គេង​មិនស្កប់​យល់សប្ដិ​ច្រើន

នាងខ្ញុំ​ឈ្មោះ ម. វ. ធ រស់នៅ​ទីក្រុង​ភ្នំពេញ។ នាងខ្ញុំ​តែងតែ​អាន​ទស្សនាវដ្ដី សុខភាពយើង​គ្រប់លេខ។ នាងខ្ញុំ​មានការ​ចាប់អារម្មណ៍​រាល់អត្ថបទ​និងខ្លឹមសារ​ដែលបាន​ចុះផ្សាយ​ស្ដីពីជម្ងឺ​ផ្សេងៗ។ ពេលខ្លះ​នាងខ្ញុំ​ពុំសូវ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​ខ្លួនឯង​ឱ្យគ្រប់គ្រាន់​ឡើយ ប៉ុន្ដែ​នៅពេល​ដែល​នាងខ្ញុំ​ចាប់ផ្ដើម​អាន​ទស្សនាវដ្ដី​នេះមក ធ្វើឱ្យ​នាងខ្ញុំ​ចាប់ផ្ដើម​គិតគូរ​ពីបញ្ហា​សុខភាព​របស់​ខ្លួនឯង​ឡើងវិញ ដូចពាក្យ​របស់លោក​វេជ្ជបណ្ឌិត​សរសេរ​នៅក្នុង​អារម្ភកថា ថា“សម្រស់​ជាមាសសុខភាព​ជាពេជ្រ”។

ពេលនេះ​ដែរ​នាងខ្ញុំ​ក៏មាន​សំណួរ​ខ្លះចង់សួរ​ទៅលោក​វេជ្ជបណ្ឌិត​ថា នាងខ្ញុំ​តែងតែ​គេងយល់​សប្ដិ​ជារៀងរាល់យប់ និង​តែងតែ​មមើ​និយាយ​ជារៀងរាល់​យប់​មិនដែល​ខានម្ដង​ណាឡើយ។ នៅពេល​ក្រោកឡើង​ធ្វើឱ្យ​នាងខ្ញុំ​មានអារម្មណ៍​អស់កម្លាំង​ហាក់​ដូចជា គេង​មិនបាន​ស្កប់ទាល់​តែសោះ។ នៅពេល​ទៅធ្វើការ​នាងខ្ញុំ​តែងតែ​ស្ងាបស្ទើរ​តែ​គ្រប់ពេល ធ្វើឱ្យ​មិត្ដភក្ដិ​មួយចំនួន​សួរខ្ញុំថា​រាល់យប់ ធ្វើអី​បានជា​ស្ងាបរហូត​បែបនេះ។ តើ​អាការ​ទាំងអស់​នេះ​បណ្ដាល​មកពីអ្វី?

តើមាន​វិធី​អាចព្យាបាល​ទេ?

នាងខ្ញុំ​នឹង​រង់ចាំ​ចម្លើយ​ពីលោក​វេជ្ជបណ្ឌិត តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង​នៅលេខ​ក្រោយៗ​ទៀត។
សូម​គោរពជូនពរ​លោក​វេជ្ជបណ្ឌិត និង​សហការី​ទាំងអស់​ឱ្យជួបតែ​សុខភាពល្អ និង​សម្រេច​បាន​ជោគជ័យ​គ្រប់ភារកិច្ច។
អ្នកនាង​ម. វ. ធ រស់នៅ​ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ សូម​អរគុណ​ប្អូនស្រី​ហើយ​ដែលបាន​គាំទ្រ​ខ្ញុំបាទ និង​ទស្សនាវដ្ដី សុខភាពយើង។ សូមទោស​សុំអនុញាតិ​ហៅ ថា​ប្អូនស្រី។ មនុស្ស​កើតមក​ត្រូវការ​ការទទួលទាន ការ​ធ្វើការងារ ការ​កម្សាន្ដ ការ​សម្រាកកាយ និងការ​ទទួលទាន​ដំណេក​ដើម្បី​រស់រានមាន​ជីវិត។ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​គេបាន​ប្រៀបធៀប​ជីវិត​ទៅនឹង​បីចំណុច“ធ្វើការ ធ្វើ​ដំណើរ និង​ដេក”។ តាមការ​គុណគូរ មនុស្ស​ត្រូវការ​ទទួលទាន​ដំណេក​ជាមធ្យម​៨ម៉ោង​ក្នុងមួយថ្ងៃ​។ ដូច្នេះ​ក្នុងមួយ​ជីវិត មនុស្សត្រូវ​ចំណាយ​ពេលដេក​ដល់ទៅ​មួយភាគបីនៃ​ជីវិតរបស់​ខ្លួន។ បើ​មនុស្សម្នាក់​រស់បាន​ដល់អាយុ៧៥​ឆ្នាំ គឺត្រូវ​ដេកអស់​២៥ឆ្នាំ​ហើយ។ ដូច្នេះ គុណភាព​ដំណេក​លង់លក់ សំខាន់​ខ្លាំងណាស់។

ក្នុងមួយ​យប់ៗ យើងត្រូវ​ទទួលទាន​ដំណេក​ដោយ​ឆ្លងកាត់​ជាច្រើនចក្រ ឬ​ខួបនៃ​ដំណេក។ ចក្រ​ទាំងឡាយ​ត្រូវ​វិលចុះ​វិល ឡើង​ជាបន្ដបន្ទាប់​គ្នា ៤ទៅ៥​ជុំឯណោះ ក្នុងមួយ​យប់។ ក្នុង​១ចក្រ ឬ​១ខួប​ដំណេក មាន​រយៈពេល​ពីមួយ​ម៉ោងកន្លះ​ទៅពីរម៉ោង។ នៅក្នុង​ចក្រដំណេក​នីមួយៗ ត្រូវបាន​បែងចែក​ជា៥វគ្គ ឬ​៥ដំណាក់កាល​នៃដំណេក។ ដំណាក់​កាលទី១​ជាដំណាក់កាល​លក់“រលីវ” ដំណាក់កាល​ទី២ ទី៣ និងទី៤ ជាដំណេក​លក់“ស្កប់ស្កល់” និង​ដំណាក់កាល​ទី៥ ជា​ដំណេកលក់“លាយ​សុបិន្ដ”។ ដូច្នេះ​ការយល់​សប្ដិរបស់​មនុស្ស​ជារឿង​ធម្មតាទេ។ ជាអាទិ​ចាប់ពី​ពាក់កណ្ដាល​យប់ទៅ ដំណេក​លក់“លាយ​សុបិន្ដ”មាន​រយៈពេល​រិតតែ​ច្រើននាទី រីឯ​ដំណេកលក់“ស្កប់ស្កល់”​មានរយៈពេល​រិតតែខ្លី។ ដូច្នេះ​ហើយបាន​ជាយើង​ឧស្សាហ៍​មានការ​យល់សប្ដិ ឬយល់​សុបិន្ដ និង​មមើម​មាយតែពេល មាន​មាន់រងាវ ឬ​ពេលជិត​ភ្លឺ។ (ដកស្រង់​ពីសៀវភៅ“​២៤ម៉ោង​ដើម្បី​សុខភាពល្អ” និពន្ធដោយ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ)។

ដោយសារ​មិនបាន​ជួបផ្ទាល់ និង​ស្គាល់ច្បាស់ ខ្ញុំបាទ​ពិបាក​ឆ្លើយ​បន្ដិច​ទាក់ទង​នឹង​មូលហេតុ និង​វិធី​ព្យាបាល​ទប់ទល់ តែខ្ញុំ បាទ​នឹងខិតខំ​ឆ្លើយ​ជាគោល​សំខាន់ៗ។ មនុស្ស​វ័យក្មេង និងពេញ​កម្លាំង​ទទួលទាន​ដំណេក​បានច្រើន​(៤ទៅ៥ចក្រ​ដំណេក)​យ៉ាងងាយ រីឯ​មនុស្ស​វ័យចាស់​ដេកបាន​តិចជាង។ វ័យ​កាន់តែ​ចាស់ រយៈពេល​ដំណេកលក់​“រលីវ”កាន់តែ​វែង និងភ្ញាក់​កណ្ដាល​យប់​កាន់តែ​ញឹក ញាប់។ ដំណេក​លក់​ពាក់ព័ន្ធ​ទៅនឹង​កត្ដាជាច្រើន ដូចជា​សម្លេង សុខភាព​ផ្លូវចិត្ដ សុខភាព​ផ្លូវកាយ ជម្ងឺតម្កាត់ ជីវភាព ជីវិត វិជ្ជាជីវៈ ជាដើម។ រីឯការ​យល់សប្ដិ​ឬមមើ​ច្រើនក៏​ទាក់ទង​ទៅនឹងកត្ដា​ទាំងនេះ​ដែរ។ ស្ងាប​ជាសញ្ញា​បញ្ជាក់ថា​ទទួលទាន​ដំណេក​មិនបាន​គ្រប់គ្រាន់ទេ។ ដូច្នេះ​ការដិតដាម​នឹង​ការងារ និង​ជីវិត​ពេលថ្ងៃ អាច​បន្សល់​រហូត​ដល់ពេ​លយប់។

ហេតុដូច្នេះ​ដើម្បី​ទប់ទល់​ការ​ទទួលទាន​ដំណេក​មិនសូវ​លក់ ឬ​មិនស្កប់ និង​កាត់បន្ថយការ​យល់សប្ដិ សូម​ប្អូនស្រី​ត្រួតពិនិត្យ ខ្លួនឯង​ឡើងវិញ ថាជីវិត​ប្រចាំថ្ងៃ​មានផល​ប៉ះពាល់​ដល់ដំណេក​ឬទេ។ តែទោះជា​យ៉ាងណា សូម​រៀបចំ​កន្លែង​ទទួលទាន​ដំណេក​ឱ្យបាន​ត្រឹមត្រូវ ដូចជា​គ្រែដេកស្រួល កម្ដៅ​ល្មម បន្ទប់ស្ងាត់ គ្មាន​ពន្លឺ​រំខាន​ជាដើម។ ជាពិសេស​សូម​ទទួលទាន​ត្រឹមត្រូវ ហាត់ប្រាណ និង​លេងកីឡា​នៅពេល​ព្រឹក កុំលេង​នៅពេលល្ងាច។ បើ​អនុវត្ដ​តាមវិធី​ទាំងនេះ​ដោយខ្លួនឯង នៅតែ​គ្មាន​ប្រសិទ្ធភាព សូម​រួសរាន់​ទៅជួប​គ្រូពេទ្យ​ព្យាបាល ប្រយោជន៍​ទទួលការ​ព្យាបាល​ដោយ​ឱសថ ឬ​វិធីសាស្ដ្រ​ផ្សេងៗទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative