រដុស​លើគ្នា។ ប៉ុន្ដែបើ​បរិមាណទឹក​ច្រើន សួត​នឹងហាប់​មិនមាន​សម្លេងទេ។

ការ​ព្យាបាល​ជម្ងឺទឹក​ក្នុង​ស្រោមសួត

ការ​ព្យាបាល​ជម្ងឺនេះ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​មូលហេតុ​ដែល​បង្កឱ្យ​មានជម្ងឺ​នេះ​កើតឡើង។ ជាឧទាហរណ៍ បើក្នុង​ករណី ទឹកក្នុង​ស្រោមសួត​កើតឡើង​ដោយសារ​ជម្ងឺ​បេះដូង ឬ​របេង ត្រូវ​ព្យាបាល​ជម្ងឺ​ដើមហេតុ​ឱ្យជាសះស្បើយ​ជាមុនសិន ដើម្បី​កុំឱ្យ​ទឹកនោះ កើតឡើង​វិញ​ជាថ្មី។

  • ជំហាន​ដំបូង​នៃការ​ព្យាបាល​ជម្ងឺទឹក​ក្នុងស្រោមសួត គឺជាការ​បូមយក​ទឹកមួយចំនួន​ចេញពី​សួត​ដើម្បី​សម្រួល​ដល់ប្រ​ព័ន្ធ​ដកដង្ហើម ព្រោះទឹក​ច្រើន​ធ្វើឱ្យ​អ្នកជម្ងឺ​ហត់ខ្លាំង។ ការបូម​យកទឹក​ចេញមាន​ប្រយោជន៍​ពីរយ៉ាង គឺដើម្បី​ធ្វើរោគវិនិច្ឆ័យ និងព្យា​បាល។
  • ជាមួយគ្នា​នេះផងដែរ បើ​ទឹកនោះ​ជាខ្ទុះ មិនអាច​ព្យាបាល​ដោយ​បូម ឬ​ប្រើថ្នាំ​ពពួក​អង់ទីប៊ីយ៉ូទិក​នោះបាន​ទេ ចាំបាច់​ត្រូវលាង​សម្អាត និងបង្ហូរ​ដោយទឹក​សេរ៉ូម ទើប​ស្រោមសួត​មិនស្អិត​ជាប់គ្នា។
  • ប្រសិនបើ​ទឹកក្នុង​ស្រោមសួត​កើតឡើង​ដោយសារ​ជម្ងឺ​មហារីក​នៅផ្នែក​ណាមួយ​នៃរាងកាយ នោះត្រូវ​ព្យាបាល​ដោយ​គ្រាន់តែ​បិតដើម្បី​កុំឱ្យ​ទឹកកាន់តែ​កើនច្រើន​ទៀត ដែលអាច​សង្កត់​ទៅលើ​បេះដូង និង​សួត។ បន្ទាប់មក​ទើបធ្វើ​ការ​ព្យាបាល​រោគមហារីកដែ​លជាដើមចម​នៃជម្ងឺ​ឱ្យបាន​ជា នោះទឹក​ដែលមាន​ក្នុង​ស្រោមសួត​នឹង​ស្រកចុះ​ដោយ​ខ្លួនឯង។
  • ម្យ៉ាងទៀត បើជម្ងឺ​មហារីក​កើតនៅ​ស្រោមសួត​តែម្ដង នោះជា​ករណី​ធ្ងន់ធ្ងរ តែ​មិនមាន​ភាព​ស្មុគស្មាញ​ទេ គេអាច​ព្យាបាល​ដោយកាត់​បកចោល​តែម្ដង។

ផលវិបាក​នៃជម្ងឺ​ទឹកក្នុង​ស្រោមសួត

នៅពេល​ដែលមាន​ជម្ងឺទឹក​ក្នុងស្រោម​សួត អ្នកជម្ងឺ​អាចមាន​គ្រោះថ្នាក់​ដោយសារ​ទឹកសង្កត់ទៅលើ​បេះដូង ធ្វើឱ្យ​អ្នកជម្ងឺ ឆាប់​ហត់ខ្លាំង ដកដង្ហើម​មិនបាន និង​ធ្វើឱ្យ​បេះដូង​ឈប់ដើរ​បាន។ ប្រសិនបើ​ជម្ងឺ​បង្កដោយ​មេរោគ​បាក់តេរី ហើយ​ព្យាបាល​មិនទាន់​ពេលវេលា អាចធ្វើ​ឱ្យទឹក​ក្លាយជា​ខ្ទុះខាប់ ករណីនេះ​មិនអាច​បូមចេញ​បានទេ ទាល់តែ​ធ្វើការ​វះកាត់​បកខ្ទុះដែ​លខាប់នោះ​ចេញ ទើបលាង​ជាក្រោយ។

វិធី​ការពារ​ជម្ងឺទឹក​ក្នុង​ស្រោមសួត

ទឹកក្នុង​ស្រោមសួត​មិនអាច​ការពារ​បានទេ ព្រោះ​វាជា​ប្រភេទ​ជម្ងឺ​ដែលបាន​មកពីគេ។ ដូចនេះចង់​បង្ការជម្ងឺ​ទឹកក្នុង​ស្រោមសួត​ទាល់តែ​ការពារ​ជម្ងឺផ្សេងៗ​ដែលអាច​បង្ក​ជាទឹក​ក្នុង​ស្រោមសួត​បាន។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែល​លោកអ្នក​មានបញ្ហា ដូចជា​ក្អកស្ងួត ឈឺទ្រូង ឆាប់ហត់​ជាដើម និងមាន​សញ្ញា​ធ្ងន់ៗ​នៅត្រង់​សួត សូម​លោកអ្នក​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​ពិនិត្យ និងធ្វើ​រោគវិនិច្ឆ័យ ងាយស្រួល​ក្នុងការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ សូមកុំ​សម្រេចចិត្ដ​ប្រើថ្នាំ​ផ្ដេសផ្ដាស ព្រោះ​អាចធ្វើ​ឱ្យជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative