លោកស្រី ហ៊ុន ម៉ាណា នឹងធ្វើពិធីរៃអង្គាស​ប្រាក់សម្រាប់​មន្ទីរពេទ្យគន្ធបុប្ផា

ដោយមើលឃើញ​ទំហំចំណាយ​កាន់តែ​កើនឡើង និងមន្ទីរពេទ្យ​កំ ពុងប្រឈម​មុខផ្នែកថវិកា លោកស្រី ហ៊ុន ម៉ាណា អគ្គនាយក​ស្ថានីយ៍វិទ្យុនិងទូរ​ទស្សន៍បាយ័ន និងជាប្រធាន​មូលនិធិបាយ័ន​នឹងធ្វើពិធីរៃ​អង្គាសប្រាក់​សម្រាប់មន្ទីរពេទ្យ​គន្ឋបុប្ផានៅចុង​ខែតុលាខាងមុខនេះ។

លោកស្រី ហ៊ុន​ ម៉ាណា ទទួលជំនួយ​ពីសប្បុរសជន​ជួយដល់​មន្ទីរពេទ្យគន្ធបុប្ផា

លោក ទី សន់ទី នាយកមន្ទីរពេទ្យ​គន្ធបុប្ផានៅ​រាជធានីភ្នំពេញ​បានមានប្រសាសន៍​ឲ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បត៍ ទី២៧ កញ្ញា កន្លងមកថា នៅថ្ងៃទី២០ តុលា ខាងមុខនេះ លោកស្រី ហ៊ុន ម៉ាណា នឹងរៀបចំពិធី​រៃអង្គាសប្រាក់​នៅសាលពិពណ៌​កោះពេជ្រ ដើម្បីរៃ​អង្គាសប្រាក់​សម្រាប់ទ្រទ្រង់​មន្ទីរពេទ្យគន្ធបុប្ផា ដែលបច្ចុប្បន្ន​កំពុងប្រឈមមុខ​កង្វះខាតថវិការ ក្នុងការពិនិត្យ​ព្យាបាល​កុមាររាប់លាននាក់​មកពីទូទាំងប្រទេស។ លោកបន្តថា នៅក្នុងពិធីនោះ​នឹងមានការថ្លែង​សន្ទរកថាពី​លោកស្រី ហ៊ុន ម៉ាណា និងការថ្លែង​សន្ទរកថាពី​លោកសាស្រ្តាចារ្យ Beat Richner ព្រមទាំងមានការ​ប្រគុំតន្រ្តីផងដែរ។

លោកស្រី ហ៊ុន ម៉ាណា បានបរិច្ចាកប្រាក់​ចំនួន៣០០.០០០ដុល្លាររួចហើយ​ដល់មន្ទីរពេទ្យនេះ និងពេលក្រោយមក​លោកស្រីបានគៀងគរ​រកជំនួយបានចំនួន​៥០.០០០ដុល្លារ​បន្ថែមទៀតដល់​មន្ទីរពេទ្យនេះ។

លោកស្រី ហ៊ុន ម៉ាណា អគ្គនាយកវិទ្យុ​និងទូរទស្សន័បាយ័ន និងជាប្រធាន​មូលនិធិបាយ័ន​បានមានប្រសាសន៍​ក្នុងពិធីរំលឹកខួប​លើកទី២០នៃការ​បង្កើត​មន្ទីរពេទ្យគន្ឋបុប្ផា​កាលពីសប្តាហ៍មុន​ថា ការពិតមានអ្នកចង់ជួយ​ច្រើនដល់មន្ទីរពេទ្យនេះ ប៉ុន្តែពួកគេ​មិនសូវបានដឹង​ព័ត៌មានលម្អិត​ពីមន្ទីរពេទ្យ និងការខ្វះខាត​របស់មន្ទីរពេទ្យនេះ​នោះទេ។

លោកស្រីបន្តថា “ការជួយរបស់ខ្ញុំ​កន្លងមក គឺមិនដើម្បីយក​មុខមាត់ និងដើម្បីល្បីឈ្មោះ​នោះទេ គឺកើតឡើងពី​ទឹកចិត្ត​អាណិតកូនខ្មែរ និងចង់ជួយ​សម្រាល​ការខ្វះខាត​របស់មន្ទីរពេទ្យ​នេះ”។

លោកសាស្រ្តាចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យ​គន្ធបុប្ផា និងជាប្រធាន​មូលនិធិគន្ធបុប្ផា​បានមានប្រសាសន៍ “ខ្ញុំសូមអរគុណ​សម្តេចហ៊ុន សែនដែលបាន​ផ្តល់ថវិការ១លា​នដុល្លារតាមរយៈ​ក្រសួងសុខាភិបាល លោកជំទាវ​គតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា​បានឧបត្ថម្ភ១លានដុល្លារ និងអរគុណ​ដល់លោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយ​ឧបត្ថម្ភចំនួន​៣០០.០០០ដុល្លារ និងសន្យា​បន្តជួយរក​ជំនួយបន្តទៀត ”។

លោកបន្តថា “សហគមន៍អន្តរជាតិ​គួរជួយដល់មន្ទីរពេទ្យ​គន្ធបុប្ផា ហើយខ្ញុំក៏​សង្ឃឹមថា​សហគមន៍អាស៊ាន នឹងជួយដល់​មន្ទីរពេទ្យនេះ​ផងដែរ ព្រោះកុមារខ្មែរ​នៅតែក្រីក្រ​មិនមានលទ្ធភាព​បង់ប្រាក់នោះទេ”។ លោកបន្ថែមថា “ឥឡូវនេះ​ខ្ញុំអាចលេងសែលឡូ​បាន ប៉ុន្តែប្រហែល​រយៈពេល៥ឆ្នាំទៀត​ខ្ញុំលេងសែលឡូ​លែងកើត ខណៈមន្ទីរពេទ្យ​ត្រូវការថវិការ​សម្រាប់រយៈពេល​២០ឆ្នាំខាងមុខទៀត ហេតុនេះ​ខ្ញុំសង្ឃឹមថា​សហគមន៍ជាតិ អន្តរជាតិ រដ្ឋាភិបាល​នឹងជួយដល់​ដំណើរការ​របស់មន្ទីរពេទ្យនេះ”។

ក្នុងរយៈពេល២០ឆ្នាំ​កន្លងមកនេះ​មន្ទីរពេទ្យគន្ធបុប្ផា​បានទទួលកុមារ​ចូលមកសម្រាក​ព្យាបាលជាង​១.៣៥០.០០០នាក់ និងពិគ្រោះ​ជម្ងឺក្រៅជាង​១១លាននាក់ និងចំណាយថវិការ​សរុបចំនួន​៤៦៥លានដុល្លារ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *