ហេតុអ្វី​នៅពេល​រួមភេទ​លិង្គ​ឆាប់ទន់

ខ្ញុំបាទ​អាយុ​២៧ឆ្នាំ រស់នៅ​ខេត្ដ​សៀមរាប សូមសួរ​លោក​វេជ្ជបណ្ឌិត​នូវសំណួរ​ដូចតទៅ ៖
1 . ហេតុអ្វី​នៅពេល​រួមភេទ​លិង្គ​ឆាប់ទន់?
2 . នៅពេល​រួមភេទ ប្ដី​មានភាព​ស្រណុក​សុខស្រួល តែប្រពន្ធ​មិនមាន​ភាព​ស្រណុក​សុខស្រួល ហេតុអ្វី?
លោក ភ.ណ អាយុ ២៧ឆ្នាំ ខេត្ដ​សៀមរាប

វេជ្ជ​បណ្ជិត លី ចេងហ៊ុយ ៖ ខ្ញុំសូម​ធ្វើការ​ឆ្លើយនឹង​សំណួរ​ទាំងពីរ​របស់​ប្អូនប្រុស​ម្ដង១​សំណួរ​ដូចតទៅ ៖

1 .  មូលហេតុ​លិង្គ​ឆាប់ទន់​នៅពេល​រួមភេទ គឺមាន​កត្ដាច្រើន​យ៉ាង។ នៅពេល​រួមភេទ បើសិន​ជាលិង្គ​របស់​ប្អូនប្រុស​ឆាប់បាញ់​ចេញ​ទឹកកាម ជាដាច់ខាត​លិង្គ​របស់​ប្អូនប្រុស​ត្រូវតែ​ទន់ ព្រោះជា​ដំណាក់កាល​ទី៤ ដែលលិង្គ​ត្រូវតែ​ទន់មក​សភាព​ដើមវិញ។ បែប នេះ​លិង្គទន់​ក្រោយពេល​ចេញទឹកកាម បើ​ឆាប់ទន់​ដោយសារ​កត្ដានេះ គឺជា​បញ្ហា​ឆាប់ចេញ​ទឹកកាម។ ករណី​មួយទៀត​ជាការ​ឆាប់ទន់ ដោយសារ​ពេល​កំពុង​រួមភេទ​នោះ តម្រេក​តណ្ហា និង​ចំណង់​ភេទ​របស់​ប្អូនប្រុស​ថមថយ​ដោយសារ​កត្ដា​ផ្លូវចិត្ដ មិន​ចូលចិត្ដ​នារី​ជាដៃគូ ឬ​រំខាន​ដោយ​កត្ដាផ្សេងៗ​ទៀត។ ការ​រំខាន​អារម្មណ៍​នៅពេល​រួមភេទ​បែបនេះ​ជាហេតុ​ធ្វើឱ្យ​លិង្គទន់​វិញ អាច​រហូត​ដល់លែង​បន្ដ ដំណើរ​ការ​រួមភេទ​តទៅទៀត រហូតដល់​ចប់​គោលដៅ។ ហេតុនេះ​បើប្អូន​ប្រុស​បាន​ត្រួតពិនិត្យ​ខ្លួនឯង និង​ព្យាបាល​កែតម្រូវ​រួចហើយ តែ​មិនមាន​ភាពប្រសើរ​ឡើង ប្អូនត្រូវ​ទៅជួប​អ្នកជំនាញ​ខាង​ផ្លូវភេទ ដើម្បី​សុំយោបល់​សម្រាប់ការ​អនុវត្ដ​បន្ដ។

2 . ការ​រួមភេទ​មាន​គោលដៅ​រួម​គឺដើម្បី​ទទួលបាន​សេចក្ដីសុខស្រួល​ទាំងពីរ​នាក់ ទាំង​ភាគី​បុរស​ជាប្ដី និង​ភាគីស្ដ្រី​ជាភរិយា ។ បុរស និង​ស្ដ្រី​អាចឆាប់​ទទួលបាន​ភាពស្រណុក​សុខស្រួល​ងាយៗ​ដូចគ្នា និង​ជួនកាល​ក្រទទួល​ភាព​ស្រណុក​សុខស្រួល។ ជួន​ភាគី​ទាំង ពីរ​អាច​ទទួលភាព​ស្រណុក​សុខស្រួល​មុនក្រោយ​គ្នា។ បែបនេះ​ជារឿង​ធម្មជាតិ។ បើតាម​ការ​សិក្សា​ស្រាវជ្រាវ​អំពីភាព​ស្រណុក​សុខស្រួល​នេះបាន​បង្ហាញថា បុរស​ទទួល​សេចក្ដី​សុខស្រួល​ផ្លូវភេទ​ដល់​កំពូល​តែមួយ​លើកទេ​ក្នុងពេល​រួមភេទ​ម្ដង រីឯ​ស្ដ្រីអាច​ទទួលភាព​សុខស្រួល​ដល់កំពូល​ច្រើនដង។ ប៉ុន្ដែ​បុរសខ្លះ​ឆាប់សុខស្រួល​ដល់​កំពូល នារីខ្លះ​ក៏ឆាប់​ទទួល​អារម្មណ៍​សុខស្រួល​ដល់​កំពូលដែ​រ។ រីឯ​បុរស​ខ្លះទៀត​មិនងាយ​ទទួល​អារម្មណ៍​សុខស្រួល​នោះទេ នារី​ខ្លះទៀត​មិនងាយ​ទទួល​អារម្មណ៍​ស្រណុក​សុខស្រួល​ដល់​កំពូលភ្លាម​នោះ ដែរទេ។ ករណី​សំណួរ​របស់​ប្អូនប្រុស​ដែល​ចង់ដឹង​ពីមូលហេតុ​នៃប្ដី​ទទួលបាន​អារម្មណ៍​ស្រណុក​សុខស្រួល រីឯ​ប្រពន្ធ​មិនមាន​ភាព​ស្រណុកសុខ​ស្រួលនោះ គឺជា​ករណី​ដែល​បុរសនោះ​ឆាប់​ចេញទឹកកាម និង​ទទួល​អារម្មណ៍​សុខស្រួល​មុនប្រពន្ធ។ ឬអាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ដោយសារ​ស្ដ្រី​ជាប្រពន្ធ​នោះ​ក្រទទួល​សេចក្ដី​ស្រណុក​សុខស្រួល គាត់​មិនទាន់​បានស្រួល​ផងប្ដី​សុខស្រួល​ឈប់​រួមភេទ​ទៅ​ហើយ។ ជាដំណោះ​ស្រាយ ពួកគាត់​ទាំងពីរ​ត្រូវស្វែងយល់​ពីរយៈពេល​ដែលឈាន​ដល់​សេចក្ដី​សុខស្រួល​ពីគ្នា​ទៅវិញ​ទៅមក ជាពិសេស​បុរស​ត្រូវតែ​ព្យាយាម​ស្វែងយល់​ពីស្ថានភាព​ផ្លូវភេទ​របស់​ភរិយាឱ្យ​បានច្រើន​ទើបជាការ​ប្រសើរ។
ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Google Analytics Alternative