របៀប​ព្យាបាល​ដុត​មាត់ស្បូន

ដុត​មាត់ស្បូន ជាវិធីសាស្ដ្រ​មួយក្នុ​ងការ​ព្យាបាល​ជម្ងឺ​មួយចំនួន​ដែល​បង្កឡើង​នៅមាត់ស្បូន​របស់ស្ដ្រី។ នៅពេល​ឮថាដុត​មាត់ស្បូន ស្ដ្រី​មួយចំនួន​យល់ថា​ជាវិធី​ព្យាបាល​មួយមាន​គ្រោះថ្នាក់​គួរឱ្យ​ខ្លាចរអា។ ផ្ទុយ​ទៅវិញ​មិនមាន​គ្រោះថ្នាក់​ទេ បើ​ធ្វើបាន​ត្រឹមត្រូវ។ តើ​ហេតុអ្វី​ត្រូវដុត​មាត់ស្បូន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​គ្លីនិក​នៃសមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជារ៉ាក់ បានផ្ដល់​បទសម្ភាសន៍​ដល់ ទស្សនាវដ្ដី សុខភាពយើង លើប្រ​ធានបទ​វិធី​ដុតមាត់ស្បូន​ជូនមិត្ដ​អ្នកអាន​ស្វែងយល់ ជាពិសេសស​ម្រាប់​ស្ដ្រី​ទាំងឡាយ។

ដុតមាត់​ស្បូន ជាអ្វី?

ដុត​មាត់ស្បូន គឺជា​វិធីសាស្ដ្រ​ព្យាបាល​ជម្ងឺ​ដែលកើត​លើ​មាត់ស្បូន។ ភាគច្រើន​ជាជម្ងឺ​ដែល​កើតឡើង​ពីការ​ប្រែប្រួល​មិនធម្មតារបស់​កោសិកា​នៃមាត់ស្បូន។ ប្រសិនបើ​និយាយ​ដល់ការ​ដុតមាត់ស្បូន​នេះ ប្រហែល​ជាអ្នកខ្លះ​គិតថា​វាជាការ​យកភ្លើង​ទៅដុតកម្ដៅ។ តាមការ​ពិត បច្ចេកទេស​នៃការ​ដុតមាត់ស្បូន​មានពីរ​យ៉ាង គឺការ​ដុតដោយ​វិធីត្រជាក់ និងដោយ​វិធីក្ដៅ។

1 . ការ​ដុតដោយ​វិធីត្រជាក់ ៖ គេប្រើ​ឧបករណ៍​វេជ្ជសាស្ដ្រត​ភ្ជាប់​ជាមួយ​ឧស្ម័ន​ម្យ៉ាង។ នៅពេល​ដុត គ្រូពេទ្យ​ដាក់ ឧបករណ៍​នោះទៅក្នុង​មាត់ស្បូន ចំកន្លែង​កោសិកា​ដែល​ប្រែប្រួល ឧស្ម័ននោះ​មានភាពត្រជាក់​ខ្លាំង​អាចធ្វើ​ឱ្យកោសិកា​មិនធម្មតា​ត្រូវបាន​បំផ្លាញ។

2 . ការ​ដុតដោយ​វិធី​ក្ដៅ ៖ គេប្រើ​ឧបករណ៍​វេជ្ជសាស្ដ្រ​តភ្ជាប់​ទៅចរន្ដអគ្គិសនី។ នៅពេល​ដុត គ្រូពេទ្យ​យក​ឧបករណ៍ សម្រាប់​ដុតទៅដាក់​នៅ​មាត់ស្បូន។ ឧបករណ៍​នោះអាច​បំផ្លាញ​កោសិកា​មិនធម្មតា ឬ​កោសិកា​មហារីក​បាន។

មូលហេតុ​ដុត​មាត់ស្បូន

ការ​ព្យាបាលដោ​យដុត​មាត់ស្បូន​អាច​ប្រព្រឹត្ដ​ទៅលើ​ជម្ងឺដែល​កើតឡើង​ធ្វើឱ្យ​មានការ​ប្រែប្រួល​មិនធម្មតា​នៃកោសិកា​មាត់ស្បូន។ នៅពេល​ដែល​ពិនិត្យ​ឃើញថា​កោសិកា​មាត់ស្បូន​មានលក្ខណៈ​ប្រែប្រួល​មិនធម្មតា​ហើយ គ្រូពេទ្យ​នឹងធ្វើការ​ព្យាបាល​ទៅតាម ការ​ប្រែប្រួល​នោះ។ ករណីនេះ​អាច​ព្យាបាល​ដោយដុត​មាត់ស្បូន។ ប៉ុន្ដែ​មិនមែន​មាន​ន័យថា​ឱ្យតែ​មានការ​ប្រែប្រួល​មិនធម្មតា​នៃកោសិកា​មាត់ស្បូន​សុទ្ធតែ​ត្រូវ​ព្យាបាល​ដោយការដុត​ទាំងអស់​នោះទេ។ ចាំបាច់​ត្រូវមាន​ការ​វិភាគ​ពីគ្រូពេទ្យ​ជំនាញរ​កមើល​ពីកម្រិត​នៃការ​ប្រែប្រួល​របស់​កោសិកា​មាត់ស្បូន​នោះ ព្រោះ​កម្រិត​នៃការ​ប្រែប្រួល​ខ្លះមិន​ទាមទារ​ឱ្យធ្វើការ​ដុតទេ។ ជម្ងឺគីស​មាត់ស្បូន និង​ជម្ងឺ​មហារីក​មាត់ស្បូន​សុទ្ធតែ​ជាដើម​ហេតុតម្រូវ​ឱ្យមាន​ការ​ព្យាបាល​ដោយដុត​មាត់ស្បូន។

ជាទូទៅការ​ប្រែប្រួល​កោសិកា​នៅក្នុង​មាត់ស្បូន​មិនអាច​មើលឃើញ​ដោយ​ភ្នែកទទេ ឬដោយ​បញ្ចេញ​អាការ​ឱ្យស្ដ្រី​នោះដឹង ជាមុន​នោះឡើយ។ ស្ដ្រីអាច​ដឹងថា​កោសិកា​មាត់ស្បូន​មានការ​ប្រែប្រួល​បាន​នៅពេល​មកជួប​គ្រូពេទ្យ ហើយ​ទាមទារ​ឱ្យមានការ​ស្រាវ ជ្រាវ​រកមើល​កោសិកា​មហារីក​មាត់ស្បូន ដែលជា​ជម្ងឺមួយ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ជាពិសេស​ស្ដ្រី​ដែលមាន​អាយុ​ចាប់ពី​៣០ឆ្នាំ​ឡើងទៅ។ ការ​ប្រែប្រួល​កោសិកា​មាត់ស្បូន​នេះក៏​អាចមើល​ដឹង​តាមរយៈ​ការយក​រំអិល​នៅនឹង​មាត់ស្បូន​របស់ស្ដ្រី​ទៅវិភាគ​នៅមន្ទីរពិសោធន៍​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​ថែរក្សា​សុខភាព​ក្រោយពេល​ដុត​មាត់ស្បូន

ជាធម្មតា​ក្រោយពេល​ដុតមាត់​ស្បូនហើយ ស្ដ្រី​មួយចំនួន​មិនមាន​អាការអ្វី​ប្រែប្រួល​ជាធំដុំទេ។ ប៉ុន្ដែ​មានស្ដ្រី​មួយចំនួន​ទៀត មានការ​រំខានខ្លះ​ផងដែរ ដូចជា​មាន​អារម្មណ៍​ថាឈឺអួលៗ ឬឈឺ​ដូចជា​ស្រមោចខាំ។ ក្រោយពេល​ដុត​មាត់ស្បូន ស្ដ្រី​មានអាការ​ធ្លាក់ស ច្រើនជាង​ធម្មតា ហើយ​មានសភាព​រាវដូចទឹក ព្រមទាំង​មាន​លាយ​កម្ទេចខ្មៅៗ។ កម្ទេចខ្មៅ​នោះ គឺជាការ​ជ្រុះ​កម្ទេច​ក្រម​ររបស់​កោសិកា​មិនធម្មតា​ក្រោយពេល​ដុត​បំផ្លាញ។ នៅពេល​មានការ​ធ្លាក់ស​ច្រើន ស្ដ្រី​គប្បី​ត្រូវទៅជួប​គ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់ ចៀសវាងការ​ប្រើប្រាស់​ថ្នាំ​ផ្ដេសផ្ដាស់ និង​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ ដើម្បី​បើកមើល​ស្បូន។
រយៈពេល​នៃការ​ដុតរហូត​ដល់ជាសះស្បើយ​មាន​រយៈពេល​ពីមួយ​សប្ដាហ៍​ទៅ៤សប្ដាហ៍។ ដូច្នេះ​ក្រោយពេល​ដុតមាត់​ស្បូន ស្ដ្រី​គួរតែ​ខំថែទាំ​សុខភាព។

  • ចាំបាច់​ស្ដ្រី​ត្រូវតម​កុំលូក​ប៉ះពាល់​ទៅក្នុង​មាត់ស្បូន ព្រោះ​មាត់ស្បូន​កំពុងមាន​របួស។ ហាម​ធ្វើអនាម័យ​ដោយយក​ម្រាម ដៃ​លូកលាង​សម្អាត​ទៅក្នុង​មាត់ស្បូន។
  • ត្រូវ​តមការ​រួមដំណេក ព្រោះអាច​ធ្វើឱ្យ​កោសិកា​ដែលដុត​នោះជ្រុះ​មកមុនពេល​កំណត់់ ជាហេតុ​នាំឱ្យ​មានការ​ធ្លាក់ឈាម។

 

ដំបូន្មាន​អ្នក​ប្រឹក្សា

ស្ដ្រី​ទាំងឡាយ​ចាប់ពី​អាយុ​៣០ឆ្នាំ​ឡើងទៅ និង​ធ្លាប់​ឆ្លងកាត់​ការ​រួមភេទ គួរ​ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្រាវជ្រាវ​រកមើល​កោសិកា​មហារីក​មាត់ស្បូន ក៏ដូចជា​ជម្ងឺ​ផ្សេងទៀត​ដែលអាច​កើតឡើង ជាពិសេស​ជម្ងឺ​កាមរោគ។ ស្ដ្រីគួរ​តាមដាន​សុខភាព​របស់ខ្លួន​ឱ្យបាន​ជាប្រចាំ​យ៉ាងហោច​ណាស់​ឱ្យបាន​ម្ដងក្នុង​មួយឆ្នាំ ដើម្បី​រកការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ព្រោះ​ថាជម្ងឺ​មហារីក មាត់ស្បូន​មកដល់​បច្ចុប្បន្ន​នេះ ពុំទាន់​មានការ​សិក្សា​ណាបញ្ជាក់​ពីមូលហេតុ​ពិតប្រាក​ដដែល​នាំឱ្យ​កើតជម្ងឺ​នេះនៅឡើយ​ទេ។ ថ្វីត្បិត​គ្រូពេទ្យ​រកឃើញ​មានការ​ប្រែប្រួល​កោសិកា​នៅមាត់ស្បូន​របស់​លោកស្រី​អ្នកនាង​កញ្ញា ប៉ុន្ដែ​សូមកុំ​មានការ​ព្រួយបារម្ភ ឬ​បាក់ទឹ​កចិត្ដ ព្រោះថា​ករណីខ្លះ​មិនធ្ងន់ធ្ងរ​ឡើយ អាច​ព្យាបាល​ជាសះស្បើយ​បាន ឬ​ករណីខ្លះ​អាចជា​សះស្បើយ​ដោយ​ឯកឯង។

ស្ដ្រី​គួរស្វែងរក​សេវា​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ កុំ​ជឿតាម​ពាក្យគេ ព្រោះ​ជម្ងឺខ្លះ​ស្ដ្រី​មិនគួរ​ព្យាបាល​ដោយការ​ដុតមាត់​ស្បូនទេ។ ការ​ដុត​មិនត្រឹមត្រូវ​អាចឱ្យមា​ន​គ្រោះថ្នាក់ ដូចជាការ​ដុតជ្រៅ​ពេក ឬដុត​មិនចំ​កន្លែង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative