កម្ពុជា​​​បានប្រារឰ​​​ពិធី​​​ទិវាសុខភាព​​​​ពិភពលោក​​​​ឆ្នាំ២០១១

ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមេសា កម្ពុជាតែងប្រារឰទិវា​សុខភាព​ពិភពលោក ដើម្បីរម្លឹក​ដល់ថ្ងៃ​បង្កើត​អង្គការ​សុខភាពពិភពលោក។ ទិវា​សុខភាពពិភពលោក​​​​​​​​​​​​​​​នៅក្នុងឆ្នាំ២០១១នេះ ត្រូវបានប្រារឰ​ធ្វើឡើង​នៅសណ្ឋាគារ​ភ្នំពេញ ដោយ​ជ្រើសរើស​នូវ ប្រធានបទ​មានចំណង​ជើងថា ភាពស៊ាំនៃឱសថ​ប្រឆាំងនឹង​មេរោគ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិតពីតឺរ វ៉ាន ម៉ារ៉ែន បានថ្លែងនៅក្នុង​ពិធី​នោះថា ជា​រៀងរាល់​ឆ្នាំ​អង្គការ​សុខភាពពិភពលោក​បាន​ជ្រើសរើស​ បញ្ហា​សុខភាព​ដែលមាន​សារៈ​សំខាន់មួយ ដែលជួយ​ឱ្យ​ទាំងអស់​គ្នា​បង្កើត​នូវការ​យល់ដឹង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​គ្រប់វ័យ និងគ្រប់​ ឋានៈ​ទាំងអស់​នៅជុំវិញ​ពិភពលោក​អំពី​សារៈ​សំខាន់​នៃបញ្ហា​ដែលត្រូវ​បាន​ជ្រើសរើស ជា​ប្រយោជន៍​ដល់​សុខភាពល្អ និង​សុខុមាលភាព​ របស់ពួក​គេ។ លោកបន្ដថា អង្គការ​សុខភាពពិភពលោក​បានផ្ដល់​ឱកាស​ពិសេស​មួយ​សម្រាប់​សហគមន៍​នានា​នៅជុំវិញ​ពិភពលោក​ ដើម្បីមក​ជួបជុំ​គ្នាក្នុង​រយៈពេល​មួយថ្ងៃ ដើម្បី​ជំរុញ​ឱ្យមាន​សកម្មភាព​ផ្សេងៗ ដែលអាច​ធ្វើឱ្យ​សុខភាព​របស់យើង​កាន់តែ​ប្រសើរ​ឡើង។ លោកថ្លែងថា ៖ នៅឆ្នាំនេះ​យើងមាន​ប្រធានបទគឺ ៖ ភាពស៊ាំនៃឱសថ​ប្រឆាំងនឹង​មេរោគ និងការ​រីករាលដាល​របស់វា​នៅជុំវិញ​ពិភពលោក។ ដូច្នេះសារ​របស់យើង​គឺមានន័យថា “ការប្រយុទ្ធនឹងភាពស៊ាំ​នៃឱសថ! បើគ្មាន​សកម្មភាព​នៅថ្ងៃនេះ ក៏គ្មានការ​ព្យាបាល​នៅថ្ងៃ​ស្អែកដែរ”។

ភាពស៊ាំ​​​នៃឱសថប្រឆាំង​​​នឹងមេរោគ​​​ជាញឹកញាប់ បណ្ដាលមក​ពី​​​ការ​ប្រើប្រាស់​​​​មិន​ត្រឹមត្រូវ​​​​នៃ​ឱសថ​​​ប្រឆាំង​នឹង​​​មេរោគ​ ​​​ដូចជា​​​​ការ​ប្រើប្រាស់​​​​មិនគ្រប់​​​​តាមកម្រិត ឬការ​ប្រើប្រាស់​​​​មិនត្រឹមត្រូវ

លោកវេជ្ជបណ្ឌិតពីតឺរ វ៉ាន ម៉ារ៉ែន បានបញ្ជាក់ថា រាល់ការ​ប្រើប្រាស់​ឱសថ​មិនត្រឹមត្រូវ ឬមិន​សមស្រប រួមមាន​ការលេប​ ថ្នាំក្រោម​ស្ដង់ដា ឬការ​លេបថ្នាំ​មិនគ្រប់​ចំនួន​ទៅតាម​វេជ្ជបញ្ជា​ជាដើម។ ពាក់ព័ន្ធ​នឹងបញ្ហានេះ នៅមាន​ឱសថ​ខ្លះមាន​គុណភាព​ទាប និងជា​ឱសថ​ក្លែងក្លាយ​ផងដែរ។ ដូច្នេះ​ទាំងអស់​នេះបាន​រួមចំណែក​ថែមទៀត​ទៅនឹង​ការកើត​ឡើង និងការ​រីករាល​ដាលនៃ​ភាពស៊ាំ​នៃថ្នាំ។

ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់​​​ជា​វិជ្ជមាន​ដោយ​សារភាព​ស៊ាំនៃ​ឱសថ​ទាំងនេះ

លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះថា ក្នុងពេល​បច្ចុប្បន្ន​ ការប្រយុទ្ធ​នឹងភាពស៊ាំ​នៃឱសថ​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នកវិទ្យាសាស្ដ្រ វេជ្ជបណ្ឌិត និងអ្នកជម្ងឺ​ទូទាំង​ប្រទេស។ ប្រទេស​ កម្ពុជាយើង​ក៏ទទួល​ផល​ប៉ះពាល់​ជាវិជ្ជមាន ដោយសារ​ភាពស៊ាំ​នៃឱសថ​ទាំងនោះដែរ ជាពិសេស​គឺអ្នកជម្ងឺ​គ្រុនចាញ់​ដែល​មជ្ឈមណ្ឌល​ កម្ចាត់ជម្ងឺ​គ្រុនចាញ់​បានខំ​ប្រឹងប្រែង​យកចិត្ដ​ទុកដាក់​សហការ​ជាមួយ​អន្ដរជាតិ ក្នុងការ​ប្រយុទ្ធ​និងបំបាត់​ភាពស៊ាំ​នៃឱសថ​គ្រុនចាញ់​ ដែលកើត​មាននៅ​តំបន់ភូមិ​ភាគខាង​លិចជាប់​ព្រំប្រទល់​ប្រទេសសៀម។ លោកបន្ដថា ភាគច្រើន​យើងបាន​ឃើញភាពស៊ាំ​នៃឱសថនេះ​ បានកើត​មានទៅ​លើ​ឱសថព្យាបាល​ជម្ងឺរបេង ជម្ងឺអេដស៍ និងឱសថ​ដទៃទៀត​ដែលព្យាបាល​ជម្ងឺឆ្លង​ផងដែរ។ ដូច្នេះ​ប្រសិន​បើយើង​ មិនបង្កើន​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​បញ្ហា​ដែល​លេច​ឡើង​ទាំងនេះទេ នោះប្រទេស​យើងនឹង​បាត់បង់​នូវ​ឱសថ​សំខាន់ៗ​យកមក​ព្យាបាល​ ជម្ងឺឆ្លង​ដែលធ្លាប់​បានធ្វើ​កន្លងមក។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលបាន​ខំប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ តាមរយៈ​ក្រុម​អធិការកិច្ច​ ឱសថ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ និងគ្រឿងសម្អាង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative