សម្រាម​កែច្នៃ

កាក​សំណល់​សម្រាម​ដែល​សល់ពីការ​ប្រើប្រាស់ លោកអ្នក​ប្រាកដ​ជាយក​ទៅបោះចោល​ដោយ​មិនធ្លាប់​គិតថា​របស់​ទាំងនោះ អាច​នៅមាន​តម្លៃ​ពេលក្រោយ​ឡើយ។ ជាការ​ពិត សម្រាម និង​កាកសំណល់​ទាំងអស់​សុទ្ធតែ​មាន​គុណសម្បត្ដិ​ដោយឡែក​មួយ​ផ្សេងទៀត​បន្ទាប់ពី​ត្រូវបាន​យកទៅ​កែច្នៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី ធូ ផល្លា មន្ដ្រី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃអង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍​អំពី​អត្ថប្រយោជន៍​របស់​សម្រាម។

សម្រាម​និងការ​កែច្នៃ

សម្រាម គឺជា​វត្ថុ​ដែលមនុស្ស​ប្រើប្រាស់​ហើយ រួចយក​ទៅ​បោះចោល​លែង​ត្រូវការ។ ឯសម្រាម​កែច្នៃ​គឺជាការ​យកកាក​សំណល់​សម្រាម​ទាំងនោះ​យកទៅ​ច្នៃ​ជាគុណ​ប្រយោជន៍​ជារបស់ប្រើប្រាស់ និង​គ្រឿង​តាំងលម្អ​ផ្សេងៗ​ទៀត។

ប្រភព​និងប្រភេទ​សម្រាម

សម្រាម​ដែលយក​មក​កែច្នៃ​បានមក​ពីគ្រប់​មជ្ឈដ្ឋាន គ្រប់​ទីកន្លែង ដូចជា​តាម​គេហដ្ឋាន រោងចក្រ សហគ្រាស ក្រុមហ៊ុន ទីផ្សារ វត្ដ​អារាម ភោជនីយដ្ឋាន សណ្ឋាគារ​ជាដើម និងតាម​ទីសាធារណៈ​ផ្សេងទៀត ដូចជា​សួនច្បារ មាត់​ទន្លេ​ជាដើម ក៏គេអាច​ប្រមូល​សម្រាម​បានដែរ។ សម្រាម ឬ​កាកសំណល់​ដែល​យកមក​ប្រើសម្រាប់​ធ្វើការ​កែច្នៃ​បែងចែក​ចេញជាពីរ​ប្រភេទ គឺសម្រាម​ស្ងួត និង​សម្រាម​សើម។

1 . សម្រាម​សើម ៖ ជាសម្រាម​ដែល​ផ្អាប់ទឹក មាន​ជាតិទឹក ឬ​មាន​សំណើម ដូចជា​កាកសំណល់​ផ្ទះបាយ កាក​អំពៅ កាកដូង បន្លែ ផ្លែឈើ​ដែល​រលួយ កាក​សំណល់​ចេញពី​ទីផ្សារ​ជាដើម។

2 . សម្រាម​ស្ងួត ៖ សម្រាម​ស្ងួត​អាច​ចែកចេញ​ជាពីរ​ប្រភេទ​ផ្សេងទៀត​ផងដែរ គឺប្រភេទ​ស្រាល និង​ប្រភេទ​ធ្ងន់ ឬ​រឹង។ សម្រាម​ស្ងួត​ប្រភេទ​ស្រាល​មាន​ដូចជា​ក្រដាស​កាសែត សៀវភៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូ សម្បក​កំ​ប៉ុង​ជាដើម និង​របស់​របរ​ជាច្រើន​ប្រភេទ​ទៀត​ដែលអាច​យកមក​កែច្នៃ​ទៅតាម​តម្រូវការ និង​ចំណង់​ចំណូលចិត្ដ។ ចំណែកឯ​សម្រាម​ប្រភេទ​ធ្ងន់ ឬ​រឹងមាន​ដូចជា​សម្បក​កង់ឡាន អំបែង​កែវ សម្បកដប ដែក និង​ប្រភេទ​លោហៈ​ធាតុ ដូចជា​ឆ្នាំង​បែកបាក់​ជាដើម។

របៀប​កែច្នៃ​សម្រាម

សម្រាម​ដែល​ប្រមូល​បានមក​ដោយអ្នក​រើស​សម្រាម ត្រូវ​ធ្វើការ​បែងចែក​ទៅតាម​ប្រភេទ​សម្រាម​នីមួយៗ។ សម្រាម​ខ្លះ យកទៅ​កែច្នៃ​ដោយ​គ្រឿង​ម៉ាស៊ីន (ម៉ាស៊ីន​កិនកំប៉ុង)​ប៉ុន្ដែ​ភាគច្រើន​ធ្វើដោយ​ដៃផ្ទាល់។ របៀប​កែច្នៃ គឺជាការ​យកសម្រាម​និង​កាក​សំណល់​ដែល​ប្រើប្រាស់​ហើយ​ទៅធ្វើជា​របស់​ផ្សេងៗ ហើយ​ដែល​អាស្រ័យ​ទៅលើការ​រចនា និងការ​ច្នៃប្រឌិត​ឱ្យចេញជា​រូបរាង​ការ​និយម​ចូលចិត្ដ និង​ទៅតាម​លទ្ធភាព​ដែលអាច​ធ្វើទៅបាន។ ឯប្រភេទ​សម្រាម​ស្ងួត​រឹង​មួយចំនួន​ត្រូវយក​ទៅស្ល​ដោយ​ម៉ាស៊ីន​ទើបយក​ទៅ កែច្នៃ​ទៅតាម​ប្រភេទ​សម្រាម​នីមួយៗ។

ផលិតផល​បាន​ពីការ​កែច្នៃ

លោកអ្នក​ប្រហែល​ជាធ្លាប់​គិតថា​សម្រាម​ជាវត្ថុ​គ្មាន​ប្រយោជន៍ និងជា​របស់​ដែលគេ​បោះចោល។ សម្រាប់​ប្រទេស​ជឿនលឿន គេអាច​យក​សម្រាម​ទៅកែច្នៃ​បានជា​ប្រយោជន៍​ច្រើន​ប្រការ។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក៏កំពុងតែ​ធ្វើការ​ទាញយក​ប្រយោជន៍​ដ៏ច្រើន​ពីការ​កែច្នៃ​សម្រាម និង​កាកសំណល់​ដែល​ប្រើប្រាស់​រួច​ផងដែរ។

1 . កាក​សំណល់​សើម ៖ សំណល់​ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និង​ផ្លែឈើ​រលួយ​អាចយក​ទៅធ្វើ​ជាជី​កំប៉ុស​សម្រាប់ ស្រោចស្រព​ទៅលើ​ដំណាំ​កសិកម្ម ស្រែ​ចំការ​ជាដើម។

2 . កាកសំណល់​ស្ងួត ៖ អាចយក​ទៅកែច្នៃ​បានជា​របស់របរ​ច្រើនយ៉ាង ជាសម្ភារៈ​ប្រើប្រាស់ក្នុង​ការិយាល័យ និងអាច​ប្រើជា​លម្អ​ក្នុង​គេហដ្ឋាន​បាន​គ្រប់ផ្នែក។ ក្រដាស និង​ថង់ប្លាស្ទិក​អាច​ច្នៃធ្វើ​ជាស៊ុម​រូបថត ស្រោម​សំបុត្រ កាត​ជូនពរ សឺមី​សម្រាប់​ដាក់ឯកសារ គ្រឿង​អលង្ការ ធ្វើជា​កន្ដ្រក មួក កម្រាលតុ កាបូប ស្រោម​ទូរស័ព្ទ ប្រដាប់​ជូតជើង​ជាដើម។ សម្បក​កង់ឡាន និងកង់​ម៉ូតូ​អាចយក​ទៅធ្វើ​ជាថូផ្កា ធុងដាក់​សម្រាម ថូដាក់​ប៊ិច​ជាដើម។ សម្បក​ដប និង​អំបែង​កែវ​ដែលខូច​អាចយក​ទៅស្ល​ហើយ​ផលិត​ជាដប​និង​កែវ សម្រាប់​ប្រើប្រាស់​វិញបាន។ ដូចគ្នា​នឹងការ​ស្ល​លោហៈ​ធាតុផ្សេងៗ​ដើម្បី​ផលិត​បានជា​ផលិតផល​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ក្រៅពីនេះ​នៅមាន​ផលិតផល​ជាច្រើនទៀត​ដែល​កើតចេញ​ពីការ​យក​សម្រាម ឬ​កាកសំណល់​ទៅកែច្នៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ

សម្រាម​គ្រប់ប្រភេទ​ដែល​ប្រមូល​បានក៏​អាស្រ័យ​លើការ​ចូលរួម​ពីប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ហើយនេះ​ក៏ជា​យុទ្ធសាស្ដ្រ​មួយ ក្នុងការ​សន្សំ​បន្ថែម​លើផ្នែក​សេដ្ឋកិច្ច​គ្រួសារ។ ពួកគាត់​អាចយក​សម្រាម​ទាំងនោះ​ទៅលក់​ឱ្យអ្នក​ទិញ​អេតចាយ ហើយ​អ្នកទិញ​អេតចាយ ឬ​អ្នករើស​សម្រាម​អាច​ប្រមូល​របស់​ទាំងអស់​នោះទៅលក់​បន្ដទៀត​ដើម្បី​ជាការ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្នុងគ្រួសារ។

ការ​កែច្នៃ​សម្រាម​មានគុណ​សម្បត្ដិ​ច្រើនជាង​គុណ​វិបត្ដិ

ទន្ទឹម​នឹង​ផលិតផល​ច្រើន​ប្រការ​ដែល​កើតចេញ​ពីការ​កែច្នៃ​សម្រាម កិច្ចការ​នេះក៏​ផ្ដល់​ជាគុណ​សម្បត្ដិ​ច្រើន​ប្រការ​ផងដែរ។

  • ការ​កែច្នៃ​សម្រាម​អាចបង្កើត​ជាមុខ​របរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ដូចជា​អ្នករើស​សម្រាម អ្នក​រើស​អេតចាយ​ជាដើម។ ម្យ៉ាងទៀត វាអាច​ធ្វើឱ្យ​អ្នក​ទាំងនោះ​មាន​ជំនាញ​មួយពិតប្រាកដ​ប្រចាំ​ជីវិត។ ហើយ​ទៅថ្ងៃ​អនាគត ពួកគាត់​អាចយក​ចំណេះ នេះទៅ​ចិញ្ចឹម​ជីវិត​បាន​ថែមទៀត​ផង។
  • ការ​កែច្នៃ​សម្រាមជួ​យបង្កើន​ចំណូលសេ​ដ្ឋកិច្ច​គ្រួសារ។ តាមរយៈ​លទ្ធផល​ទាំងអស់​នេះ អ្នករើស​សម្រាម​អាច​ទទួល​បាន​ប្រាក់កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព។
  • ផលិតផល​ដែល​កើតចេញ​ពីការ​កែច្នៃ​សម្រាម​អាចប្រើ​ជាគ្រឿង​លម្អ​គេហដ្ឋាន និង​ផលប្រយោជន៍​ក្នុង​ការងារ​ផងដែរ។

ការ​កែច្នៃ​សម្រាម​ពុំមាន​ផល​ប៉ះពាល់​អ្វីធ្ងន់ធ្ងរ​នោះឡើយ ព្រោះស​ម្រាម​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការ​សម្អាត​ដោយ​ទឹកសាប៊ូរួច​ជាមុន។ ប៉ុន្ដែ​វាអាច​មាន​គ្រោះថ្នាក់​ដល់សុ​ខភាព​បន្ដិចបន្ដួច​នៅពេល​ដែលអ្នក​រើស​សម្រាម​ទាំងនោះ​ដើររើស និង​ប្រមូល​សម្រាម ដូចជា​មាន​កន្ទួល​រមាស់ ជម្ងឺ​សើស្បែក បញ្ហា​ផ្លូវដង្ហើម​ដែល​បណ្ដាល​មកពី​ក្លិនមិនល្អ​ពីសម្រាម​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

សូម​លោកអ្នក​មេត្ដា​គ្រប់គ្រង​សម្រាម​នៅតាម​គ្រួសារ​ឱ្យមាន​របៀប​រៀបរយ និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ប្រមូល​សម្រាម។ សម្រាម​មិនមាន​តម្លៃស​ម្រាប់​លោកអ្នក ប៉ុន្ដែ​វាមាន​តម្លៃសម្រាប់​អ្នក​ក្រីក្រ​មួយចំនួន​ដែល​ប្រកប​មុខរបរ​ជាអ្នក​រើស​សម្រាម និង​ជាអ្នក​រើស​អេតចាយ។ ពួកគាត់​អាច​រើសយក​សម្រាម​ទាំងអស់​នោះ​ទៅកែច្នៃ​ដើម្បី​បម្រើ​ផល​ប្រយោជន៍ក្នុ​ង​គ្រួសារ និង​សហគមន៍។ សម្រាម​ក៏ជាវត្ថុ​មានតម្លៃ​សម្រាប់​លោកអ្នក​ក្រោយពី​កែច្នៃរួច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative