កម្ពុជា​លុបបំបាត់​ឳសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ដោយ​ជោគជ័យ

ក្រសួង​សុខាភិបាល រួមនឹង​ជាមួយ​ដៃគូ​អភិវឌ្ឈន៍​បាន​រួមគ្នា​ធ្វើឲ្យ​​សម្រេច​ជោគជ័យ នូវការ​លុបបំបាត់​ឳសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ហង ប៊ុនគៀត ប្រធាន​នាយកដ្ឋាន​ឳសថ ចំណីអាហារ បរិក្ខាពេទ្យ និង​គ្រឿង​សំអាង ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍ឲ្យ​ដឹងក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពីការ​ពិនិត្យ​ទ្បើងវិញ​ផែនការ​យុទ្ឋសាស្រ្ត​ឳសថ​​សម្រាប់​ឆ្នាំ២០១៣ ២០១៨​ខាងមុខ​ថានេះ​ជាលើក​ទី២​ហើយ​ដែលយើង​បាន​រៀ​បចំ​នូវ​ផែនការ​យុទ្ឋសាស្រ្ត​ឳសថ។ ផែនការ​លើកទី១ បាន​ចាប់ផ្តើម​ពីឆ្នាំ​២០០៥​ ២០១០​កន្លងមក។ ការ​អនុវត្តន៍​ផែនការ​យុទ្ឋសាស្រ្ត​លើកទី១ យើង​សម្រេច​បាន​ជោគជ័យ ក្នុងការ​លុប​បំបាត់​ផ្ទះលក់​ឳសថ និង​សេវា​សុខាភិបាល​ខុស​ច្បាប់។

លោក​បន្តថា “ជោគជ័យ​កន្លងមក​គឺ​អាស្រ័យ​ដោយមាន​ការ​គាំទ្រ​ពីក្រសួង​​សុខាភិបាល និង​សម្តេច​ប្រមុខ​រដ្ឋាភិបាល និង​ការមាន​គំរោង​ផែនការ​ដាក់ចេញ​ច្បាស់លាស់ ”។ លោក​បន្ថែមថា “យើងបាន​និងកំពុង​ដាក់​ទិសដៅ​លើកទី២ ដើម្បី​គោលដៅ​នៃផែនការ​ឆ្នាំ២០១៣ ២០១៨​បាន​ទទួល​ជោគជ័យប​ន្តទៀត ”។

លោក ភីតធើ វ៉ាន់ម៉ារិន​(Pieter Van Maaren)​ប្រធាន​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ដែលបាន​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ការងារ​នេះបាន​​មាន​ប្រសាសន៍​ថា “ការដាក់​ចេញនូវ​គោល​នយោបាយ​ស្តីពី​ឳសថ​ល្អ វាគ្មាន​សារៈ​​សំខាន់ទេ ប្រសិនបើ​មានតែ​ផែនការ ប៉ុន្តែ​គ្មានការ​អនុវត្តន៍​ជាក់ស្តែង”។

លោក​ប​ន្តថា ហេតុនេះ​ទាមទារ​ឲ្យមាន​ការ​ចូលរួម​ពីក្រសួង​ពាក់ព័ន្ឋ ដើម្បី​ធ្វើការងារ​នេះ​ឲ្យបាន​ទទួល​ជោគជ័យ ដែល​ក្រសួង​ទាំងនោះ​រួមមាន​ក្រសួង​មហា​ផ្ទៃ ក្រសួង​ពាណិជ្ជកម្ម ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មានការ​ចូលរួម​ពីវិស័យ​ឯកជន ព្រោះ​វិស័យ​​ឯកជន​មាន​សារៈ​សំខាន់​ណាស់ ក្នុងការ​អនុវត្តន៍​នូវផែន​ការ​នេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​ឳសថបណ្ឌិត ជូ យ៉ិនស៊ីម រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បានមាន​​ប្រសាសន៍​ថា តាមរយៈ​ផែនការ​យុទ្ឋសាស្រ្ត​ជំហ៊ាន​ទី១ឆ្នាំ​២០០៥ ២០១០​យើង ទទួលបាន​ជោគជ័យ​គួរឲ្យ​មោទនៈ ដោយ​យើងបាន​លុបបំបាត់​ឳសថ​ក្លែងក្លាយ​ស្ទើរ១០០​ភាគរយ។ តួលេខ​ចុងក្រោយ​នេះបង្ហាញ​ថា ឳសថ​ខុសច្បាប់​បានធ្លាក់​ចុះ​មក​នៅត្រឹម​០.១៨​ភាគរយ។ លោក​បន្តថា សម្រាប់​ផែនការ​លើកទី២​ឆ្នាំ២០១៣ ២០១៨ យើងធ្វើ​យ៉ាងណា​ឲ្យអនុវត្តន៍​បាន​ងាយស្រួល ដោយផ្អែក​លើច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឳសថ ច្បាប់​ស្តីពី​វេជ្ជសាស្រ្ត និង​អម​វេជ្ជសាស្រ្ត គោល​នយោបាយ ជាតិស្តី​ពីឳសថ និង​ផែនការ​យុទ្ឋសាស្រ្តរបស់​ក្រសួង​សុខាភិបាល។

លោក​បន្តថា “យើងបាន​និងកំពុង​ធ្វើយ៉ាង​ណាធានា​ឲ្យការ​គ្រប់គ្រង​ឳសថ​​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ឋិភាព​ខ្ពស់​សម្រាប់​បំរើ​ប្រជាពលរដ្ឋ ហើយ​ដើម្បី​ធានា​បាននូវ​ទិសដៅ​នេះ ទាមទារ​ឲ្យមាន​កាដឹក​ជញ្ជូន និង​ការស្តុក​ទុក​ក្នុង​ឃ្លាំង​ឳសថ​បានល្អ ”។

អត្ថដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative