ឆា​ប់ចេញ​ទឹកកាម​ និងការពន្យារ​កំណើត

សូម​គោរពជូន​លោក​អគ្គនាយក​ទស្សនាវដ្ដី សុខភាពយើង។ ខ្ញុំបាទ​ជាប្រិយមិត្ដ​របស់​ទស្សនាវដ្ដី សុខភាព​យើង។ ខ្ញុំ​តែងតែ​តាមដាន​គ្រប់លេខ​ទាំងអស់​របស់​ទស្សនាវដ្ដី​នេះ។ នៅពេលនេះ​ខ្ញុំមាន​បញ្ហា​មួយចំនួន​សូម​ទស្សនាវដ្ដី សុខភាព​យើង ជួយ​ផ្ដល់ជា​មតិ ៖

ខ្ញុំនិង​ភរិយាខ្ញុំ​ទើបនឹង​រៀបការ។ ប្ដីប្រពន្ធ​ខ្ញុំមាន​សេចក្ដី​សុខណាស់​ក្នុងការ​រស់នៅ​ជាមួយ​គ្នា ហើយ​ពួកខ្ញុំ​ទាំងពីរ​នាក់ក៏​យល់ចិត្ដគ្នា​ទៅវិញ​ទៅមក​ដែរ ជាពិសេស​គឺរឿង​លើគ្រែ។ ក៏ប៉ុន្ដែ​មានរឿង​មួយ​ដែលធ្វើ​ឱ្យយើង​ទាំងពីរនាក់​ពិបាក​រកវិធីដោះស្រាយ​នោះ គឺជា​រឿងដែល​ខ្ញុំជាប្ដី​ឆាប់ចេញ​ទឹកកាម​ពេកពេល​រួមរ័ក ហើយវា​ធ្វើ​ឱ្យយើង​ទាំងពីរ​នាក់​មាន​អារម្មណ៍​មួយថា​មិន​អស់ចិត្ដ ព្រោះ​យើងមិន​អាចដល់​ចំណុច​មួយដែល​យើង​ទាំងពីរនាក់​ត្រូវការ។ ពេលខ្លះ​គ្រាន់តែ​ប្រពន្ធ​ខ្ញុំ​បបោស​អង្អែល ឬក៏​ប្រើមាត់​ជាមួយ​ប្រដាប់​របស់ខ្ញុំ ខ្ញុំ​ក៏ចេញ​ទឹកកាម​បាត់​ទៅហើយ។ ក្រោយ​ពីបាន​ពិភាក្សា​គ្នា ខ្ញុំក៏បាន​សម្រេចចិត្ដ​សរសេរមក​ខាង​ទស្សនាវដ្ដី ដើម្បី​ចង់បាន​ដំបូន្មាន​ខ្លះ។ យើងមាន​សំណួរ​ដូច​ខាងក្រោម ៖ 

1 . តើមាន​វិធី​ដើម្បី​កុំឱ្យឆា​ប់ចេញ​ទឹកកាម​ដែរឬទេ? ព្រោះយើង​បានអាន​សៀវភៅ​ខ្លះថា ចំពោះ​អ្នកខ្លះ​អាចរួមរ័ក​បានរយៈពេល​រហូត​ដល់២០​ទៅ៣០នាទី ទើបដល់​ចំណុច​កំពូល។ បើ​ប្រើថ្នាំ តើអាច​ទៅរួច​ដែរឬទេ? តើថ្នាំ​នោះមាន​ឈ្មោះអ្វី ហើយអាច​រកទិញ​នៅកន្លែង​ណាបាន? ហើយវា​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរឬទេ?

2 . ខ្ញុំចង់​ព្យាបាល​រោគឆាប់​ចេញទឹកកាម​នេះ តើអាច​ទៅរួច​ដែរឬទេ? បើអាច តើមាន​ថ្នាំអ្វី​ដែលអាច​ប្រើការ​បាន? តើមាន​ដុកទ័រ​ណាដែល​មាន​ជំនាញ​ខាងផ្នែក​នេះដែរ​ឬទេ នៅភ្នំពេញ​(សូមផ្ដល់​ជាអាសយដ្ឋាន)?

3 . ខ្ញុំ​ទាំងពីរ​នាក់មិន​ទាន់ចង់​បានកូន​នៅពេល​នេះទេ ប្រពន្ធ​ខ្ញុំក៏​មិនចង់​ប្រើថ្នាំ​ការពារ​ដែរ ហើយខ្ញុំ​ក៏អត់ចង់​ប្រើស្រោម​អនាម័យ​ដែរ។ ដោយយោង​ទៅលើ​រដូវ​ប្រពន្ធ​របស់ខ្ញុំ តើ​ពេលណា​ដែលយើង​រួមរ័ក​ហើយ​មិនមាន​កូន?

4. បើ​ប្រពន្ធខ្ញុំ​ប្រើថ្នាំ​ការពារ តើ​ថ្នាំអ្វី​ដែល​ល្អជាងគេ? ហើយវា​ប៉ះពាល់​ដែរ​ឬអត់ ពេលដែល​យើង​សម្រេចចិត្ដ​ថាចង់​បានកូន?
យើងខ្ញុំ​សូម​អរគុណទុ​កជាមុន​នូវរាល់ដំ​បូន្មាន​ដែលខាង​ទស្សនាវដ្ដី​ផ្ដល់ឱ្យ​យើងខ្ញុំ​ទាំងពីរនាក់។
ប្ដីប្រពន្ធ នៅ​ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ តាងនាម​ឱ្យ​ទស្សនាវដ្ដី សុខភាព​យើង ខ្ញុំបាទសូ​ម​អរគុណ​លោក និង​ភរិយា​ដែលបាន​គាំទ្រ​ស្នាដៃ​របស់​យើងខ្ញុំ។ ខ្ញុំបាន​យល់ហើយ​នូវបញ្ហា​របស់​លោក ប៉ុន្ដែ​ខ្ញុំមិន​មាន​ព័ត៌មាន​ថា លោក និង​ភរិយា​មានអាយុ​ប៉ុន្មាន និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ដទៃទៀត។ ទោះជាបែប​នេះក្ដី វេជ្ជបណ្ឌិត​យើង​សូមឆ្លើយ​នឹងលោក​ដូចតទៅ ដោយ​សង្ខេប​ជាពីរចម្លើយ​តែប៉ុណ្ណោះ មួយ​ទាក់ទង​នឹងការ​ឆាប់ចេញ​ទឹកកាម ហើយ​មួយទៀត​ទាក់ទង​នឹងការ​ពន្យារកំណើត។

1 . វិធី​ទប់ទល់​ការ​ឆាប់ចេញ​ទឹកកាម ៖ ទាក់ទង​នឹងការ​លើកឡើង​ដោយផ្អែក​លើសៀវភៅ​ផ្សេងៗ​នេះ ដែល​អះអាង​ថាការ​រួមភេទ ឈាន​ដល់ចំណុច​កំពូល​ត្រូវប្រើ​រយៈពេល​ពី២០​ទៅ៣០នាទី​នោះ មិនអាច​ជាការពិត​១០០%​នោះទេ។ តាមពិត​ការចេញ​ទឹកកាម ឬ​ការ ឈាន​ដល់​សេចក្ដី​សុខដល់​កំពូល​ខាងផ្លូវភេទ​របស់​មនុស្ស ទោះជា​បុរសក្ដី​ស្ដ្រីក្ដី មិន​អាស្រ័យ​ទៅលើ​ពេលវេលា​នោះទេ តែវា​អាស្រ័យ​ទៅនឹង​ផ្លូវចិត្ដ​ផ្លូវ​អារម្មណ៍ និង​ស្ថានភាព​សុខភាព​រាងកាយ​ឯណោះ​វិញនោះ​ទេ។ ជាអាទិ ការ​ឆាប់ចេញ​ទឹកកាម​ចែកចេញ​ជាពីរ​ប្រភេទ គឺ​ប្រភេទទី១ និង​ប្រភេទទី២។ ការ​ឆាប់ចេញ​ទឹកកាម​ប្រភេទ​ទី១ ច្រើន​បណ្ដាល​មកពី​កត្ដាផ្លូវចិត្ដ​ផ្លូវ​អារម្មណ៍ ដែល​ច្រើនតែ​កើតតាំង ពីរពេល​រួមភេទ​គ្រាដំបូង។ រីឯការ​ឆាប់ចេញ​ទឹកកាម​ប្រភេទ​ទី២ ជាករណី​កម្រ ច្រើនតែ​បណ្ដាលម​កពី​មូលហេតុ​ផ្លូវកាយ តែក៏​អាចមក​ពីមូលហេតុ​ផ្លូវចិត្ដ​ផ្លូវអារម្មណ៍​ផងដែរ មាន​សភាព​ធម្មតា តែក្រោយ​មកក៏​ឆាប់ចេញ​ទឹកកាម​ភ្លាម​តែម្ដង។
ឆាប់ចេញ​ទឹកកាម​មិនមែន​ជាបញ្ហា​ធ្ងន់ធ្ងរ​នោះទេ។ ករណី​លោក​ប្រហែល​ជាករណី​ឆាប់ចេញ​ទឹកកាម​ប្រភេទ​ទី១។ បំណង​ដែលលោក​ចង់ទៅ​ពិគ្រោះ​ផ្នែក​ផ្លូវភេទ ពិតជា​បំណងល្អ​បំផុត​ដែលត្រូវ​ធ្វើ ប៉ុន្ដែ​អភ័ព្វ​ណាស់​នៅប្រទេស​ខ្មែរយើង មិនទាន់​មានអ្នក​ជំនាញ​ត្រឹមត្រូវ ហើយ​ក៏មិនទាន់​មាន​មន្ទីរពេទ្យ​ឬគ្លីនិក​ណាមួយ​ទទួល​ព្យាបាល​បញ្ហានេះ​នៅឡើយ​ទេ។ តាមក្បួន​វេជ្ជសាស្ដ្រ​មានវិធី​ព្យាបាល​ដោយថ្នាំ​ពេទ្យ​សម្រាប់​ទប់ទល់​នឹងការ​ឆាប់ចេញ​ទឹកកាម ដូចជា​ថ្នាំស្ពឹក​លាប ឬ​ចាក់បញ្ចូល​ទៅក្នុង​ប្រដាប់ភេទ​ជាដើម។ ប៉ុន្ដែ​ករណី​លោក​មិនចាំបាច់​ដល់​ប្រើថ្នាំ​ព្យាបាល​នោះទេ ខ្ញុំសូម​អភ័យទោស​មិនអាច​ជម្រាប​អំពីថ្នាំ​នេះបាន​ទេ ព្រោះមាន​លក្ខណៈ វេជ្ជសាស្ដ្រ​ខ្លាំងពេក។ វិធីទប់ស្កាត់​ការ​ឆាប់ចេញ​ទឹកកាម​តាមបែប​ធម្មជាតិ​ជាវិធី​សាស្ដ្រ​ប្រសើរ​បំផុត ព្រោះ​ថាគ្មាន​ផលអាក្រក់ ហើយ​វាអាច​ជួយកែ​តម្រូវ​សកម្មភាព​ផ្លូវភេទ​ឡើងវិញ​បាន។ វិធី​ប្រសើរនោះ​គឺវិធី​គ្រប់គ្រង​វិញ្ញាណ ដែលមាន​វិធី​ពីរយ៉ាង គឺវិធី​ផ្អាក-សម្រុក និង​វិធី​ច្របាច់​ក្បាលលិង្គ។ បើ​លោកធ្លាប់​អាន​ទស្សនាវដ្ដី សុខភាពយើង សូម​លោក​បើកទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខ០០៤, ០០៥ និង​លេខ០០៦ ដែលចេញ​ផ្សាយ​កាលពី​ឆ្នាំ២០០៦ លោកនឹង​បានឃើញ​អត្ថបទ​ទាក់ទង​នឹង“ឆាប់ចេញ​ទឹកកាម” ដែលនិពន្ធ​ចងក្រង​ដោយលោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។

2 . វិធី​ពន្យារ​កំណើត ៖ ការ​ពន្យារ​កំណើត ឬ​មិនទាន់​ចង់បាន​កូន​មានវិធី​សាស្ដ្រ​ជាច្រើន។ អ្វីដែល​លោក​និយាយ​អំពីការ​លេបថ្នាំ​ទប់ ស្កាត់​ការមាន​កូន និងការ​ប្រើស្រោម​អនាម័យ គឺ​ពិតជា​វិធី​មិនមែន​តាម​បែប​ធម្មជាតិ​ឡើយ។ ប្រពន្ធ​លោក​មិនចង់​លេបថ្នាំ​ពន្យារ​កំណើត រីឯលោក​មិនចង់​ប្រើស្រោម​អនាម័យ​ដែលវិធី​ទាំងពីរ​នេះសុទ្ធតែ​មាន​ប្រសិទ្ធភាព។ ម្នាក់ៗ​សុទ្ធតែ​មាន​ជម្រើស និង​ហេតុផល​រៀងៗខ្លួន។ ប្រហែល​ជាលោក​ចង់សំដៅ​ទៅរក​វិធី​ពន្យារកំណើ​តាមបែប​ធម្មជាតិ​ហើយ​មើលទៅ។ មានវិធី​ពីរបី​ដែលអាច​ធ្វើបាន ប៉ុន្ដែ​មិនសូវ​ជាធានា​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ គឺវិធី​រាប់ថ្ងៃ​បង្កកំណើត​(តមរួមភេទ​ចំថ្ងៃ​បង្កកំណើត) បាញ់​ទឹកកាម​ចេញក្រៅ​(ចាក់ទឹកក្រៅ ពាង) និង​វិធីតាមដាន​កំដៅខ្លួន​(តមរួមភេទ​ពេលប្ដូរ​កំដៅខ្លួន)។ ខ្ញុំ​សូមរំលឹកថា​វិធី​បែបធម្មជាតិ​ទាំងនេះ​ត្រូវអនុវត្ដ​យ៉ាង​ម៉ត់ចត់​បំផុត ជួន​នៅតែ​អាចមាន​កូនបាន​ទៀត។ ហេតុនេះ​សូម​លោកអ្នក​ទាំងពីរនាក់​នាំគ្នា​ទៅជួប​គ្រូពេទ្យ​ជំនាញ​ខាងពន្យារ​កំណើត។
ករណី​ពីរនាក់​ប្ដីប្រពន្ធ​របស់​លោក ខ្ញុំ​គិតថា​មាន​ជម្រើសល្អ​ម្យ៉ាង គឺការ​រួមភេទ​ដោយ​ប្រើស្រោម ព្រោះ​វាអាច​ជួយបាន​ទាំងពីរ​ករណី​របស់លោក ទាំង​ទប់ស្កាត់​ការ​ឆាប់ចេញ​ទឹកកាម និង​ទប់ស្កាត់​ការមាន​កូន​ដែល​មិនទាន់​ចង់បាន។ សូមលោក​និង​ភរិយា​ទទួល សុភមង្គល និង​សំណាង​ល្អ។ បើលោក​មិនអស់​ចិត្ដអាច​សរសេរ​សំបុត្រ​មក​ទស្សនាវដ្ដី សុខភាពយើង​ជាថ្មី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative