រ៉ែខនិជ ៖ ជាតិដែក

ទស្សនាវដ្ដី សុខភាពយើង បានបង្ហាញជូនលោកអ្នករួចមកហើយ​នូវ​សារធាតុ​រ៉ែខនិជ ជាតិកាល់ស្យូម និងជាតិ​អ៊ីយ៉ូដ។ រ៉ែខនិជ​ទាំងនេះ​ពិតជា​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​របស់មនុស្ស។ នៅពេលនេះ សូម​លោកអ្នក​បន្ដជ្រាប​ជាមួយ​រ៉ែខនិជ​មួយមុខ​ទៀត គឺជាតិដែក។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីជាតិដែក

សារធាតុរ៉ែខនិជដែកដែលបានចាត់បញ្ចូលទៅក្នុង​ចំណាត់ថ្នាក់​សារធាតុ​រ៉ែខនិជ ឬសារធាតុ​អាហារបំប៉ន គេស្គាល់ថា​ជា សារធាតុ​ប្រឆាំង​នឹងជម្ងឺ​ស្លេកស្លាំង​(ខ្វះគ្រាប់ឈាមក្រហម)​មាន​តួនាទី​ពិសេស​ដូចតទៅ៖

– ដឹកជញ្ជូនអុកស៊ីសែន ៖ ជាតិដែកមានតួនាទីដឹកជញ្ជូន​អុកស៊ីសែន ពោលគឺ​វាមាន​សារៈ​សំខាន់​ណាស់​នៅក្នុង​ដំណើរការ​ សរីរៈសាស្ដ្រ​កម្រិតជីវិត ជាពិសេស​គឺការ​ដកដង្ហើម។

– ប្រឆាំងកង្វះគ្រាប់ឈាមក្រហម ជាតិដែកជា​សារៈធាតុ​សំខាន់​ណាស់​សម្រាប់​ប្រឆាំង​ជាមួយ​ជម្ងឺ​ស្លេកស្លាំង ឬជម្ងឺកង្វះ​ គ្រាប់ឈាម​ក្រហម​ដែលមាន​នៅក្នុងឈាម។

– ជាអង់ទីអុកស៊ីដង់ ៖ នៅក្នុងបរិមាណតិចតួច ជាតិដែក​គឺជា​អង់ទីអុកស៊ីដង់ ឬប្រឆាំង​អុកស៊ីដកម្ម និងជា​សារធាតុ​ប្រឆាំង មេរោគ​បាក់តេរី។ ផ្ទុយទៅវិញ បើវាមាន​បរិមាណច្រើន គឺជា​សារធាតុ​អនាគត​អុកស៊ីដង់ ឬសារធាតុ​បង្ក​អុកស៊ីដកម្ម។

– ជួយប្រព័ន្ធប្រសាទ ជាតិដែកចូលរួមអន្ដរាគមការសំយោគ ឬសារធាតុ​ប្រសាទតំណ ឬណឺរ៉ូត្រង់ស្មែតទ័រ។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិដែក

ខ្លួនប្រាណមនុស្សត្រូវការទទួលទានចូលជាប្រចាំនូវ​សារធាតុ​ដែក​ក្នុង​បរិមាណ​ចំនួន៩មីលីក្រាម​ចំពោះបុរស។ តួលេខនេះ​ អាចកើន​ឡើងដល់​ទៅ១៦មីលីក្រាម​ចំពោះស្ដ្រី​ដែលកំពុង​មករដូវ ពី១៦ទៅ៣០​មីលីក្រាម​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ និង១០ក្រាម​ សម្រាប់​ស្ដ្រី​បំបៅកូន ឬស្ដ្រីដែល​អស់រដូវ។

កង្វះជាតិដែកនាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើយើងទទួលទានសារជាតិដែកមិនបានគ្រប់គ្រាន់​នោះទេ អាចនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​ករណីស្ដ្រី​តែម្ដង។ ផលប៉ះពាល់​ទាំងនេះ​ដែលចម្បង​ជាងគេ​គឺជម្ងឺ​ស្លេកស្លាំង សតិស្មារតី​ខ្សោយ ក្មេងតុះ(រៀនមិនសូវចេះចាំ) ឧស្សាហ៍​លាប់ជម្ងឺ កើតជម្ងឺ​ដុំសាច់ អស់កម្លាំង មុខស្លេកស្លាំង ដង្ហក់ពេល​ហត់ខ្លាំង ញ័រដើមទ្រូង និងឮចង្វាក់​បេះដូង។

ចំណីអាហារដែលមានជាតិដែក

ជាតិដែកមាននៅលើចំណីអាហារមួយចំនួន ជាពិសេសមាន​នៅលើ​ចំណី​អាហារ ដូចជាអង្ករ បន្លែក្រៀម ថ្លើមសត្វ ស៊ុត សាច់គោ កាកាវ ងៀវគ្រំ ដំឡូងបារាំង ភ្លៅកង្កែប ស្ពៃ និងគ្រាប់ធញ្ញ​ជាតិជាដើម។ សូមចងចាំថា សារជាតិដែក​ជ្រាបចូល​ទៅក្នុង​ ខ្លួនយ៉ាង​ពិបាក មានប្រមាណ​៨5ប៉ុណ្ណោះ​ដែលអាច​ជ្រាបចូល​តាម​ពោះវៀន។

ជាតិដែកជាគ្រាប់ថ្នាំអាហារបំប៉ន

ទម្រង់សារជាតិដែកដែលងាយជ្រាបជាងគេគឺ ក្លុយកូណាត ប៊ីគ្លីស៊ីណាត អាស្ពាកាត អាស្ក័របាត​នៃជាតិដែក ឬជាតិដែក​ ប្រូតេអ៊ីន។ គ្រាប់ថ្នាំ​សារជាតិ​ដែក​ទាំងនេះ​មិនត្រូវ​ទទួលទាន​កៀកពេល​ទទួលទាន​សារជាតិ​អាហារ​ផ្សេងទៀត​នោះទេ ខុសគ្នាយ៉ាង​ ហោចណាស់​ក៏៣០នាទីដែរ។ ជាឧទាហរណ៍ បើជ្រើសរើស​ជាតិរ៉ែដែក​ស៊ុលហ្វាត​គឺត្រូវ​ទទួលទាន​មុនឬក្រោយ​ជាតិវីតាមីនអឺ​ចំនួន ៨ម៉ោង បើមិន​ដូច្នេះ​ទេ​ជាតិដែក​នឹងត្រូវ​បានបំផ្លាញ។ មិនត្រូវ​ទទួលទាន​អាហារ​បំប៉ន​ជាតិដែក​នោះទេ ប្រសិនបើ​មិនមាន​ការខ្វះ ទោះ បីជា​ពេលកំពុង​មាន​ផ្ទៃពោះក្ដី។ សំខាន់​បំផុតគួរ​ធ្វើតេស្ដ​រាប់ចំនួន​ថាខ្វះ​ឬក៏អត់។ ព្រោះថា​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ ការស្រូប​ជាតិដែក​ កើនឡើង​ពី៣ទៅ១០ដង​ឯណោះ។

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative