វិធី​សម្គាល់កូន​ញៀនថ្នាំ

ទន្ទឹម​នឹងការរីក​រាលដាល​យ៉ាង​សន្ធឹកសន្ធាប់​នៃលំហូរ​ចូលថ្នាំ​ញៀន ធ្វើឱ្យ​មាតាបិតា​គ្រប់រូប​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បុត្រធីតា ព្រោះខ្លាច​ក្រែងកូនៗ​របស់ខ្លួន​ឈាន​ទៅដល់​ការប្រើ​គ្រឿងញៀន​ទាំងនោះ។ មាតាបិតាខ្លះ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​មើលថែ​កូន ឬ​គ្រប់គ្រង​កូន​ឱ្យនៅតែ​ក្នុងផ្ទះ​បានទេ។ ឪពុកម្ដាយ​ក៏ពុំអាច​តាមដាន​ឃ្លាំមើល​កូន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​នោះដែរ។ ហេតុនេះ​យុវជន​ចៀស​មិនផុត​ពីការ​ប៉ះទង្គិច​នឹង​សង្គម​ខាងក្រៅ​នោះទេ។ ដើម្បី​ឱ្យរួចផុត​នូវក្ដី​កង្វល់ តើមាន​វិធី​យ៉ាងណាខ្លះ​ក្នុងការ​សម្គាល់​លក្ខណៈ​កូនដែល​ប្រើថ្នាំ​ញៀន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ការ​ស្រាយ​បំភ្លឺ​អំពីវិធី​មួយចំនួន​ក្នុងការ​សម្គាល់កូន​ញៀនថ្នាំ​របស់លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្ដ អ្នក​ឯកទេស​វិកលវិទ្យា​នៃមន្ទីរពេទ្យមិ​ត្ដភាព​ខ្មែរសូវៀត។

មូលហេតុ​នាំឱ្យ​ប្រើថ្នាំ​ញៀន

ថ្នាំញៀន​មានច្រើន​ប្រភេទ និងច្រើន​សណ្ឋាន ដូចជា​ប្រើសម្រាប់​ជក់ ហិត លេប ឬចាក់​ជាដើម។ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន​ជាយុវជន​ស្ថិតក្រោម​អាយុ​២៥ឆ្នាំ និង​ក្នុងវ័យ​សិក្សា(សិស្ស និង​និស្សិត)។ មាន​មូលហេតុ​ច្រើនយ៉ាង​ដែលនាំឱ្យ​ប្រើ​គ្រឿងញៀន និង​រហូតដល់​ញៀនថ្នាំ។

  • ការប្រើ​ក្នុង​បំណង​អាក្រក់​ណាមួយ ដោយ​ធ្វើឱ្យ​ចិត្ដក្លាហាន ហ៊ាន​ប្រព្រឹត្ដ​អំពើ​ខុសច្បាប់ ដូចជា​លួច ឆក់ ប្លន់​ជាដើម។
  • យុវជន​ជាបុគ្គល​ដែលមាន​ចិត្ដចង់​ចេះ ចង់ដឹង ចង់ឃើញ និង​ចង់សាក​ល្បងនូវ​អ្វីដែល​ពួកគេ​មិនធ្លាប់​ជួប និង​មិនធ្លាប់​ស្គាល់​ពីមុនមក។ ហេតុនេះ​ទើប​ធ្វើឱ្យ​គេចង់​សាកល្បង​នូវ​ប្រសិទ្ធិភាព​របស់ថ្នាំ។
  • ការ​អូសទាញ និង​ញុះញង់​ពីសំណាក់​មិត្ដភ័ក្ដិ ការ​បង្ខិតបង្ខំ​ឱ្យប្រើ ការ​បោក​បញ្ឆោត ឬ​លួងលោម​ដោយ​ល្បិចកល​ដាក់ថ្នាំ ក្នុង​កែវភេសជ្ជៈ​ជាដើម។
  • ការចង់​សប្បាយ និងការ​ជឿលង់​តាមពាក្យ​ឃោសនា​របស់​ឈ្មួញដែ​លអួត​សរសើរ​ពីភាព​វិសេស​វិសាល​របស់ថ្នាំ ដូចជា​ធ្វើ ឱ្យមាន​អារម្មណ៍ស​ប្បាយ​រីករាយ​ជាដើម។
  • ការជួប​ប្រទះនូវ​បញ្ហា​ស្មុគស្មាញ ឬមាន​បញ្ហា​ផ្លូវចិត្ដ​ក៏បណ្ដាល​ឱ្យមាន​ការ​ឈានទៅរក​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែរ។
  • ការខ្វះ​ភាពកក់ក្ដៅ​នៅក្នុង​គ្រួសារ​ដែលមាន​អំពើហិង្សា​ក៏នាំឱ្យ​បុត្រធីតា​ចាកចេញ​ពីផ្ទះ ឈាន​ទៅដល់ការ​ប្រើថ្នាំ
  • ញៀន​បានដែរ។
  • ក្រៅពី​មូលហេតុ​ទាំងនេះ​ក៏នៅមាន​មូលហេតុ​ផ្សេងទៀត ដែល​បណ្ដាលឱ្យ​យុវជន​ឈានទៅ​ដល់ការ​ប្រើគ្រឿង​ញៀន ដូច ជា​បញ្ហាសង្គម ការបាក់​ទឹកចិត្ដ​អស់សង្ឃឹម​ជាដើម។ អ្នកខ្លះ​ប្រើដើម្បី​ឱ្យមាន​កម្លាំង មិន​ស្ពឹកស្រពន់​ដៃជើង ចង់ឱ្យ​រវៀសរវៃ រហូត ដល់​មានអ្នកខ្លះ​ប្រើដើម្បី​ធ្វើការ​សម្រក​ទម្ងន់​ថែមទៀត​ផង។

ឥទ្ធិពល​របស់​ថ្នាំញៀន

ការប្រើ​ថ្នាំញៀន​ធ្វើឱ្យ​អ្នកប្រើ​បញ្ចេញ​នូវឥទ្ធិពល​មួយចំនួន​ទៅតាម​ប្រភេទ និង​កម្រិត​នៃការ​ប្រើប្រាស់ ដូចជាការ​លេប ឬ ប្រើ​តាមមាត់​នូវ​សារធាតុញៀ​ន​(អំហ្វេតាមីន)​ដែល​បណ្ដាល​ឱ្យមាន​អារម្មណ៍រំ​ភើប សប្បាយ​រីករាយ បង្កើននូវ​ទំនុកចិត្ដ​លើខ្លួនឯង និយាយ​ច្រើន និង​បង្កើន​ថាមពល ឬ​កម្លាំង។ ប្រសិន​បើចាក់​តាម​សរសៃ​វិញ អ្នកប្រើ​មាន​អារម្មណ៍​ពុះកញ្ជ្រោល រួសរាន់ និង​មាន​អារម្មណ៍​ស្រណុក​សុខស្រួល​ជាទី​បំផុត​ជាដើម។

របៀប​សម្គាល់កូ​នញៀន​ថ្នាំ

លោកអ្នក​ប្រាកដ​ជាព្រួយ​បារម្ភ​ណាស់​ចំពោះ​បុត្រធីតា​ក្នុងការ​ប្រឈមមុខ​និងការ​ប្រើប្រាស់​ថ្នាំញៀន។ ការ​ស្រឡាញ់​កូន ចង់​ឱ្យកូន​មាន​សេចក្ដីសុខ​ចម្រើន​ជារឿង​ធម្មតា​របស់​ឪពុកម្ដាយ​គ្រប់រូប។ ប៉ុន្ដែ​លោកអ្នក​ប្រហែល​ជាគ្មាន​ចម្លើយ​ពិតប្រាកដ​ចេញពី​មាត់កូន​ថារូបគេ​ប្រើថ្នាំញៀន​នោះទេ។ ទោះបីជា​យ៉ាងនេះ​ក្ដី លោកអ្នក​មិនគួរ​មានការ​ព្រួយបារម្ភ​ពេកនោះ​ទេ មានវិធី​មួយចំនួន​ដែល លោកអ្នក​អាច​សម្គាល់​បានថា​កូន​របស់​លោកអ្នក​មានប្រើ​ថ្នាំញៀន ឬក៏​អត់នោះទេ។

  • បុត្រធីតា​របស់​លោកអ្នក​លែងជាកូន​ស្ដាប់បង្គាប់ ដើរលេង​ហួសពេល​ម៉ោង​ជាងធម្មតា គេច​សាលាមិ​នចូលរៀន​ជាដើម។
  • កូន​ក្លាយជា​ក្មេងដែល​បំផ្លាញ​ទ្រព្យសម្បត្ដិ លក់របស់​ទ្រព្យ​ដែលមាន​ដូចជា​ម៉ូតូ ទូរស័ព្ទ និងយក​វត្ថុមាន​តម្លៃ​ទៅលក់ ឬ​បញ្ចាំ​ជាដើម។
  • ជាកូន​ដែលចេះ​និយាយ​កុហក ភូតភរ និយាយ​មិនពិត​ប្រាកដ បាតដៃ​ជាខ្នងដៃ មាន​មិត្ដភ័ក្ដិ​ច្រើន និង​ប្លែកមុខ​ខុសពី​ធម្មតា ឬ​ជាមិត្ដភ័ក្ដិ​ដែលខ្លាច​មិនហ៊ាន​ចូលទៅជួប​ជាមួយលោ​កអ្នក​ដើម្បី​បានស្គាល់។
  • កូន​របស់​លោកអ្នក​មាន​អារម្មណ៍​ខឹងមួម៉ៅ​ច្រើន ធុញទ្រាន់​ចង់ចេញ​ទៅខាងក្រៅ​ផ្ទះ។
  • មាន​អាការភ័យខ្លាច ជា​របៀប​មនុស្ស​មានខ្លួន ទាំង​របស់របរ​ប្រើប្រាស់​ទាំងក្នុង​បន្ទប់​មិនចង់​ឱ្យអ្នកណាម្នា​ក់​ប៉ះពាល់ ឬ​ចូលទៅ​ឃើញឡើយ។
  • មាន​អាការ​ភ័ន្ដវិញ្ញាណ ភ្លឹកៗ ធ្វើអ្វី​ដោយ​លួចលាក់​កំបាំង ហើយ​មាន​អារម្មណ៍​ខ្លាច​អ្នកណា​ម្នាក់​មកតាមដាន​ខ្លួនឯង។
  • រូបរាង​កាយចុះ​ស្គម មុខមាត់​ស្លេកស្លាំង មិនសូវ​រៀបរយ​ខ្លួនប្រាណ​ទាំង​សម្លៀកបំពាក់​ផងដែរ។
  • អ្នកប្រើ​គ្រឿងញៀន​មួយចំនួន​ក្លាយទៅជា​មនុស្សម្នាក់​ផ្សេង​ដែល​មិនសមាមាត្រ​នឹងអាយុ​របស់ខ្លួន ចេះដឹង​ច្រើនជាង ធម្មតា ហ៊ាន​អាកាត់​ដោយ​ខ្លួនឯង ក្លាហាន​មិនចេះខ្លាច​ចំពោះ​អ្វីដែល​នឹងកើត​មានឡើង និង​ធ្វើខ្លួន​ដូចជា​អ្នកដែល​មាន​បទពិសោធន៍ ធ្លាប់ឆ្លងកាត់​រួចពីមុន​មកហើយ​អញ្ចឹង។
  • ដើម្បីឱ្យ​កាន់តែ​ច្បាស់ លោកអ្នក​អាចយក​កូនទៅ​ធ្វើការ​ពិនិត្យ​ទឹកនោម។ លទ្ធផល​ជាក់ស្ដែង​នឹងបង្ហាញ​ថាកូន​របស់ លោកអ្នក​មានប្រើ​ថ្នាំញៀន ឬ​មិនប្រើ។

ដំបូន្មាន​អ្នក​ប្រឹក្សា

យុវជន​ងាយនឹង​ទទួលនូវ​ការ​ប៉ះទង្គិច​ពីសង្គម​ខាងក្រៅ ជាពិសេស​អ្វីដែល​មិនល្អ​យុវជន​រមែង​ចង់សាកល្បង។ ឪពុកម្ដាយ គ្រប់រូប​សូម​ព្យាយាម​ពន្យល់​ណែនាំ​កូនឱ្យបាន​យល់នូវគុ​ណវិបត្ដិ និងផល​ប៉ះពាល់​ផ្សេងៗ​ដែល​កើតឡើង​ពីការ​ប្រើប្រាស់​គ្រឿងញៀន។ សូម​កុំព្យាយាម​ធ្វើឱ្យ​សេចក្ដី​ស្រឡាញ់​របស់ឪ​ពុកម្ដាយ​រលាយ​បាត់តាម​ខ្យល់ និង​វិលវល់​ដូចដុំពពក​ដ៏ខ្មៅ​ងងឹត​ឱ្យសោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative