ម៉ូត​សម្លៀក​បំពាក់​ខ្មែរ​ពេល​ចូលឆ្នាំ

ម៉ូត​សម្លៀក​បំពាក់​ស្អាតៗ​ប្លែកៗ​បាននឹង​កំពុង​រីកចម្រើន​ទៅតាម​សង្វាក់​វិវឌ្ឍន៍​នៃសង្គមជាតិ។ ការ​ប្រដេញគ្នា​នៃម៉ូត​សម្លៀក​បំពាក់​បានធ្វើឱ្យ​លោកអ្នក ជាពិសេស​សុភាពនារី​ពិបាក​ជ្រើសរើស​ឱ្យបាន​សក្ដិសម និង​មានភាព​ថ្លៃថ្នូរ​ណាស់។ ក្នុងមួយ​ឆ្នាំៗ តែងតែ​មានម៉ូត​ប្រចាំ​ឆ្នាំ​ទៅតាម​បែបផែន​នៃការ​និយម​ចូលចិត្ដ។ ដោយឡែក​សម្រាប់​ឆ្នាំថ្មី​នេះ មានម៉ូត​សម្លៀក​បំពាក់​បែបណា​ខ្លះ ដែល​គួរតែ​ជ្រើសរើស?

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូម​បង្ហាញជូន​មិត្ដ​អ្នកអាន​នូវម៉ូត​សម្លៀក​បំពាក់​ខ្មែរ​ក្នុងឆ្នាំ​២០០៧​នេះទុក​ជា ការ​ស្វែងយល់​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី អ៊ុយ ពិសី ម្ចាស់​ហាង​កាត់ដេរ​សន្ធរមុខ​ទាន់ចិត្ដ។

អំពី​សម្លៀក​បំពាក់នារី

នៅក្នុង​ឆ្នាំថ្មីនេះ ម៉ូត​សម្លៀក​បំពាក់​នារីប្លែក​ជាងពីឆ្នាំ​មុនបន្ដិច។ បច្ចុប្បន្ននេះ​ទាំង​ក្រណាត់​ហូល ទាំង​ផាមួង ដែលជា​ផលិត ផលខ្មែរ ក្រណាត់​ប៉ាក់​ជាផលិតផល​បរទេស​មានច្រើន​បែបច្រើន​យ៉ាង។ ចំពោះ​ផាមួងខ្មែរ​មានលើក​គោមប្លែកៗ ពណ៌ទៀត​សោត​ក៏រឹត តែ​ប្លែក។ មួយ​វិញទៀត​គ្រឿង​លម្អ​សម្លៀក​បំពាក់ ដូចជា​អង្កាំ ត្បូង ប៉ាក់ផ្កា​ដោយ​ម៉ាស៊ីន​ជាដើម​ក៏មាន​ច្រើនម៉ូត​ស្អាតៗ។ បែបនេះ​ហើយ ទើបការ​ច្នៃម៉ូត​សម្លៀក​បំពាក់​បានស្អាត ប្លែកៗ និង​ទាន់សម័យ។

1 . សម្រាប់​ពិធី​បុណ្យទាន ឬ​ទៅវត្ដ

ក្នុង​ឱកាស​បុណ្យទាន ស្ដ្រីខ្មែរ​ទាំងក្មេង​ចាស់ត្រូវ​ប្រើសំពត់​ដែលច្នៃ​ចេញពី​ក្រណាត់​ផាមួង សូត្រ ឬហូល។ សម្រាប់​ពិធី​បែប នេះ នារីខ្មែរ​ចូលចិត្ដ​ប្រើសំពត់បត់​ដែល​មើលទៅ​សក្ដិសម និងស្រ​គត់ស្រគំ។ សំពត់បត់​បច្ចុប្បន្ន​ក៏មាន​ម៉ូតខ្លះ​ដែរ ដូចជា​កាត់ឱ្យមាន​រូត ក្រោយ ឬ​រូតចំហៀង​ជាដើម។

ចំពោះ​អាវវិញ នារី​ច្រើនប្រើ​ក្រណាត់​ប៉ាក់ ព្រោះ​សម័យ​បច្ចុប្បន្ននេះ​ក្រណាត់ប៉ាក់​មាន​រំលេច​ជាក្បាច់​ស្អាតៗ និងសម្បូរ​បែប ទៀត​ផង។ ឯ​ចំណែក​កអាវ​វិញ​មិនមាន​អ្វីប្លែក​ទេគ្រាន់តែ​មានច្រើន​ម៉ូត មាន​កមូល កមូល​ខ្ទះ ខ្ទះស្ទើរ​មូល ស្ទើរខ្ទះ កខ្ទះចំ ឬ​កត្របុត ត្រី ជាកអាវ​មានលក្ខណៈ​បែបខ្មែរ។ វា​ងាយស្រួល​ពាក់ និងមាន​លក្ខណៈ​បិតបាំងជិត មិនសូវ​វាលជ្រៅ​ឬចំហ​ខ្លាំងពេក​ទេ។ សម្រាប់​ដៃ អាវ អាច​ជ្រើសរើស​យកដៃ​ខ្លី ដៃក្លឹង ដៃត្រ័រកា ឬដៃ​បំពង់​ក៏បាន​តាមការ​ចូលចិត្ដ។ នៅពេល​ទៅវត្ដ ស្ដ្រីច្រើន​ប្រើ​អាវប៉ាក់​ជាមួយ ក្រមា​ពានា ប៉ុន្ដែ​ក្រមាពានា​នោះ គប្បី​មានពណ៌​តម្រូវ​ទៅតាម​ពណ៌​សំពត់​ផងដែរ ទើប​សក្ដិសម។
សម្រាប់​ពិធីបុណ្យ​ប្រពៃណីជាតិ​សំខាន់ៗ ដូចជា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យ​ចូលឆ្នាំខ្មែរ​ជាដើម បុរស​ស្ដ្រី​គួរប្រើ​សំពត់ និង​ក្រមា​ពានា​ដែលមាន​ពណ៌​ទៅតាមថ្ងៃ​ទាំងប្រាំពីរ​នៃសប្ដាហ៍​ទើបជាការ​ប្រសើរ។ ពេលមាន​ពិធីបុណ្យ​ទាន​បែបនេះ គួរប្រើ​សម្លៀក​បំពាក់បែប​បុរាណ ប្រើអាវ​ដែលមាន​កជិត ហើយ​មានពណ៌​ស្រាល​ឱ្យបាន​ច្រើន ព្រោះជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ។

2 . សម្រាប់​ពិធី​រាត្រី​សមោសរ ឬពិធី​អាពាហ៍ពិពាហ៍

ចំពោះ​ពិធី​ស្រមោសរ​ផ្សេងៗ បច្ចុប្បន្ននេះ​នារីខ្មែរ​ទាំង​ក្មេងចាស់​ចូលចិត្ដ​ប្រើ​សម្លៀក​បំពាក់​ដែលមាន​លក្ខណៈ​ឆើតឆាយ បន្ដិច។ ស្ដ្រីខ្លះ​ចូលចិត្ដ​ប្រើសំពត់​ហូល​ជាមួយ​អាវ​ដែលធ្វើ​ឡើង​ពីក្រណាត់​ផាមួង​លាយ​ជាមួយ​ក្រណាត់ហូល ដើម្បី​រំលេច​ឱ្យឃើញ​កាន់តែស្រស់ស្អាត។ ស្ដ្រីខ្លះ​ប្រើសំពត់​ហូល​ជាមួយ​អាវ​ដែលធ្វើ​ពីក្រណាត់ប៉ាក់។

  • ចំពោះ​ស្ដ្រីវ័យក្មេង ៖ ក្នុងពិធី​ស្រមោសរ យុវវ័យ​ច្រើន​លេងម៉ូត​ឆើតឆាយ​បន្ដិច ដូចជា​ប្រើ​ក្រណាត់​សារូលាយ​ជាមួយ​ក្រ ណាត់​ផាមួង ឬ​ក្រណាត់ប៉ាក់។ ជួនកាល​គេច្នៃ​ដាក់ផ្កា​ផ្សេងៗ ដេរ​ជាអង្កាំ​រំលេច​ជាផ្កាភ្ញី​នៅដៃអាវ ឬនៅ​កអាវ ដើម្បី​ឱ្យឃើញ​កាន់តែ​ស្រស់ស្អាត។ ស្ដ្រី​វ័យក្មេង​ច្រើន​និយម​ជារ៉ូបបែប​ចោមពង់​(មិនមានដៃ) ឬ​រ៉ូបដែល​មានដៃ​តូចៗ។ ប៉ុន្ដែ​ស្ដ្រីវ័យក្មេង​ខ្លះដែល​មិនសូវ និយម​ភាព​ស៊ិចស៊ី​អាចកាត់​ជាស្បៃ​គ្របដណ្ដប់​ពីលើខ្លួន​ទៀត។
  • ចំពោះស្ដ្រី​វ័យចំណាស់ ៖ ក្នុងការ​ចូលរួម​ពិធី​ស្រមោសរ ស្ដ្រី​ឋិតក្នុង​វ័យនេះ​ច្រើនប្រើ​សំពត់បត់​ដែលកាត់​ចេញពី​ក្រណាត់ ហូល និងប្រើ​ជាមួយ​អាវប៉ាក់ ឬអាវ​ដែលកាត់​ពីក្រណាត់​ផាមួង​លាយ​ក្រណាត់ហូល ឬ​ក្រណាត់សារូ។ ស្ដ្រីអាច​ប្រើកអាវ​ដែលមាន​លក្ខណៈ​វាល ឬ​លេងម៉ូត​បន្ដិចដែរ ដើម្បី​ឱ្យមើលទៅទា​ន់សម័យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

 

សម្លៀក​បំពាក់​បុរស

ម៉ូត​សម្លៀក​បំពាក់​សម្រាប់​បុរស​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​គ្មានអ្វី​គួរឱ្យ​ប្លែកទេ។ ជាការ​ងាយស្រួល​បំផុត​សម្រាប់​បុរស ព្រោះ​សម្លៀក​បំពាក់​បុរស​មិនទាមទារ​នូវការ​រចនាម៉ូត​ច្រើនពេក​ទេ គឺប្រើ​អាវកឌុប ដៃឌុប កតាំង ឬ​កកុត​ជាការ​ស្រេច។ ប្រសិនបើ​ទៅចូលរួម​ក្នុង​ពិធី​រាត្រី​ស្រមោសរ ឬ​ទៅវត្ដ បុរស​គ្រាន់តែ​ប្រើអាវ​ដែលកាត់​ពីក្រណាត់​ហូល ឬ​ផាមួង​ជាការ​ថ្លៃថ្នូរ​ទៅហើយ។ ប្រសិនបើ ជាម្ចាស់​កម្មវិធី ជាអ្នក​ទទួល​ភ្ញៀវ​គេច្រើន​ប្រើ​ក្រណាត់​សូត្រ និង​ហូលជាការ​ល្អ ដើម្បី​ឱ្យសក្ដិសម​ជាម្ចាស់​កម្មវិធី។

ការ​ជ្រើសរើស​ពណ៌​សម្លៀក​បំពាក់

ការ​ជ្រើសរើស​ពណ៌​ជាការ​សំខាន់​ផងដែរ សម្រាប់​បុរសស្ដ្រី្ដទាំ​ងឡាយ។ សម្រាប់​បុរស​ស្ដ្រី​ដែលមាន​សម្បុរ​ខ្មៅស្រអែម គួរ ជ្រើសរើស​ពណ៌ណា​ស្រស់បន្ដិច ដើម្បី​ឱ្យលើក​សាច់​បានមួយ​កម្រិត ហើយ​មិនគួរ​ប្រើពណ៌​ស្រអាប់​ដែល​នាំឱ្យ​សប្បុរ​កាន់តែ​ស្រអាប់ ថែមទៀត​នោះទេ។ ប៉ុន្ដែ​សម្រាប់​មនុស្ស​វ័យចំណាស់ លោកអ្នក​មិនគួរ​ប្រើពណ៌​ស្រស់ពេក​ទេ ព្រោះ​មើលទៅ​មិនសក្ដិសម​នឹងវ័យ​ឡើយ។

ពណ៌​ទាំង៧​នៃ​សប្ដាហ៍

  • ថ្ងៃច័ន្ទ ប្រើ​ពណ៌លឿង​ទុំ
  • ថ្ងៃអង្គារ ប្រើ​ពណ៌ស្វាយ
  • ថ្ងៃពុធ ប្រើ​ពណ៌​ស៊ីលាប (ពណ៌​បៃតងខ្ចី)
  • ថ្ងៃព្រ​ហស្បត៍ ប្រើ​ពណ៌បៃតង​ចាស់
  • ថ្ងៃ​សុក្រ ប្រើ​ពណ៌ខៀវ
  • ថ្ងៃ​សៅរ៍ ប្រើ​ពណ៌​ព្រីងទុំ ឬ​ពណ៌គ្រាប់​អំពិល
  • ថ្ងៃ​អាទិត្យ ប្រើ​ពណ៌ក្រហម

ដំបូន្មាន​អ្នក​ប្រឹក្សា

គ្មានអ្វី​ល្អប្រសើរ​ជាងការ​ស្លៀកពាក់​ត្រូវ​ទៅតាម​កាលៈទេសៈ​ឡើយ។ មុននឹង​សម្រេចចិត្ដ​កាត់​សម្លៀក​បំពាក់​បែបណា​នោះ បុរសស្ដ្រី​ទាំងឡាយ​គួរធ្វើការ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​កាត់ដេរ​ជាមុន​ទើបជាការ​ប្រសើរ ដើម្បី​ចៀសវាង​ការ​ចំណាយ​ថវិកាឥ​តប្រយោជន៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative