ឆ្លង​​​មេរោគ​​​អេដស៍​​​​បាន៤ម៉ោង បន្ទាប់​​​មកទៅ​​​ផ្ដល់​ឈាម

នៅពេល​ដែល​មនុស្ស​ម្នាក់​ទើបតែ​ឆ្លង​វីរុស​អេដស៍​បាន​រយៈពេល​៤ម៉ោង ស្រាប់តែមនុស្ស​ម្នាក់នោះ​ទៅផ្ដល់​ឈាម។ សួរថា​តើឈាម​ដែល​ផ្ដល់​ដោយ​មនុស្ស​ម្នាក់​នោះ អាច​មានផ្ទុក​មេរោគ​អេដស៍ ឬហ៊ីវ​ដែរឬទេ?    អ្នក​នាង ម.ក.រ អាយុ ២៣ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ នៅពេល​ដែល​មនុស្ស​ម្នាក់​ឆ្លងវីរុស​អេដស៍ មេរោគ​នេះ​ចាប់ផ្ដើម​រត់ចូល​ទៅក្នុង​ឈាម​របស់គាត់​ភ្លាម។ រយៈពេល​ប្រមាណ​ជា៣ ឬ​៤សបា្ដហ៍ ទើប​សាព៌ាង្គកាយ​មនុស្ស​ផលិត​បាន​អង្គ​បដិបក្ខ​ប្រាណ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ ពេលឆ្លង​ដំបូង​បុគ្គល​នោះ ក៏មាន អាការៈ​រោគបង្ក​ជម្ងឺ​មួយចំនួន តែក្នុង​រយៈពេល​១ ឬ​២សបា្ដហ៍​ប៉ុណ្ណោះ។

ងាកមក​សំណួរ​អ្នកនាង​វិញ សព្វថ្ងៃ​មិនទាន់​មានការ​ស្រាវជ្រាវ​ជាក់លាក់​អំពី​ចំនួន​ម៉ោងនេះ​នៅឡើយ​ទេ។ តែ​រយៈពេល​៤ម៉ោង ដែល​មេរោគ​អេដស៍​អាចចូល​ទៅដល់​ក្នុង​ឈាម អាស្រ័យ​ទៅលើ​កម្រិត​ឆ្លង​ផងដែរ តាម​ឈាម ឬ​តាមការ​រួមភេទ បរិមាណ​ឈាម និង​មេរោគ​ឆ្លងចូល​តិចតួច ឬ​ច្រើន។ ប៉ុន្ដែ​ឈាម​ដែលផ្ដល់​នោះ អាច​និយាយបាន​ដែរថា មិនទាន់មាន​ផ្ទុក​មេរោគអេដស៍​ទេ ហើយ​គ្មាន​បច្ចេកទេស​ណាអាច​មើលមេ​រោគ​អេដស៍ ទើប​ឆ្លងក្នុង​រយៈពេល​៤ម៉ោង​ដែរទេ។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​សុខភាព បើចង់ ឬ​ត្រូវ​បញ្ចូល​ឈាម គប្បី​ត្រូវ​ប្រើប្រាស់​ឈាម​ដែលមាន​ប្រភព​ច្បាស់លាស់ ជាពិសេស​ឈាម​ដែលយក​ចេញពី​មជ្ឍមណ្ឌល​ជាតិផ្ដល់​ឈាម ដែលបាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ មុននឹង​ចេញឱ្យ​ប្រើប្រាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative