ម៉ាស្សា​ចាប់​សរសៃ​ជួយ​សុខភាព

នៅពេល​ធ្វើការងារ​កាន់តែ​មមាញឹក​ លោកអ្នក​តែងមាន​អារម្មណ៍​មួរហ្មង គួបផ្សំ​នឹងវ័យ​កាន់តែ​វិវត្ដន៍ លោកអ្នក​តែងមាន អាការ​ចុករោយ​ដៃជើង ស្ពឹក​ស្រពន់​ខ្លួនប្រាណ​ជាមិនខាន។ ការធ្វើ​ម៉ាស្សា​ចាប់​សរសៃ​អាចជួយ​បំបាត់​ការ​ឈឺសន្លាក់ ការ​ចុករោយ​ខ្លួន ប្រាណ និង​ជួយ​បំបាត់​ស្ដ្រេស។ ការ​ម៉ាស្សា​ចាប់សរសៃ​នេះវិធី​សាស្ដ្រ​មួយកំពុង​ពេញនិយម​សម្រាប់​មនុស្ស​នាសម័យ​បច្ចុប្បន្ន។ ម៉ាស្សា មាន​ប្រយោជន៍​អ្វីខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែងយល់​ពីវិធី​សាស្ដ្រ​នៃការ​ធ្វើម៉ាស្សា​នេះ ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោកស្រី ហេង ជាន ម្ចាស់ហាង​កែសម្ផស្ស​ប៊ីប៊ី។

របៀប​ធ្វើម៉ាស្សា​ចាប់សរសៃ

ការ​ម៉ាស្សា​ចាប់​សរសៃ​ជាបច្ចេកទេស​មួយដែល​ប្រើដៃ ម្រាមដៃ​ដើម្បី​បំបាត់​ឬព្យាបាល​ការឈឺ​សន្លាក់ដៃ សន្លាក់​ជើង ចុករោយ​ខ្លួនប្រាណ បំបាត់​អាការ​ស្ពឹកស្រពន់​នានា​ជាដើម។ ដំណាក់កាល​ដំបូង​អ្នកជំនាញ​ធ្វើម៉ាស្សា​ចាប់យក​ក្រែម​មានជាតិ​ប្រេង ឬ​ហឹរតិច​មកលាប​លើកន្លែង​ដែលត្រូវ​ម៉ាស្សា។ នៅពេល​ម៉ាស្សា គេចាំបាច់​ត្រូវ​ប្រើក្រែម​ប្រភេទ​នេះ ដើម្បីឱ្យ​សរសៃ​ទន់ ស្បែក​មានជាតិ​សំណើម​ងាយស្រួល​ក្នុងការ​ធ្វើ​ម៉ាស្សា​ចាប់សរសៃ និង​ធ្វើឱ្យក្ដៅ​ស្រួលខ្លួន​ផង។ ប្រសិនបើ​យើងមិន​ប្រើក្រែម​ទេ ស្បែកអាច​រលាក ឬ​រលាត់​នៅពេលធ្វើ​ម៉ាស្សា។ បន្ទាប់មក​ទើបអ្នក​ជំនាញ​យកម្រាមដៃ​ឈ្លីលើកន្លែង​ដែលត្រូវ​ម៉ាស្សា ដូចជា​ដងខ្លួន ដៃជើង បាតដៃ បាតជើង​ជាដើម ដោយធ្វើ​ចលនា​យឺតៗ​តាមបច្ចេកទេស​ម៉ាស្សា​ចាប់សរសៃ។

អត្ថ​ប្រយោជន៍​នៃការ​ធ្វើម៉ាស្សា

ការម៉ាស្សា​អាចជួយ​សម្រួលឱ្យ​សរសៃ​យឺត ឈាមដើរ​ស្រួល និងបំ​បាត់​នូវការ​តានតឹង​ក្នុងអារម្មណ៍​ផងដែរ។ សម្រាប់​អ្នក ដែលអង្គុយ​ធ្វើការងារ​ច្រើន ការងារ​មមាញឹក មិន​មានពេល​គ្រប់គ្រាន់​ក្នុងការ​ហាត់ប្រាណ ដើម្បី​ថែរក្សា​សុខភាព ជាពិសេស​ទប់ស្កាត់ ការចុករោយ​ខ្លួនប្រាណ អាចធ្វើ​ការម៉ាស្សា​នេះដើមី្ប​ឱ្យស្រួលខ្លួន​ឡើងវិញ។ លោកអ្នក​ដែលធ្វើការ​នៅក្នុង​ម៉ាស៊ីនត្រជាក់​យូរពេក អាចធ្វើ​ឱ្យមិន​ស្រួលខ្លួន មិនបែក​ញើស ត្រូវធ្វើ​ម៉ាស្សា​ហើយស្ទីម​ខ្លួនដើមី្ប​ឱ្យបែក​ញើស បញ្ចេញ​ជាតិពុល​ពីក្នុងខ្លួន​ដើម្បីឱ្យ​ស្រួលខ្លួន។ នៅពេល​ធ្វើម៉ាស្សា​ខ្លួនហើយ គេច្រើន​ស្ទីមខ្លួន​ជាមួយ​ជាតិថ្នាំ ដើម្បីឱ្យ​បែកញើស បញ្ចេញ​ជាតិពុល និងជួយ​ឱ្យ​សរសៃឈាម​រត់ស្រួល​ផងដែរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការ​ម៉ាស្សាចាប់​សរសៃ​អាចធ្វើ​ទៅបាន ហើយ​ប្រសិទ្ធភាព​ចំពោះ​លោកអ្នកដែ​លមាន​អាការ​ឈឺសន្លាក់​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ ប្រសិនបើ​លោកអ្នក​មានជម្ងឺ​សន្លាក់់​ធ្ងន់ធ្ងរ ការធ្វើ​ម៉ាស្សា​មិនមាន​ប្រសិទ្ធភាព​ទេ លោកអ្នក​គួរប្រ​ញាប់​អញ្ជើញ​ទៅជួប​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ។ ម្យ៉ាងទៀត​លោកអ្នក​គួរស្វែងរក​សេវា​ចាប់សរសៃ​ដែលមាន​ជំនាញ​ច្បាស់លាស់។ បើ​ជ្រើសរើស​យកការ​ថែរក្សា​សុខ ភាព តាមបែប​ស្ទីម និង​ម៉ាស្សា​គួរធ្វើក្នុង​មួយសប្ដាហ៍​ពីរដង​ជាការ​ប្រសើរ។ ជាងនេះ​ទៅទៀត​លោកអ្នក​គួរហាត់ប្រាណ​បន្ថែម​ដើម្បី ឱ្យ​សុខភាព​របស់​លោកអ្នក​កាន់តែ​រឹងមាំ មាន​អាយុ​កាន់តែ​យឺនយូរ និង​សម្រស់ស្រស់​ស្អាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative