ខ្វះ​​​ឈាម៖ វិធី​​​ថែទាំ​​​ខ្លួន និង​​​ចំណី​​​អាហារ

នាងខ្ញុំ​មាន​សំណួរ​ចង់សួរ​វេជ្ជបណ្ឌិត​យើង។ បងស្រី​របស់​នាងខ្ញុំ​គាត់ខ្វះ​ឈាម តើលោក​វេជ្ជបណ្ឌិត​យើង អាចជួយ​ប្រាប់​ពីវិធី​ថែទាំ​ខ្លួនប្រចាំ​ថ្ងៃ ពេល​គាត់ខ្វះ​ឈាម​បានទេ? ហើយ​តើ​ចំណី​អាហារ​បង្ក​ឥទ្ធិពល​ខ្វះឈាម​ដែរ ឬ​ទេ? កញ្ញា ស.ស.ភ អាយុ២៦ឆ្នាំ ខេត្ដ​កំពង់ឆ្នាំង

វេជ្ជបណ្ឌិត​យើងៈ ពាក្យ​“ខ្វះឈាម” ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ប្រើ អាចមាន​អត្ថន័យ​ពីរយ៉ាង​គឺ ជាការ​ខ្វះឈាម​ពិតប្រាកដ និង​សម្ពាធ​ឈាម​ទាប។ សំណួរ​របស់​ប្អូនស្រី​នេះ ប្រហែលជា​ចង់​សំដៅ​ទៅរក​ការ​ខ្វះឈាម ដែលមាន​សម្ពាធ​ឈាម​ទាប។ សម្ពាធ​ឈាម​ថយចុះ ឬ ទាប ស្ដែងចេញ​ជាបែប​សភាព​ចុះខ្សោយ​នៃ​សុខភាព​រាងកាយ។ ជាឧទាហរណ៍ ពេល​ដែលអ្នក​ទទួលទាន​ដំណេក​ស្ដូកស្ដឹង បន្ទាប់មក​ងើប​បែប​ទាន់ហន់​(រហ័សជ្រុល)។ ការ​ចុះខ្សោយ​នេះ ជា​លទ្ធផល​នៃបម្រែ​បម្រួល​សម្ពាធ​ឈាម ក្នុង​សរសៃ​ឈាម​អាកទែរ។ ពេលដែល​ដេក ម៉ាស ឈាម​ទាំងអស់​បាន​ចែក​រំលែក​ជាលក្ខណៈ​ស្មើសាច់ នៅពាស​ពេញ​សព៌ាង្គកាយ។ ប៉ុន្ដែ​ពេលងើប​ឡើងឈរ បើគិត​ទៅដល់​ច្បាប់​ទំនាញ​ផែនដី ម៉ាស​ឈាម​មាន​និន្នាការ​កកកុញ​នៅ​ប៉ែកខាងក្រោម​នៃ​សព៌ាង្គកាយ។ វាជា​ហេតុផល ដែលឈាម​រត់ចេញ​ពីខួរក្បាល ឆ្ពោះមក​ដៃ និងជើង ពេលនោះ​មានអាការ​មិនស្រួល​ខ្លួន ធីងធោង​បាន​កើតឡើង រហូត​បណ្ដាល​ឱ្យដួល​ទៀតផង។ គ្រោះថ្នាក់​បណ្ដាល​មកពី​សម្ពាធ​ឈាម​ទាប រិតតែ​ខ្លាំងក្លា សម្រាប់​អ្នកដែល​ប្រើថ្នាំបញ្ចុះ​ទឹកនោម។ ដើម្បី​ចៀស​វាង​បាតុភូត​ទាំងនេះ ដែល​តែង​កើត​នៅពេល​ព្រឹកព្រលឹម គប្បីលើក​ជើង​ទាំងពីរ ឡើងលើ​សិន មុននឹង​ងើបឡើង បន្ទាប់​មកងើប​ក្បាល និង​ដងខ្លួន​សន្សឹមៗ និង​អង្គុយ​មួយសន្ទុះ​សិនមុន​នឹងងើប​ឈរ។

ទាក់ទង​នឹង​សំណួរ​ប្អូនស្រី ដែលថា​តើចំណី​អាហារ​បង្ក​ឥទ្ធិពល​ខ្វះឈាម​(សម្ពាធ​ឈាមទាប)​ដែរ ឬ​ទេ។ ប្រការ​សំខាន់​ទាក់ទង​នឹង​សារធាតុ​អំបិល​(ជាតិប្រៃ) នៅក្នុង​ម្ហូប​អាហារ។ ពោល បើ​បរិភោគ​ចំណី​អាហារ​មាន​ជាតិអំបិល​តិចជ្រុល​(សាបជ្រុល) អាច​បង្កឱ្យ​សម្ពាធ​ឈាម​ចុះទាប​បានដែរ។ វេជ្ជបណ្ឌិត​យើង សូម​ផ្ដាំផ្ញើ​ទៅបងស្រី​របស់​ប្អូនស្រី​ថា ត្រូវ​ទៅជួប​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​វាស់​សម្ពាធ​ឈាម និង​ព្យាបាល​បើមាន​រោគណា​មួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative