លិង្គ​មិនសូវ​រឹង

ជម្រាបសួរ​លាក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាន​អាសយដ្ឋាន​អ៊ីម៉ែល​របស់​លោក​វេជ្ជបណ្ឌិត​តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។ ពេលនេះ ខ្ញុំ​សរសេរ​សំបុត្រ​ទៅកាន់​លោក​វេជ្ជបណ្ឌិត ដើម្បី​សាកសួរ​អំពី​រឿង​សុខភាព​ផ្ទាល់ខ្លួន។ ខ្ញុំ​ទើបតែ​មានអាយុ​១៨ឆ្នាំ​តែប៉ុណ្ណោះ ខ្ញុំមាន​អារម្មណ៍​ហាក់​ដូចជា​មាន​បញ្ហាការ​ឡើង​រឹង​នៃលិង្គ នាពេល​ថ្មីៗ​នេះ។ លិង្គ​របស់ខ្ញុំ​មិនឡើង​រឹងវែង និង​មាំមួន​ដូច​មុនទេ។ ខ្ញុំ​ចង់ដឹង​ថា តើអាច​មានរឿង​អ្វីមួយ​កើតឡើង​ដែរឬទេ​ចំពោះ​សុខភាព​របស់​ខ្ញុំ។ ហេតុ​នេះ តើ​លោក​វេជ្ជបណ្ឌិត​អាចជួយ​ណែនាំ​វេជ្ជបណ្ឌិត​ណាមួយ​ដល់ខ្ញុំបាទ ដើម្បី​ពិគ្រោះ​អំពី​បញ្ហានេះ​បានឬ​ទេ? សូម​អរគុណ​ដល់លោក​វេជ្ជបណ្ឌិត​ជាមុន ដែលបាន​ចំណាយ​ពេល​ឆ្លើយ​សំណួរ​ខ្ញុំបាទ។ សូម​គោរព​លា។
លោក យ. ស. ហ. វ អាយុ​១៨ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូ​នប្រុស​ដែលបាន​សរសេរ​លិខិត និងសា​កសួរ​សំណួរ​នេះដល់​ខ្ញុំបាទ។ តាមច្បាប់​ធម្មជាតិ គ្មានអ្វី​ដែល​ទៀងទាត់​នោះទេ ដូចជា​ពាក្យខ្មែរ​មួយឃ្លា​ដែលបាន​លើកឡើង​ថា“កង់ត្រាច កង់ធ្នង់”។ ករណី​ប្អូនប្រុស​អាចជាការ​មិនសូវ​ឡើងរឹង​នៃលិង្គ​មួយរយៈ ដោយសារ​ប្រការ​ណាមួយ​តែប៉ុណ្ណោះ។ តាមពិត​អាយុ​ប៉ុន​ប្អូនប្រុស​មិនទាន់​ត្រូវមាន​វិបត្ដិ​លិង្គ​មិនសូវ​ឡើង រឹង ឬ​លិង្គងាប់​នោះទេ។ ព្រោះថា​ករណី​លិង្គ​មិនសូវឡើង​រឹង ច្រើនតែ​កើតមាន​នៅលើ​មនុស្ស​ប្រុសវ័យ​លើសពី៤០​ឬ៥០ឆ្នាំ​ប៉ុណ្ណោះ។ បើ​និយាយ​ពីមូលហេតុ​ដែលនាំ​ឱ្យមាន​វិបត្ដិ​មុខងារ​ឡើងរឹង​របស់​លិង្គនេះ គឺអាច​បណ្ដាល​មកពី​ចង្កោម​កត្ដា២ធំៗ គឺកត្ដា​ផ្លូវចិត្ដ និង កត្ដា​ផ្លូវកាយ។ ចង់​និយាយ​ថា ការ​ប្រែប្រួល​សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវចិត្ដ អាចបង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ផ្លូវភេទ ឬ​សមត្ថភាព​ផ្លូវភេទ​ផងដែរ។ ហេតុនេះ​ករណី​ប្អូនប្រុស​គឺអាច​បណ្ដាល​មកពី​ស្ថានភាព​សុខភាព​ទាំង​ផ្លូវកាយ​ទាំងផ្លូវចិត្ដ​មិន​ប្រក្រតី​ណាមួយ។ ប៉ុន្ដែសូមប្អូន​កុំអស់​សង្ឃឹម ពេលដែល​ស្ថានភាព​សុខភាព​ប្រសើរឡើង​វិញ សមត្ថភាព​លិង្គ​របស់​ប្អូនប្រុស​នឹង​វិលមករក​សភាពធ​ម្មតាវិញ។ នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ មិនទាន់​មាន​គ្រូពេទ្យ​ឬវេជ្ជបណ្ឌិត​ដទៃទៀត​ណាដែល​ទទួល​ពិគ្រោះ អំពី​បញ្ហា​ផ្លូវភេទ​នេះ ក្រៅពី​ខ្ញុំបាទ​នៅឡើយ​ទេ។ បើ​ប្អូនប្រុស​នៅមាន​ចម្ងល់​ទៀត ប្អូនប្រុស​អាចមក​ជួប​ជាមួយ​ខ្ញុំបាទ​នៅមជ្ឈមណ្ឌល វេជ្ជសាស្ដ្រ​អ៊ិលស៊ីស៊ី​ដោយ​ផ្ទាល់ ឬក៏​សរសេរ​សំបុត្រ​ជាថ្មី​មកកាន់ខ្ញុំ​បាទ។ សូមប្អូន​ប្រុសមាន​សំណាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative