ស្នេហា​គ្រាដំបូង ប្រការ​ត្រូវធ្វើ​ពេល​រួមភេទ

នៅលេខ​០១៣ និង​លេខ០១៤ សម្រាប់ខែ​កុម្ភៈ និង​មីនា ឆ្នាំ​២០០៧ ទស្សនាវដ្ដី សុខភាពយើង បាន​លើកយក​មក ជម្រាប​ជូន​ហើយ​អំពី​ប្រការ​ផ្សេងៗ​ទាក់ទង​នឹងស្នេហា​គ្រាដំបូង ឬក៏ការ​រួមភេទ​លើក​ដំបូង។ មើល​មួយភ្លែត​ហាក់​ដូចជា​ស្មុគស្មាញ​ណាស់ តែ​ដើម្បីសុវត្ថិភាព​ស្នេហា​ផ្អែមល្ហែម​យូរអង្វែង និង​អនុស្សាវរីយ៍​មួយជីវិត​ល្អផូរផង់ ពិតជា​ត្រូវ​គិតគូ​ឱ្យបាន​គ្រប់ជ្រុងជ្រោយ។ ការ​រួមភេទ​លើកដំបូង​ប្រៀបបាន​នឹងការ​ចាប់ផ្ដើម​ទទួលទាន​មួយម៉ាត់​ដំបូង​ដូច្នោះ​ដែរ បើឆ្ងាញ់​និងមាន​អនាម័យ ពិតជា​ចង់​ទទួលទាន​ទៀត​មិនខាន​ឡើយ។ ហេតុនេះ មានតែ​លោកអ្នក​ខ្លួនឯង​ផ្ទាល់ទេ ដែលត្រូវ​ពិចារណា និង​ស្វែងរក​ចំណុច​ល្អៗ សម្រាប់​ស្នេហា​ល្អូកល្អឺន​ប្រកបដោយ​សុវត្ថិភាព។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង សូម​ចូលខ្លួន​លើកយក​ចំណុច​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ជាអំណោយ​ជូន​លោកអ្នក​នៅរដូវ​ចូលឆ្នាំ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ថ្ងៃ​រួមភេទ​ខិតជិត​មកដល់​ហើយ តើ​លោកអ្នក​ត្រៀមខ្លួន​ហើយ​ឬនៅ? លោកអ្នក​នឹងអាច​បាត់បង់​ព្រហ្មចារី ភាព​បរិសុទ្ធ​ បេះដូង​ឈឺចាប់​ជូរចត់ ឆ្លងជម្ងឺ​កាមរោគ មានកូន​មិនចង់បាន​ជាដើម។ លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​វ័យដែល​ត្រូវ​ប្រឡូក​ក្នុងការ​រួមភេទ​លើកដំបូង វិធី​បង្ការការ​មាន​ផ្ទៃពោះ​ដែល​មិនចង់បាន វិធី​បង្ការ​ការឆ្លង​ជម្ងឺ​កាមរោគ ការ​និយាយគ្នា ការ​ភ័យខ្លាច ចំណង់​ការ​ថ្នាក់ថ្នម ការ​ត្រៀមខ្លួន​ពេលស្នេហា​គ្រាដំបូង។ល។ ប៉ុណ្ណេះ​មិនទាន់អស់​នៅឡើយ​ទេ នៅមាន​ចំណុច​ផ្សេងៗ​ទៀត​ដែលគួរ​យល់ដឹង និង​ប្រតិបត្ដិ​មុនចូល​ប្រឡូក​ក្នុងឆាក​រួមភេទ​លើកដំបូង​នេះ។ សូមកុំ​ឱ្យដូច​ប្រយោគ​មួយឃ្លា​ដែលថា “សប្បាយ​ក្លាយជា​ទុក្ខ”។

ការ​រៀនសូត្រ

នៅក្នុង​ជីវភាព​ផ្លូវភេទ មនុស្ស​ពេញវ័យ​ជាច្រើន​មាន​អនុស្សាវរីយ៍​មិនអាច​បំពេញ​បាន ទៅណា​មកណា​ជាមួយគ្នា កាន់ដៃ​គ្នា ដើរលេង​ត្រសង ថើប​បបោស​អង្អែល​យ៉ាងស្រើបស្រាល​រកទីបំផុត​គ្មាន ការ​ចែចង់ និង​រឿង​អាថ៌កំបាំង​ផ្សេងទៀត​យ៉ាង​ផ្អែមល្ហែម​ល្អូក ល្អឺន​ជាដើម។ សូម​ភ្លក្ស​រសជាតិ​កាមារម្មណ៍​សន្សឹមៗ ថែទាំ និង​ស្រោចទឹក​ដាក់ជី​ជាបណ្ដើរៗ។ ពោល​ទំនាក់ទំនង​ផ្លូវភេទ គឺជា​ភាព សប្បាយ​រីករាយ​នៃផល​កម្រៃ​របស់​បុគ្គលម្នាក់ៗ អ្នកណា​ធ្វើអ្នក​នោះទទួល តែវា​មិនមែន​ជាកាយ​ហត្ថកម្ម​អនាម័យ ឬជា​សកម្មភាព ខកចិត្ដ​ដែល​គ្រាន់តែ​បំពេញ​ឡើង​ដូចគេ​ដូចឯង​ដែលធ្លាប់​ធ្វើនោះទេ។ ចំពោះ​សេចក្ដី​សុខស្រួល ចំណេះ​ដឹងនៃ​សមត្ថភាព​មិនសូវជា​ចាំបាច់​ប៉ុន្មានទេ ប៉ុន្ដែ​ត្រូវចេះ​កសាង​ទំនុកចិត្ដ​លើខ្លួនឯង​ឱ្យបាន​ច្រើន សម្រាប់​ផ្ទៀងផ្ទូរ​ជាមួយ​ដៃគូស្នេហា។ មនុស្ស​ភាគច្រើន បានយក​ការ​សម្រេច​កាម​ដោយខ្លួនឯង​(ការលេងប្រ​ដាប់ភេទ​ខ្លួនឯង) មក​រៀនសូត្រ​នៅឱកាស​នេះ។

ការ​ផ្សងព្រេង

ពេលរួមភេទ​លើកដំបូង ប្រៀប​បាននឹង​លោតហក់​ខ្លួនចូល​ទៅក្នុង​ភាពមិន​ដែលធ្លាប់​ស្គាល់ និង​មិនបាន​ដឹងថា​នឹងមាន​អ្វីកើត ឡើង​ជាបន្ដបន្ទាប់​នោះឡើយ។ ការ​រួមភេទ​គ្រាដំបូ​ងខ្លះប្រព្រឹត្ដ​ទៅបាន​ល្អប្រសើរ ខ្លះបាន​មធ្យម​មានល្អ​មានមិនល្អ ខ្លះទៀត​គ្មានបាន លទ្ធផល​គឺទទេសូន្យ​តែម្ដង។ ជារឿយៗ យុវនារី ឬ​យុវបុរស​ច្រើន​ខកចិត្ដ​រាងចាល​លែងចង់​ប្រព្រឹត្ដ​ទៀត ទាំងដើម្បី​សេចក្ដី​សុខស្រួល ​ទាំងដើម្បី​ជាល្បែង​លើគ្រែ​របស់​ពួកគេ។ ដូច្នេះ​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួនជាមួយ​ដៃគូ និង​ប្រើប្រាស់​ឱកាស​ក្រោយទៀត ដើម្បី​ស្គាល់គ្នា​ឱ្យរិតតែ​ច្បាស់។ បែបនេះ​មិនមែន​ជារឿង​ចម្លែក​នោះទេ។ ការ​ជួបគ្នា​ឬចង់​ច្របាច់​ចូលគ្នា​រវាង​រឿងរ៉ាវ​ពីរ និង​គម្រោង ពីរផ្សេង​គ្នា ពិតជា​ត្រូវការ​ការ​រៀបចំត​ម្រង់​តម្រូវ​ចៀស​មិនផុត​ឡើយ។ ទោះបីជា​ការរួមភេទ​លើកដំបូង​មិនពេញចិត្ដ​ពេញថ្លើម​ក៏ដោយ ក៏វាជា​ច្រកមួយ​ឈានទៅកាន់​មាគ៌ា​នៃការ​ផ្សងព្រេង​ខាង​ផ្លូវភេទ​របស់មនុស្ស​ពេញវ័យ។

ព្រហ្មចារី

ការ​បាត់បង់​ភាពបរិសុទ្ធ ឬ​សន្ទះ​ព្រហ្មចារី ដែល​កើតឡើង​ដោយការ​រួមភេទ​គ្រាដំបូង ដែលមាន​ការ​ស៊កបញ្ចូល​លិង្គនោះ ពិតជា​ពិបាក​សម្រេចចិត្ដ​ណាស់​សម្រាប់​មនុស្ស​ភាគច្រើន ទោះជា​វ័យចាស់​ក្ដីវ័យ​ក្មេងក្ដី។ អ្នកខ្លះ​ឆាប់​រួសរាន់​រំដោះខ្លួន​ចេញពី​គំនាប​ដ៏រឹងមាំនោះ និង​ធ្វើខ្លួន​ទទួលបាន​នូវសេរីភាព អ្នក​ខ្លះទៀត​ប្រកាន់​បានខ្ជាប់​ខ្ជួននូវ​រនាំង​ប្រពៃណី​នេះ។ អ្នកដែល​រំលោភ​បំពានឈាន​មុខគេ​ច្រើនតែជា​មនុស្ស​ប្រុស ជាពិសេស​យុវបុរស​ឬយុវជន។ រីឯ​យុវនារី​ច្រើនតែ​ជាមនុស្ស​បណ្ដែត​អារម្មណ៍ ឬជាអ្នក​រ៉ូម៉ែនទិក ហើយដែល​ពួកនាង​ចូលចិត្ដ​រក្សា​ព្រហ្មចារីភាព ឬ​ភាពបរិសុទ្ធ សម្រាប់ថ្ងៃ​អាពាហ៍ពិពាហ៍។ ទាំងនេះ​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។ ម្យ៉ាងទៀត​រហូត​មកដល់​សព្វថ្ងៃនេះ មិនទាន់​មាន​ក្រិតក្រម ឬច្បាប់​ទម្លាប់ណា ដែល​តម្រូវឱ្យ​យុវវ័យ​រួមភេទ​លើក​ដំបូងនៅ វ័យប៉ុន្មាន​ពិតប្រាកដ​នៅឡើយទេ។ បុរាណខ្មែរ​បានតម្រូវ និង​អនុញ្ញាត​ឱ្យយុវវ័យ​ចាប់ផ្ដើម​រួមភេទ​លើកដំបូង​ក្រោយថ្ងៃ​ក្រាបក្បាល ដល់​កន្ទេល​(ថ្ងៃរៀបការ)។ ការ​រៀបការ​នៅប្រទេសកម្ពុជា​ច្រើន​រៀបចំ​ឡើងដោយការ​រៀបចំទុក​ដាក់ពី​សំណាក់​ឪពុកម្ដាយ ឬ​អាណាព្យាបាល ជួនកាល​កម្លោះក្រមុំ​ទាំងពីរ​នោះ​មិនធ្លាប់​ស្គាល់គ្នា​ទៀតផង។ បើ​ក្រឡេកមើល​ច្បាប់​អាពាហ៍ពិពាហ៍​នៃព្រះរាជាណាចក្រកម្ពុជា យុវជន និង​យុវនារី​មានសិទ្ធិ​រៀបការ​ចាប់ពី​អាយុ​គម្រប់១៨ឆ្នាំ​ឡើងទៅ។ តាមការ​ស្រាវជ្រាវ​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន ជាពិសេស​នៅប្រទេស​បារាំង យុវវ័យ​ចាប់ផ្ដើម​រួមភេទ​ដំបូង​នៅអាយុ​១៧ឆ្នាំ​ជាមធ្យម។ បើតាម​តួលេខ​ទាំងនេះ បញ្ជាក់ថា​យុវវ័យ​មិនត្រូវ​ចាប់ផ្ដើម​រួមភេទ​ពេកទេ ព្រោះ​ពួកគាត់​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀបចំខ្លួន។ បើចង់​ស្វែងយល់​លម្អិត​អំពី សន្ទះ​ព្រហ្មចារី​នេះ​សូមអាន​អត្ថបទ“វិធី​ថែរក្សាព្រហ្មចារី” ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ​០០៩ ខែតុលា ឆ្នាំ២០០៦។

តើគួរ​និយាយ​ប្រាប់​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល?

ការហែក​រឿងអាថ៌កំបាំង​ដែល​ជាការ​សម្ងាត់ និង​ជាការ​អៀនខ្មាស​ផ្ទាល់ខ្លួន​ប្រាប់​ឪពុកម្ដាយ ពិតជា​ពិបាក​កើតមាន​ឡើង ណាស់ ហើយ​វាជា​ដំណាក់កាល​មិនអាច​កាត់ថ្លៃបាន​របស់​យុវវ័យ។ អ្វីៗ​ទាំងអស់​អាស្រ័យ​ទៅលើ​ឪពុកម្ដាយ និង​ទំនាក់​ទំនង​ដែល​ យុវវ័យ​មានចំពោះ​ពួកគាត់។ បើសិនជា​លោកអ្នក​ស្រុះស្រួល​ជាមួយ​ពួកគាត់ នោះ​លោកអ្នក​ពិតជា​ងាយ​និយាយប្រាប់​ពួកគាត់។ លើសពីនេះ​ទៅទៀត​ឪពុកម្ដាយ​អាច​ទូន្មាន​លោកអ្នក និយាយ​ប្រាប់​លោកអ្នក​នូវអ្វីៗ​ជាបទពិសោធន៍ ដែល​ពួកគាត់​ធ្លាប់​ឆ្លងកាត់​ស្នេហា​គ្រាដំបូង ព្រមទាំង​ពួកគាត់​អាចប្រាប់​អំពីវិធី ឬ​មធ្យោបាយ​ទប់ស្កាត់​ការ​តាំងគភ៌​ដែល​មិនចង់​បាន និង​មធ្យោបាយ​បង្ការការ​ឆ្លងជម្ងឺ កាមរោគ​ផងដែរ។ ផ្ទុយទៅវិញ បើសិនជា​លោកអ្នក​មិនមាន​អារម្មណ៍​ចង់ប្រាប់​ពួកគាត់ ហើយ​និងភ័យខ្លាច​នឹង​ប្រតិកម្ម​របស់​ពួកគាត់ នោះ ​សូមរក្សា​អាថ៌កំបាំង​ដំណាក់កាល​គ្រាដំបូង​នៃជីវភាព​ផ្លូវភេទ​របស់​លោកអ្នក។ ប៉ុន្ដែ​លោកអ្នក​ក៏ត្រូវយក​ត្រចៀក​ស្ដាប់​គេឯង​ខ្លះផង ជាពិសេស​អ្នកដែល​នៅជុំវិញ​លោកអ្នក។ ក្រៅពី​ឪពុកម្ដាយ ឬ​អាណាព្យាបាល លោកអ្នក​អាច​ទុកចិត្ដ ឬ​និយាយ​ពិភាក្សា​ជាមួយ​ឪពុកមា ឬ​ម្ដាយមីង បងប្រុស​បងស្រី​បង្កើត ឬ​បងប្រុស​បងស្រីជី​ដូនមួយ​ជាដើម។

បណ្ដាំ​ផ្ញើ

ដើម្បី​ឆ្លើយតប​នឹង​ចំណាប់​អារម្មណ៍​របស់​លោកអ្នក​អាន ទស្សនាវដ្ដី សុខភាពយើង សន្យា​ខិតខំ​លើកយក​ចំណុច​អាថ៌កំបាំង​ និងត្រូវ​យល់ដឹង​ផ្សេងៗទៀត​ទាក់ទង​នឹងការ​រួមភេទ ឬ​ស្នេហា​គ្រាដំបូង​នៅលេខ​ក្រោយទៀត ដូចជា​ស្ថានភាព​កើតឡើង​ពេល​រួមភេទ​ ដំបូង ការ​ថើប​បបោសអង្អែល​គ្រាដំបូង មធ្យោបាយ​ទប់ស្កាត់​គភ៌​មិនប្រាថ្នា ការ​ស៊កបញ្ចូល​ប្រដាប់ភេទ ស្ថានភាព​ក្រោយពេល​រួមភេទ លើក​ដំបូង ដំបូន្មាន​សម្រាប់​គូស្នេហ៍​គ្រាដំបូង​ជាដើម។ ហេតុនេះ​សូម​អធ្យាស្រ័យ​តាមដាន​អាន​នៅលេខ​ក្រោយទៀត​ដោយ​អនុគ្រោះ ដោយសារ​មានចំណុច​ច្រើន និង​អត្ថបទ​វែង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *