អាហារ​បំប៉ន​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ

ដើមឈើ​កាលណា​ជិតចេញ​ផ្លែ វា​ត្រូវការ​ទឹក និងជី​យ៉ាងច្រើន។ រីឯ​មាន់ទា​ក៏ដូចគ្នា​ដែរ កាលណា​វាស្ថិត​នៅក្នុង​វ័យ​បញ្ចេញពង វា​ត្រូវការ​ការ​បំប៉ន​ចំណីល្អ​ដល់វា​ឱ្យបាន​ឆ្អែត​ទើបវាពង​បានស្មើ​ហើយ​ធំៗល្អ។ ចំណែក​មនុស្ស​យើង​ក៏ដូចគ្នា​ដែរក្នុង​ពេលមាន​គភ៌ កាន់តែ​ត្រូវការ​ការ​បំប៉ន​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និងមាន​ជីវជាតិ​ទៀតផង ទើបអាច​ទប់ទល់​នឹង​បម្រែ​បម្រួល​ផ្សេងៗ​របស់​រាងកាយ​បាន។ តើ​ចំណី​អាហារ​បែបណា​ដែលស្ដ្រី​មាន​ផ្ទៃពោះ​គួរ​បរិភោគ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​ប្រធានបទ​ដែល​ទាក់ទង​ទៅនឹង​ស្ដ្រីមាន​ផ្ទៃពោះ ទស្សនាវដ្ដី សុខភាពយើង បានចេញ​ផ្សាយ​ជាច្រើន​ច្បាប់​រួចមក​ហើយ។ ដោយឡែក​សម្រាប់​ពេលនេះ អាហារ​បំប៉ន​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ​ជាប្រធាន​បទថ្មី​មួយទៀត​ដែល​បកស្រាយ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​ខាង​សម្ភព និង​រោគស្ដ្រី​នៃមន្ទីរពេទ្យ​កាល់ម៉ែត្រ។

សម្រេចចិត្ដ​ក្នុងការ​មាន​ផ្ទៃពោះ

គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​សម្រេចចិត្ដ​ថាមាន​ផ្ទៃពោះ គប្បី​ប្រតិបត្ដិ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​នូវ​ប្រការ​មួយចំនួន ដូចជា​ការ​ទទួល​ថ្នាំ​ដែលមាន​ជាតិដែក និងការ​ពិនិត្យ​សុខភាព​មួយចំនួន​ទៀត​ជាការ​ចាំបាច់។ បើ​សុភាព​នារី​ចង់ជ្រា​បច្បាស់​សូមអាន​អត្ថបទ ការ​ត្រៀមខ្លួន​មានផ្ទៃពោះ​របស់​ស្ដ្រី​ដែលបាន​ចេញផ្សាយ​កាលពី​លេខ០១៧ ខែ​មិថុនា ឆ្នាំ​២០០៧​របស់​ទស្សនាវដ្ដីសុខភាព​យើង។

ការ​ទទួលទាន​នៅដំណាក់​កាល​ដំបូង​នៃគភ៌

ក្នុង​កំឡុង​ពេល​បីខែដំបូង អ្នកម្ដាយ​គួរថែរក្សា​សុខភាព​រាងកាយ​ឱ្យបាន​ប្រសើរ​បំផុត និង​បរិភោគអាហារ​ក្នុង​បរិមាណ​ធម្មតា។ ប៉ុន្ដែ​រយៈពេល​នេះជា​ពេលវេលា​ដែលស្ដ្រី​ភាគច្រើន​ជួបប្រទះ​នឹងអាការ​ចាញ់កូន​ដែលធ្វើ​ឱ្យ​លោកស្រី​អ្នកនាង​អស់កម្លាំង ល្ហិត ល្ហៃ ក្អួតចង្អោរ​ទទួលទាន​អ្វីមិនបាន ជាហេតុ​ធ្វើឱ្យ​ស្ដ្រី​មួយចំនួន​ត្រូវ​ថមថយ​ទម្ងន់​រាងកាយ។ គ្រប់ស្ដ្រី​ទាំងអស់​មិនគួរ​បរិភោគ​អាហារ ដែលមាន​ជាតិ​ហឹរខ្លាំងទេ​នៅ​រយៈពេល​៣ខែ​ដំបូងនៃ​គភ៌ ផ្ទុយ​ទៅវិញ​គួរតែទទួលទាន​ទឹក​សណ្ដែក ឬ​បើអាច​ទទួលទាន​ទឹកដោះគោ​បាន​កាន់តែ​ប្រសើរ សូម​ព្យាយាម​ទទួលទាន​អាហារ​ឱ្យបាន​ច្រើន​ដើម្បី​ទប់ទល់​នឹងអាការ​ចាញ់កូន។

ការ​ទទួលទាន​នៅ​ដំណាក់​កាល​រីកចម្រើន​នៃគភ៌

សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ​ក្រៅពីការ​ថែទាំខ្លួន​ឱ្យបានល្អ​ហើយ​នោះ ចាំបាច់​ត្រូវយក​ចិត្ដទុក​ដាក់ទៅលើ​ចំណីអាហារ​ផងដែរ។ ជាពិសេស​ចំណី​អាហារ​ដែលផ្ដល់​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​ផ្ទាល់ខ្លួន និង​ទារក​ក្នុងផ្ទៃ។ គ្រប់​អាហារ​ចាំបាច់​ត្រូវមាន​ជីវជាតិ​គ្រប់គ្រាន់ ទាំង​ប្រូតេអ៊ីន ទាំង​លីពីត ទាំង​គ្លុយស៊ីត ហើយ​មិនមែន​សំដៅ​ដល់​ចំណីអាហារ​ដែលមាន​តម្លៃខ្ពស់​នោះទេ។ អាហារ​មាន​តម្លៃ ថោក​ក៏មាន​ជីវជាតិ​អាច​បំប៉ន​សុខភាព​បានដែរ។ ទាំងនេះ​វាអាស្រ័យ​ផងដែរ​ទៅលើ​ស្ដ្រីខ្លួនឯង​ផ្ទាល់ ការ​ទទួលទាន​បានច្រើន​រិតតែ​ប្រសើរ។ មានស្ដ្រី​មួយចំនួន​ទទួលទាន​អាហារ​ច្រើន​បរិបូណ៍ អ្នក​ខ្លះទៀត​ទទួលទាន​មិនបាន​ឬក្អួត​ចេញមកវិញ​គ្មានសល់​ពេលខ្លះ បណ្ដែត​បណ្ដោយ​មិន​អត់ធ្មត់​ប្រឹងប្រែង​ទទួលទាន។ ផ្ទុយ​ទៅវិញ​ស្ដ្រី​នៅតាម​ជនបទ​មួយចំនួន ពេលមាន​ផ្ទៃពោះ មិនមាន​អ្វីទទួលទាន បរិបូណ៍​ទេ តែ​ពួកគាត់​នៅតែ​មាន​សុខភាពល្អ ហើយ​ទារក​នៅតែ​មាំមួន​គ្មានបញ្ហា​អ្វីទាំងអស់។ ស្ដ្រី​គ្រប់រូប​អាច​ទទួលទាន​ចំណីអាហារ គ្រប់ប្រភេទ​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព ព្រោះ​វាអាច​ជួយ​បំប៉ន​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ ហើយ​ថែមទាំង​អាចជួយ​បង្កើន​ការ​ផលិត​ទឹកដោះ​ឱ្យបាន​គ្រប់គ្រាន់ រួមទាំង​ការ​សម្រាល​បុត្រ​ប្រកប​ដោយ​សុវត្ថិភាព​ទៀតផង។ ចំណី​អាហារ​ទាំងនោះ​ត្រូវបាន​ចែកចេញ​ជាប្រភេទផ្សេងៗ​គ្នា។

  • អាហារ​ថាមពល ៖ មាន​ដូចជា​ស៊ុត ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម សណ្ដែក​សៀង សណ្ដែកខៀវ​ជាដើម។ គួរ​ទទួលទាន​ស៊ុត​ឱ្យបាន​១ទៅ២គ្រាប់​ក្នុងមួយ​ថ្ងៃ ទឹកដោះគោ​១ ឬ​២កែវ ចំណែក​ឯតៅហ៊ូ និង​ទឹកសណ្ដែក​ក៏មាន​អត្ថ​ប្រយោជន៍​ផ្ដល់​ប្រូតេអ៊ីន ដូច​សាច់សត្វ​ដែរ។ ដូចគ្នានេះដែរ បាយ ម្សៅ ស្ករ ខ្លាញ់ និង​ប្រេងរុក្ខជាតិ​គួរតែ​ទទួលទាន​ឱ្យបាន​សមល្មម រួម​ជាមួយ​អាហារ​ដែលផ្ដល់​ជាតិប្រូតេអ៊ីន​ខ្ពស់។ រាល់ការ​ចម្អិន​អាហារ​គួរ​ប្រើប្រេង​រុក្ខជាតិ ដូចជា​ប្រេង​សណ្ដែក ប្រេង​ពោត​ជាដើម។ គប្បីទ​ទួលទាន​អាហារ​ដែល​ផ្ដល់​ថាមពល​ឱ្យបាន​មួយថ្ងៃ​៣០០០កាឡូរី។
  • អាហារ​សរីរាង្គ ៖ សំដៅ​ទៅលើ​ប្រភេទ​បន្លែ​ដែលមាន​ស្លឹកពណ៌​បៃតង​គ្រប់ប្រភេទ ព្រមទាំង​បន្លែ​ផ្សេងៗ​ទៀត ដូចជា ប៉េងប៉ោះ ល្ពៅ​ជាដើម ដែល​អាហារ​ប្រភេទនេះ​ជួយឱ្យ​រាងកាយ​ដំណើរ​ការបានល្អ​ធម្មតា។ ក្រៅពីនេះ​មាន​ផ្លែឈើ​គ្រប់ប្រភេទ ដូចជា ចេក ក្រូច​ពោធិ៍សាត់ ល្ហុង ត្របែក​ជាដើម អាច​ទទួលទាន​ជាមួយគ្នា​ក្នុង​ពេលតែ​មួយបាន ដើម្បីឱ្យ​រាងកាយ​ទទួលបាន​នូវ​កាកសរសៃ ជួយ​សម្រួល​ដល់ការ​បន្ទោរបង់ ព្រោះស្ដ្រី​មាន​ផ្ទៃពោះ​អាចជួប​បញ្ហា​ទល់លាមក។ ថែម​ពីលើនេះ​ទៀត គួរ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និងជាតិ​អ៊ីយ៉ូដ។ ចំពោះ​វីតាមីន​វិញមាន​ពពួក​វីតាមីន​ដែល​រលាយ​ក្នុងខ្លាញ់​បាន ដូចជាវីតា មីនអា ដេ អឺ​ជាដើម និង​វីតាមីន​ដែល​រលាយ​ក្នុងទឹក មាន​វីតាមីនបេ និង​វីតាមីសេ។ ម្យ៉ាងវិញទៀត​គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាង​តិច៦កែវ​ក្នុងមួយ​ថ្ងៃ លើកលែង​តែករណី​មានការ​ណែនាំ​ពីវេជ្ជបណ្ឌិត​ជំនាញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

ការ​ទទួលទាន​នៅ​ដំណាក់​កាល​ចុងក្រោយ​នៃគភ៌

នៅពេល​ឈាន​ចូលដល់​ត្រីមាស​ទីបី​នៃគភ៌ គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​មិនគួរ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃទេ ព្រោះអាច​បណ្ដាល​ឱ្យហើម​ជើងបាន។ ផ្ទុយ​ទៅវិញ​បើ​បរិភោគ​អាហារ​ដែលមាន​រសជាតិផ្អែម​ពេកក៏​អាចមាន​ផលវិបាក​ដែរ​បើមាន​អត្រា​ជាតិស្ករ​ខ្ពស់។

ប្រភេទ​ចំណី​អាហារ​គួរចៀសវាង

ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​គប្បី​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណី​អាហារ ព្រោះ​វាអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុងផ្ទៃ​បាន ដោយសារ​ការឆ្លង​មេរោគ​ពីចំណី​អាហារ​ដែល​មិនស្អាត។ មេរោគ​ទាំងនោះ​អាចនាំ​ឱ្យមាន​បញ្ហា ដូចជា​រលូត​ទារក សម្រាល​មុនពេល​កំណត់ ពិការ​តាំងពី​កំណើត ឬ​ប្រឈម​មុខ​ក្នុងការ​ឆ្លងជម្ងឺ​កាចសាហាវ​ផ្សេងៗ។ ដូច្នេះ​ដើម្បី​សុខភាព ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ចំណី​អាហារ​មួយចំនួន​ដូចជា​សាច់ក្រក សាច់​ប្រឡាក់ ចំណី​អាហារ​ក្លាស្សេ ស៊ុត​ដែល​មិនបាន​ចម្អិន​ឱ្យឆ្អិនល្អ​មុននឹង​បរិភោគ​ជាដើម។ ជាមួយ​គ្នានេះ គ្រឿង​ស្រវឹង​មាន​ដូចជា​ស្រា ស្រាបៀរ និង​ភេសជ្ជៈ​មានជាតិ​ស្រវឹង គួរ​ចៀសវាង​ដាច់ខាត។ ក្រៅពី​នេះ តែ និង​កាហ្វេ ក៏ពុំគួរ​ទទួលទាន​ឡើយ ប៉ុន្ដែ​គួរ​ពិសាទឹក​ស្អាត និង​ទឹកផ្លែឈើ​ស្រស់​ទើប​ប្រសើរ។ ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង​កុំ​ពិសាបារី ព្រោះ​វាមិន​ត្រឹមតែ​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ​ដល់​ស្ដ្រី​ខ្លួនឯង និង​ទារក​ក្នុងផ្ទៃ​ទៀតផង ដូចជា​ធ្វើឱ្យ​ទារក​មានការ​រីកចម្រើន​ធំធាត់​យឺត ហើយ​កើតមក​មាន​រូបរាង​តូចជា​ធម្មតា ឬអាច​ពិការ​ផងក៏​មាន។

ដំបូន្មាន​អ្នក​ជំនាញ

ក្រៅពីអ្វី​ដែលបាន​ជម្រាបជូន​ខាងលើ​នេះ ស្ដ្រីមាន​ផ្ទៃពោះ​គួរគប្បី​ទៅពិនិត្យ​ផ្ទៃពោះ​នៅមណ្ឌល​សុខភាព​ជាប្រចាំ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង​ក៏ដូចជា​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ និង​ស្វែងយល់​នូវ​ប្រការ​មួយចំនួន​ដែល​ស្ដ្រីមាន​ផ្ទៃពោះ​គួរ​ប្រតិបត្ដិ។ សូម​ចងចាំ​រយៈពេល​មាន​ផ្ទៃពោះ ព្រោះ​វាជាពេលវេលា​ដើម្បី​ថែរក្សា​សុខភាព​ជាពិសេស​មិនអាច​ប្រហែស​បានទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative