វិធី​ធ្វើឱ្យ​ដកកម្ពស់

នាងខ្ញុំ​ចូលចិត្ដ​អាន​ទស្សនាវដ្ដី សុខភាពយើង ខ្លាំង​ណាស់ ពីព្រោះ​វាបង្ហាញ​ផ្លូវល្អៗ ដើម្បី​រស់នៅ​មាន​សុខភាពល្អ។ នាង​ខ្ញុំ ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ដំបូន្មាន​ដ៏ល្អៗ​របស់​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ហើយ​នាងខ្ញុំ​សប្បាយ​ចិត្ដដែលបាន​ឃើញ​អាស័យដ្ឋាន អ៊ីម៉ែល​របស់​លោក​វេជ្ជបណ្ឌិត ទើប​នាងខ្ញុំ​សម្រេចចិត្ដ​សរសេរ​នៅពេល​នេះ។ តើ​នាងខ្ញុំ​អាច​សួរសំណួរ​ខ្លះ​ទៅកាន់​លោក​វេជ្ជបណ្ឌិត បានដែរ​ឬទេ? នាងខ្ញុំ​ឈោ្មះ ស. ណ. រ មាន​អាយុ​២០ឆ្នាំ រស់នៅ​ខេត្ដ​បាត់ដំបង នាងខ្ញុំ​ជានិស្សិត​នៅសកល​វិទ្យាល័យ។ នាងខ្ញុំ​មានកម្ពស់​១,៥២ម៉ែត្រ និង​ទម្ងន់​៥០គីឡូក្រាម​តែប៉ុណ្ណោះ។ នាងខ្ញុំមាន​អារម្មណ៍​ថាខ្លួនឯង​ទាប​ខ្លាំងណាស់។ ម្ដាយរបស់​នាងខ្ញុំ និង​បងប្អូនស្រី​របស់​នាងខ្ញុំ​មានកម្ពស់​ខ្ពស់ជាង​ដល់ទៅ​១,៦០ម៉ែត្រ។ រាល់ពេល​ដែល​នាងខ្ញុំ​ទទួលទាន​កាន់តែ​ច្រើន នាងខ្ញុំ​កាន់តែ​ធាត់ទៅ។ នាងខ្ញុំ​ចង់ខ្ពស់​ជាងនេះ តែ​មិនចង់ធាត់​ទេ។ បើ​នាងខ្ញុំ​សព្វថ្ងៃ​អាយុ២០ឆ្នាំ​ទៅហើយ ហេតុនេះ​តើ​នាងខ្ញុំ​អាចខ្ពស់​ទេ? តើ​នាងខ្ញុំ​អាច​ទទួលទាន​ម្ហូប​អាហារ​អ្វីខ្លះ​ទៅ? នាងខ្ញុំ​រង់ចាំ​ស្ដាប់​ដំបូន្មាន​ដ៏ល្អ​របស់លោក​វេជ្ជបណ្ឌិត។
អ្នកនាង​ស. ណ. រ អាយុ​២០ឆ្នាំ ខេត្ដ​បាត់ដំបង

វេជ្ជប​ណ្ឌិតយើង ៖ ជាដំបូង​សូម​អរគុណ​ប្អូនស្រី​ដែលបាន​គាំទ្រ​ខ្ញុំបាទ និង​ទស្សនាវដ្ដី សុខភាពយើង។ តាម​រៀបរាប់​មកនេះ ប្អូនស្រី​ពិតជា​បារម្ភ​ខ្លាំងណាស់ ហើយ​តូចចិត្ដ​ទៀតផង សូម​កុំអាក់​អន់ចិត្ដអី។ មនុស្ស​គ្រប់រូប​មិនដូចគ្នា​ទាំងអស់​ទេ មនុស្សទាប​មិនមែន គ្មាន​សម្រស់​នោះទេ ការ​រៀបចំ​ខ្លួនទេ​ទើបសំខាន់។ បើ​តាមការ​គិតគូរ​តាម​រូបមន្ដ​រកកម្រិត​ម៉ាស់ខ្លួន ប្អូនស្រី​ពិតជាមាន​ទម្ងន់ខ្លួន​ត្រឹមត្រូវ គឺ​ប្អូនស្រី​ធ្វើការគុ​ណគូរ​ដោយយក​ទម្ងន់​ចែកកម្ពស់​គុណនឹង​កម្ពស់ ៖ ៥០គក្រ ចែក​(១,៥២ម)២ = ២១,៦៤ រូបមន្ដ​នេះពិតជា​ពិបាក​យកជាការ​បានណាស់​សម្រាប់​ប្អូនស្រី​ដែលមាន​កម្ពស់ទាប។ ស្ថានភាព​កម្ពស់​និងទម្ងន់​នេះ ប្អូន​ពិតជា​ធាត់បន្ដិច​ហើយ។ តាមពិត​បើប្អូនស្រី​មានកម្ពស់​១,៥២ម៉ែត្រ ប្អូនស្រី​ត្រូវមាន​ទម្ងន់​រវាង​ពី៤០ទៅ​៤៧គក្រ។ បើ​ប្អូនស្រី​មានទម្ងន់​៥០គក្រ ប្អូនស្រី​ត្រូវមាន​កម្ពស់ រវាង​ពី១,៥៥ម៉ែត្រ​ទៅ១,៦២ម៉ែត្រ ទើប​ប្អូនស្រីមា​ន​រាងកាយ​សមសួន។ បើ​ចង់ដឹង​លម្អិត​អំពីរូបមន្ដ​និងក្រាហ្វិក​ដែលបាន​លើកមក ធ្វើការ​គុណគូរ​នេះ សូម​ប្អូនស្រី​រកអាន​សៀវភៅ“១០នាទី​ដើម្បី​សម្រស់​រាងកាយ” ដែល​និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។

ប្អូនស្រី​ទើបតែ​មានអាយុ២០​ឆ្នាំទេ ពិតជា​មិនទាន់​អស់កម្ពស់​ទាំងស្រុង​ទេ ប្អូនស្រី​អាចនៅ​ដកកម្ពស់​រហូតដល់​អាយុ២៥ឆ្នាំ ។ ការ​ដកកម្ពស់ និងការ​ធាត់ស្គម វាពិតជា​ទាក់ទង​ទៅនឹង​ពូជពង្ស ឬ​គ្រួសារ ប៉ុន្ដែ​មិនមែន​ទាំងស្រុង​នោះទេ វាក៏​អាស្រ័យ​ផងដែរ​ទៅ នឹង​របប​អាហារ​ទទួលទាន និង​កត្ដាជីវសាស្ដ្រ​នៅក្នុង​ខ្លួនប្អូនស្រី​ផងដែរ។ ជាពិសេស​ការ​ទទួលទាន​មិន​គ្រប់គ្រាន់​ឬមិន​ត្រឹមត្រូវ​អាចជាកត្ដា​ធ្វើឱ្យ​មានកម្ពស់​មិនខ្ពស់​ដែរ។ វិធី​ដែលត្រូវ​ធ្វើសម្រាប់​ប្អូនស្រី គឺត្រូវ​ទទួលទាន​ត្រឹមត្រូវ ជាពិសេស​បន្លែ និង​ផ្លែឈើ​ឱ្យបានច្រើន ដែល​អាចសម្បូរ​ទៅដោយ​ជាតិរ៉ែ និង​វីតាមីន​ដែលអាច​ជួយដក​កម្ពស់បាន​ត្រឹមត្រូវ។ ប៉ុន្ដែ​សូមកុំ​ទទួលទាន​ជាតិខ្លាញ់ និង​ជាតិស្ករ​ច្រើនពេក ព្រោះវា​ធ្វើឱ្យ​ធាត់។ ហេតុនេះ​ប្អូនស្រី​ត្រូវគិត​ផងដែរ​អំពី​ធាតុផ្សំ​នៅក្នុង​ចំណីអាហារ សូមកុំ​ទទួលទាន​ឱ្យតែច្រើន ហើយថា​ត្រឹមត្រូវ​ឱ្យសោះ។ នៅក្នុង​បាយ ឬ​បបរ​មានជាតិ​វីតាមីន និងរ៉ែ​តិចតួច សម្បូរតែ​ជាតិស្ករ​ប៉ុណ្ណោះ។ ដូច្នេះ​ប្អូនស្រី​ត្រូវ​ទទួលទាន​បន្លែ បៃតង ផ្លែឈើ និង​ភេសជ្ជៈ​ដែល​សម្បូរ​ទៅដោយ​ជាតិរ៉ែ ជាពិសេស​ជាតិ​កាល់ស្យូម និង​វីតាមីនដេ។ ម្យ៉ាងទៀត ប្អូនស្រី​ត្រូវ​ឆ្លៀតពេល​ហាត់ប្រាណ​លេងកីឡា​ណាដែល​ជួយ​ដកដងខ្លួន ដូចជា​ឈោងឡើង រត់ត្រឹកៗ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative