កុមាររស់នៅ​​​ក្នុងតំបន់​​​កំពុងអភិវឌ្ឍន៍​​​បាន​អនុវត្ដ​​​​កម្មវិធី​​​​អនាម័យ​​​​ទឹកស្អាត

អង្គការសហប្រតិបត្ដិការដើម្បីស្ថិរភាពសង្គមកម្ពុជាបានជំរុញឱ្យសិស្ស​ចំនួន៤​ពាន់នាក់ ក្នុងសាលា​ទាំង១១​នៅ​រាជធានី​ឱ្យអនុវត្ដ​នូវ​កម្មវិធី​អប់រំ​សុខភាព និងការធ្វើ​អនាម័យ​ទឹកស្អាត។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ឡាយ សុជាតិ អ្នកសម្រប​សម្រួល​គម្រោង​គុណភាព​ជីវិតផ្ដោតលើការ​អប់រំសុខភាព​អនាម័យ និង​ទឹកស្អាត​នៃអង្គការ​សហប្រតិបត្ដិការ​ដើម្បីស្ថិរភាព​សង្គមកម្ពុជា​បានប្រាប់ សុខភាពយើង កាលពីដើមខែមេសាថា លោកបានសាកល្បង​អនុវត្ដគម្រោង​គុណភាព ផ្ដោតលើ​ការអប់រំ​សុខភាពអនាម័យ​ទឹកស្អាត​អស់រយៈពេល​៤ឆ្នាំមកហើយ ក្នុងនោះ​បានធ្វើការ​គ្របដណ្ដប់សិស្ស​ ប្រហែល៤ពាន់នាក់​ក្នុងសាលាចំនួន១១ នៃខ័ណ្ឌចំនួនពីរ​ក្នុងរាជធានី។ លោកបន្ដថា “គម្រោងនេះបាន​ប្រើប្រាស់​ថវិកាអស់ច្រើនជាង​ ១៥ម៉ឺនដុល្លារ ដោយអនុវត្ដជាមួយសិស្ស​សាលាវិទ្យាល័យបឋមសិក្សា និងសិស្សសាលាគរុកោសល្យ​ស្ថិតក្នុងខ័ណ្ឌឫស្សីកែវ និងខ័ណ្ឌដង្កោ”។ លោកបន្ថែមថា ការផ្សព្វផ្សាយទៅកាន់សិស្ស និងលោកគ្រូអ្នកគ្រូ​ស្ដីពីសុខភាពអនាម័យ គឺជាផលប្រយោជន៍​មួយសម្រាប់​ សិស្សធ្វើការ​ផ្សព្វផ្សាយបន្ដ​ទៅកាន់សហគមន៍​រស់នៅរបស់ពួកគេ”។

បើតាមមន្ដ្រីរូបនេះ ក្របខណ្ឌនៃ​គម្រោងគឺ​បានផ្ដោត​មកលើទីក្រុង ដូច្នេះ​ការជ្រើសរើស​តំបន់ទាំងពីរ​មកអនុវត្ដ​ក្នុង គម្រោងនេះ គឺដោយសារតែ​ពួកគេបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធ​នៅតំបន់នោះ បានទាមទារ​ឱ្យមានការ​អភិវឌ្ឍន៍​ក្នុងតម្រូវការ​ ជាបន្ទាន់មួយ។ ដូច្នេះ​ជំនួយសម្ព័ន្ធ​បានផ្ដោតទៅលើ​បញ្ហាអនាម័យ និងសុខភាព​តាមសាលារៀន ដោយបង្កើត​ជាអាងទឹក ធ្វើបង្គន់ ធ្វើកន្លែងផ្ទុកសម្រាម និងផ្ដល់ធុងសម្រាម ឬសម្ភារៈអនាម័យ ដើម្បីប្រើប្រាស់​ជាយុទ្ធសាស្ដ្រក្នុងការ​ផ្ដល់ចំណេះដឹង​ឱ្យសិស្ស។

ទឹកគឺជាវត្ថុដែលចាំបាច់បំផុត​សម្រាប់ទ្រទ្រង់​ជីវិតមនុស្ស សត្វ និងរុក្ខជាតិ​ទាំងអស់​នៅលើពិភពលោក

បច្ចុប្បន្ននេះ ការប្រែប្រួលនៃអាកាសធាតុបាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​លើបញ្ហាទឹក ជាពិសេស​ទឹកសាប​សម្រាប់ប្រើប្រាស់​ ប្រចាំថ្ងៃ ដែលកំពុងប្រឈម​នឹងការខ្វះខាត។ ម្យ៉ាងទៀត​វាបណ្ដាលមកពី​ការបំពុលបរិស្ថាន ធ្វើឱ្យកម្ដៅផែនដីឡើងក្ដៅ ដោយសារ ការរីកចម្រើន​ផ្នែកវិទ្យាសាស្ដ្រ ដូចជាការបញ្ចេញចោលនូវ​កាកសំណល់ផ្សេងៗពី​រោងចក្រ ការបញ្ចេញចោលនូវ​សារធាតុគីមី និងការ បំភាយឧស្ម័នពុល​ទៅលើលំហបរិយាកាសជាដើម ទាំងនេះ​បណ្ដាលឱ្យទឹកសាប​នៅលើផែនដី ត្រូវទទួលរងផលប៉ះពាល់​បាត់បង់ ឬខូចគុណភាព។

ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា​បានថ្លែង​នៅក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផលអនុវត្ដ​ គម្រោងគុណភាពជីវិត ផ្ដោតលើការអប់រំសុខភាព អនាម័យនៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃម្សិលមិញថា ជាការពិត​ការអប់រំផ្នែក សុខភាព គឺជាកត្ដាសំខាន់បំផុត មុននឹងឈានទៅរកការប្រើប្រាស់នូវ​រាល់វិធានការនានា ក្នុងការទ្រទ្រង់​សុខភាព​ឱ្យមានភាពប្រសើរ ឡើង ក្នុងនោះគឺបញ្ហាអនាម័យ។ លោកបន្ថែមថា “ដើម្បីចូលរួមចំណែកថែទាំ និងការចូលរួមថែរក្សាលំនឹងទឹក​ឱ្យបានប្រសើរនោះ ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមធ្វើការ​អំពាវនាវ​ឱ្យមានការសហការគ្នា​ជាមួយអង្គការ​ដៃគូនានា ដោយដាក់បញ្ចូល​ ការអប់រំ​អំពីការថែទាំ និងការប្រើប្រាស់ទឹក​នៅក្នុងកម្មវិធីសិក្សា​គ្រប់កម្រិត​ដល់សិស្សានុសិស្ស ដោយធ្វើយ៉ាងណា​ឱ្យពួកគេបានយល់ អំពី​សារៈប្រយោជន៍របស់ទឹក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative