ប្រជាជន​៧០ភាគរយ​យល់ថា​គ្រូបង្រៀន​ប្រឈម​បញ្ហា​ធំបំផុត​គឺកង្វះ​ថវិការ និង​ភាពក្រីក្រ

ការ​សិក្សា​ថ្មីមួយ​រកឃើញ​ថា ប្រជាជន​៧០ភាគរយ​គិតថា​អាជីព​គ្រូបង្រៀន​ប្រឈម​បញ្ហា​ធំបំផុត​គឺកង្វះ​ថវិកា បៀរវត្សរ៍​មាន​កំរិត​ទាប និងភាព​ក្រីក្រ ទោះជា​ប្រជាជន​រហូតដល់​៩២​ភាគរយ​យល់ឃើញ​ថាអាជីព​គ្រូ​បង្រៀន​ជាមុខ​របរ​ល្អក្តី។

រូបភាពគេហទំព័សុខភាពកម្ពុជា

នេះជាការ​រកឃើញ​របស់​អង្គការ​ភាព​ជាដៃគូ​នៃអង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ធ្វើទ្បើង​ជាមួយ​មហាជន​ចំនួន​១១០០នាក់​នៅក្នុង​ប្រទេ​ស​កម្ពុជា​កាលពី​ពេលថ្មីៗ​នេះ ដើម្បី​រកឲ្យ​ឃើញ​ទស្សន​ពួកគាត់​ទៅលើ​គ្រូបង្រៀន និងការ​អប់រំនៅ​កម្ពុជា។ លទ្ឋផល​នៃការ​សិក្សា​នេះបាន​រកឃើញ​ថា ៣ភាគ៤​នៃ​ប្រជាជន​យល់ឃើញ​ថា គ្រូ​បង្រៀន​ជាបុគ្គល​ត្រូវបាន​គោរព​ដ៏ខ្ពង់ខ្ពស់ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា។​ ភាគច្រើន​បំផុត​នៃ​ប្រជាជន​កម្ពុជា​ក៏បាន​យល់ឃើញ​ថា គ្រូបង្រៀន​មាន​តួនាទី​ដ៏​សំខាន់​នៅក្នុងការ​អភិវឌ្ឈន៍​សេដ្ឋកិច្ច​នៃ​ប្រទេសកម្ពុជា និង​ជាអ្នក​កសាង​សង្គម​មួយ​ពោរពេញ​ដោយ​សន្តិភាព។

ការ​សិក្សា​ដដែល​ក៏បាន​រកឃើញ​ផងដែរ​ថា កត្តា​ចំបង​​បំផុត​ដែលរាជ​រដ្ឋាភិបាល​ត្រូវធ្វើ គឺ​ពាក់ព័ន្ឋ​នឹង​វិស័យ​អប់រំ ដូចជា​ការ​តំទ្បើង​ប្រា​ក់​បៀរវត្សរ៍ជូន​គ្រូបង្រៀន​ជាដើម។ ការ​សិក្សា​ដដែល​បានបន្ត​បង្ហាញថា ប្រជាជន​៨៥ភាគរយ​យល់ឃើញ​ថាប្រាក់ខែ​គ្រូ​បង្រៀន​នៅសាលា​បឋមសិក្សា គួរ​ទទួល​បាន​លើសពី​៩០ដុល្លារ​ក្នុងមួយ​​ខែ ខណៈ​ដែ​ល​ប្រាក់ខែ​បច្ចុប្បន្ន​មាន​ចន្លោះ៥០ ទៅ​៧០ដុល្លារ​ក្នុងមួយ​ខែ។

លោក អ៊ិន សំរិទ្ឋី ប្រធាន​អង្គការ​ភាព​ជាដៃគូ​អប់រំ​នៃអង្គការ​ក្រៅ​រដ្ឋាភិបាល​​បានមាន​ប្រសាសន៍ ក្នុង​ទិវាគ្រូ​បង្រៀន​ពិភពលោក នៅផ្សារ​រាត្រី​កាលពីរាត្រី​ថ្ងៃសុក្រ ទី៥ តុលា​កន្លងមក​ថា ថ្ងៃនេះ​ជាទិវា​គ្រូបង្រៀន​ដែល​ប្រជាជន​ទូទាំង​ពិភព​លោក​កំពុងតែ​ប្រារព ដើម្បី​ធ្វើការ​រំលឹក​គុណដល់​គ្រូ​បង្រៀន ហើយ​នៅកម្ពុជា​ជា​ប្រទេស​មួយ​មាន​វប្បធ៌ម​គោរព​គ្រូបង្រៀន ពីព្រោះ​តាម​ប្រពៃណីគ្រូ​ជាឪពុកម្តាយ​ទី២​របស់​យើង។ លោក​បន្តថា គ្រូ​បង្រៀន​ជាបុគ្គល​ត្រូវបាន​គេ​គោរព ដោយ​សារ​តែការ​លះបង់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្ពស់​ក្នុងការ​សាបព្រួស​ចំណេះដឹង និង​បណ្តុះ​ជំនាញ​ដល់​កូនចៅ​យើង។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​បន្តថា “គ្រូ​បង្រៀន​ជាអ្វីៗ​ទាំងអស់​នៅលើ​លោក​នេះ ព្រោះ​បើគ្មាន​គ្រូបង្រៀន​យើង​មិនមាន​វេជ្ជបណ្ឌិត វិស្វករ ស្ថាបត្យករ តន្រ្តី សិល្បៈ និង​មុខជំ​នាញ​ដទៃទៀត​ទ្បើយ ”។ លោក​បន្តថា “គ្រូ​បង្រៀន​អាចឲ្យ​ពួកយើង​សម្រេច​បាន​នូវ​បំណង​ប្រាថ្នា​របស់​យើង ពួកគាត់​ជួយយើង​ឲ្យ​រស់ក្នុង​ជីវិត​ប្រកបដោយ​ភាព​ផូរផង់ ពួកគាត់​ជួយឲ្យ​យើង​ទទួលបាន​ជោគជ័យ និង​សុភមង្គល ហើយ​គ្រូបង្រៀន​ពិតជា​អាចផ្លាស់​ប្តូរជីវិត​គ្រួសារ សហគមន៍ និង​សង្គមរបស់​យើង ”។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative