ក្លិន​មាត់ និង​ក្អួតចង្អោរ​ចាញ់កូន

បច្ចុប្បន្ន​នេះ ខ្ញុំ​បម្រើ​ការងារ​នៅក្នុង​សណ្ឋាគារ​មួយ ដែលមាន​តួនាទី​ខាងផ្នែក​ទំនាក់ទំនង​ជាមួយ​នឹង​អតិថិជន។

1 . ប៉ុន្ដែមាត់​របស់ខ្ញុំ​មាន​ក្លិនមាត់ (ធ្មេញតូចៗ ហើយ​កខ្វក់) ដូច្នេះ​ខ្ញុំចង់​ឱ្យលោក​វេជ្ជបណ្ឌិត​យើង​ជួយ​ដោះស្រាយ​នូវបញ្ហា​នេះ។ អ្នកខ្លះ​បាន​និយាយ​ប្រាប់ខ្ញុំ​ថា ឱ្យខ្ញុំ​ទៅធ្វើការ​សម្អាត​ធ្មេញទៅ។

2 . ភរិយា​របស់ខ្ញុំ​មាន​ផ្ទៃពោះ ហើយនាង​តែងតែ​មាន​អាការ​ក្អួតចង្អោរ​ជារៀងរាល់​ថ្ងៃ ដូច្នេះ​សូមលោក​វេជ្ជបណ្ឌិត​យើង ជួយពន្យល់​ប្រាប់ខ្ញុំ​ផង។ ខ្ញុំសង្ឃឹម​ថាលោក​វេជ្ជបណ្ឌិត​នឹងឆ្លើយ​តបនូវ​ចម្ងល់នេះ​ក្នុង​ពេលឆាប់ៗ​នេះ។ សូមជូនពរ​ឱ្យលោក​វេជ្ជបណ្ឌិត មាន​សំណាងល្អ និង​សុខភាព​បរិបូរណ៍។
លោក ប. គ. ន នៅភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ ខ្ញុំសូម​ធ្វើការ​ឆ្លើយតប​នឹង​សំណួរ​របស់លោក​ជា២ចម្លើយ​ដូចតទៅ ៖

1. ក្លិន​មាត់ ៖ ក្នុង​ជីវភាព​រស់នៅ មនុស្ស​តែងតែ​មាន​ទំនាក់ទំនង​ឬប្រាស្រ័យ​ទាក់ទង​គ្នា​តាមរយៈ​សម្ដី​សំដៅ ឬ​ចាប់ដៃ ជើង ចៀស​មិនផុត​ឡើយ។ ចុះបើមាន​ក្លិនមាត់ ពិតជា​ពិបាក​ទ្រាំសន្ទនា​ជាមួយ​ណាស់។ ករណី​លោក​ដែល​ជាអ្នក​បំពេញ​ការងារ​ជួប ភ្ញៀវ​រិតតែ​សំខាន់ណា​ស់ទៅទៀត​ចំពោះ​ក្លិនមាត់​នេះ។ ក្លិនមាត់ គឺចង់​សំដៅ​ទៅលើ​មាត់​ដែលមាន​ក្លិន​មិនល្អ។ ក្លិនមាត់មិ​នល្អ​បណ្ដាល មកពី​កត្ដា​៣យ៉ាង គឺ​បញ្ហាមាត់​ធ្មេញ​ខ្លួនឯង​ផ្ទាល់ បញ្ហា​ច្រមុះ និងបញ្ហា​ក្រពះ។ មាន​ន័យថា​អ្នកដែល​មានក្លិន​មាត់​អាចមក​ពីមាន​ជម្ងឺ ឬ​បញ្ហា​នៅនឹង​ធ្មេញ នៅនឹង​មាត់ ជួន​ដោយសារ​ជម្ងឺ​ច្រមុះ ឬ​ដោយសារ​ជម្ងឺ​ក្រពះ​ផងដែរ។ ដូច្នេះ​ដំបូន្មាន​ដែលឱ្យ​លោក​អញ្ជើញ​ទៅលាង​ធ្មេញ ក៏ជាដំបូន្មាន​ត្រឹមត្រូវ​ដែរ។

ដើម្បី​ជាប្រយោជន៍​សម្រាប់​លោក ខ្ញុំសូម​ជម្រាប​ជូនអំពី​វិធី​បំបាត់​ក្លិនមាត់​ដូចតទៅ។ បំបាត់​បញ្ហា​ក្លិនមាត់​ឱ្យ​ទទួលបាន​ជោគជ័យ ជាចាំបាច់​ត្រូវរក​ឬសគល់ និង​មូលហេតុ​ឱ្យឃើញ​ច្បាស់​ជាមុនសិន។

  • យ៉ាងណា​ម៉ិញ ប្រសិន​បើមាន​បញ្ហា​ជាជម្ងឺ​ដំបៅ​ក្រពះ ត្រូវទៅ​ព្យាបាល​ក្រពះ។
  • បើមាន​បញ្ហា​រលាកច្រមុះ ត្រូវទៅ​ព្យាបាល​ច្រមុះ​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ពិតប្រាកដ ដើម្បី​ទទួលបាន​នូវ​ជោគជ័យ​កាន់តែ​ប្រសើរ។
  • ដោយឡែក​បញ្ហា​ក្លិនមាត់​ដែល​បណ្ដាល​មកពី​មាត់ធ្មេញ​ខ្លួនឯង​ផ្ទាល់ ត្រូវទៅ​ពិគ្រោះ និង​ព្យាបាល​ជាមួយ​អ្នកដែល​មាន ឯកទេស​ពិតប្រាកដ​ដើម្បី​សម្អាត និង​ព្យាបាល​ធ្មេញខូច​ដែលបង្ក​ឱ្យមាន​បញ្ហា​ក្លិនមាត់​នេះ។ ប៉ុន្ដែ​ប្រការ​សំខាន់​ដែល​ចាំបាច់​គួរធ្វើ​ដោយ ខាន​ពុំបាន គឺ​ខ្លួនឯង​ផ្ទាល់​ត្រូវធ្វើ​អនាម័យធ្មេ​ញឱ្យបាន​ល្អ ដុសសម្អាត​កម្ទេចកម្ទី​ចំណី​អាហារ​ដែលនៅ​ជាប់នឹង​ធ្មេញ​ឱ្យបាន​ស្អាត និង ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ធ្មេញខូច និងមាន​ប្រហោង។

2 . ក្អួត​ចង្អោរ​ចាញ់កូន ៖ ឆ្លើយតប​នឹង​សំណួរទី២ ដែល​ចង់សួរ​អំពី​អាការ​ក្អួតចង្អោរ​ដែលជា​រោគសញ្ញា​ចាញ់​កូននៅពេលមាន​ផ្ទៃពោះ​របស់​ភរិយា​លោក។ ខ្ញុំ​ពិបាក​ឆ្លើយបន្ដិច ដោយសារ​មិនដឹង​ថាភរិយា​របស់​លោក​មាន​ផ្ទៃពោះ​ប៉ុន្មានខែ និងមាន​ស្ថានភាព​សុខភាព​បែបណា។ ដំបូន្មាន​ខ្ញុំ លោកគួរ​នាំភរិយា​ទៅជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព និង​ផ្ទៃពោះ​ទើបប្រសើរ។ តែខ្ញុំ​ក៏សូម​ជម្រាប ជូន​អំពី​ប្រការ​គួរយល់​ដឹង ដើម្បី​ទប់ទល់​នឹង​អាការ​ក្អួតចង្អោរ ពេលចាញ់​កូន​ដូចខាង​ក្រោមនេះ​ផងដែរ។

អាការ​ចង្អោរ និងក្អួត​ពេល​ចាប់មាន​ផ្ទៃពោះ មាន​កម្រិតតិច ឬ​ខ្លាំង​ទៅតាម​ស្ដ្រីម្នាក់ៗ។ អាការ​ទាំងនេះ​កើតមាន​នៅខែ ទី១ ដល់​ខែទី៣ នៃការ​តាំងគភ៌ ហើយ​ស្ដ្រី​មានគភ៌​ជាង៥០​ភាគរយ ទទួលរង​ការចាញ់កូ​ន។ ស្ដ្រីខ្លះ​កើតមាន​អាការ​ចាញ់មុន​ដំបូង​តិច ក្រោយមក​ទើបខ្លាំង តែស្ដ្រី​ខ្លះទៀត​កើតមាន​អាការ​ចាញ់ខ្លាំងក្លា​ពិបាក​ទ្រាំតែម្ដង។ ខះទៀត​កើតមាន​អាការ​ចាញ់ខ្លាំងក្លា​ពិបាក​ទ្រាំតែ​ម្ដង។ អាការ​ចាញ់​ក្អួតចង្អោរ បាត់​ចាប់ពី​ចុងខែ​ទី៣ នៃការ​តាំងគភ៌។ ស្ដ្រី​ភាគតិច​បំផុត​ដែលនៅ​ទទួលរង​អាការ​ចង្អោរ រហូត​ដល់ត្រីមាស​ទី២ និង​ត្រីមាស​ទី៣​នៃគភ៌ ពោល​ចាប់ពី​ខែទី៤ ដល់​សម្រាល។ ជាទូទៅ អាការ​ចង្អោរ​ក្អួតចាញ់​កូននេះ មិន​បង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្ដ្រី​ជាមាតា និង​សុខភាពកូន​ក្នុង​ផ្ទៃទេ។ រហូត​មកដល់​សព្វថ្ងៃ​នេះ មិនទាន់​មានអ្នក​វិទ្យាសាស្ដ្រ រកឃើញ​ដើម​ហេតុ​នៃអាការ​ចាញ់នេះ​ជាក់លាក់​នៅឡើយ អ្វីៗ​ស្ថិតនៅជា​អាថ៌កំបាំង។ អាការចាញ់​ចង្អោរ កើតមាន​ជាញឹកញាប់​នៅពេល​ព្រឹក​ព្រលឹម ពេលទើប​នឹងងើប​ពីគ្រែ និង​មិនទាន់​បានបរិភោគ​អ្វីសោះ។ ហើយ​ក៏មាន​ស្ដ្រី​ទើបតែ​មានគភ៌​មិនតិច​នាក់ដែរទេ បាន​ត្អូញត្អែរ​ថា អាការ​ចាញ់ចង្អោរ​នេះកើត​មានពេញ​មួយថ្ងៃ។

ដើម្បី​ជាជំនួយ​ខ្ញុំសូម​ជម្រាប​ជូន​ដំបូន្មាន​សម្រាប់​ស្ដ្រី​ទើបតែ​មាន​ផ្ទៃពោះ​ដូចតទៅ។

  • ដើម្បី​ទប់ស្កាត់​អាការ​ចង្អោរ​ពេល​ព្រឹកព្រលឹម ប្រសិនបើ​អាច សូមកុំ​អាលងើប​ពីលើគ្រែ និង​ពិសា​អាហារ​ពេលព្រឹក​នៅ លើគ្រែ​គេងនោះ​តែម្ដង។ រួចហើយ​សូម​រង់ចាំ​ឱ្យបាន​១៥នាទី ទើបងើប​ពីលើគ្រែ តែសូម​ងើបដោយ​សន្សឹមៗ និង​ថ្នមៗ ចៀសវាង ការ​ងើបដោយ​គំហុក។
  • សូមកុំ​ពិសាអាហារ​ជាតិខ្លាញ់ និង​អាហារ​លាយ​ជាតិមិន​រលាយ​លឿន។ ជាពិសេស​នៅពេល​ព្រឹក កាហ្វេ​ទឹកដោះគោ ឬ​តែទឹកដោះគោ គួរ​ចៀសវាង។ សូម​ខិតខំ​ពិសា​ចំណីអាហារ​ស្ងួត ឬ​ក្រៀម ដែលមាន​ជាតិស្ករ​ជ្រាបយឺត​ដូចជា​បាយ នំប៉័ង គ្រាប់ធុញ្ញជាតិ នំស្រួយ​ជាដើម។
  • សូម​បរិភោគតិចៗ តែច្រើន​ដង ជាពិសេស​សូម​បន្ថែម​ពេល​បរិភោគ​ពាក់កណ្ដាល​ព្រឹក (ប្រមាណ​ជាម៉ោង១០) និង​ពាក់ កណ្ដាល​រសៀល (ប្រមាណ​ជាម៉ោង៣ ឬ៤) ដោយ​ពិសា​នំស្រួយ ផ្លែឈើ យ៉ាអ៊ួរ​ជាដើម។
  • សូមប្រយ័ត្ន​ចំពោះក្លិន​ផ្សេងៗ ជាពិសេស​ក្លិនថ្នាំ​ជក់ ឬបារី ក្លិន​ទឹកអប់​មួយចំនួន និងក្លិន​ចំណីអាហារ​ខ្លះ ដែលអ្នក​មិនចូលចិត្ដ។
  • ប្រសិនបើ​ក្អួតច្រើន សូម​ពិសាទឹក ឬ​ភេសជ្ជៈ​បន្ដិចៗ និង​ញឹកញាប់។
  • ព្រមទាំង​សូម​សម្រាក​កាយ​ឱ្យបាន​គ្រប់គ្រាន់។

ប្រសិន​បើអាការ​ចាញ់​ក្អួតចង្អោរ នៅតែ​បន្ដមាន ឬក៏​អាការ​ទាំងនេះ​កើតមាន​បែបខ្លាំងក្លា ឬ​បែប​ញឹកញាប់​មែនទែន សូម​អញ្ជើញ​ទៅសាកសួរ​ប្រឹក្សា ឬដំបូន្មាន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។ គ្រូពេទ្យ​នឹង​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ថាមាន​ផ្ទៃពោះ​មែន ទេ? បើជា​ករណី មាន​ផ្ទៃពោះ ហើយ​ចាញ់ គ្រូពេទ្យ​នឹងផ្ដល់​ថ្នាំលេប​ប្រឆាំង​អាការក្អួត។

ខ្ញុំ​សង្ឃឹមថា​លោកនឹង​អាចយក​ព័ត៌មាន​ទាំងនេះ​ទៅពិចារណា និង​អនុវត្ដ​តាមយ៉ាង​មាន​ប្រសិទ្ធភាព។ វេជ្ជបណ្ឌិតយើង​សូមជូនពរ​ដល់​លោក និង​ក្រុមគ្រួសារ​មាន​សុខភាពល្អ និង​ជោគជ័យ​រាល់ការងារ​ទាំងឡាយ។ បើលោក​នៅតែ​មានចម្ងល់ ឬមាន​ចម្ងល់ ផ្សេង​ទៀត សូម​សរសេរ​លិខិតមក​ទស្សនាវដ្ដី សុខភាព​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

 

Google Analytics Alternative