ដាក់ធ្មេញ​ជួយ​ថែសម្រស់ និង​ថែទាំ​សុខភាព

លោកអ្នក​ប្រហែល​ជាមិន​បណ្ដោយ​ឱ្យ​ផ្ទៃមុខ​បាត់បង់​សម្រស់​នោះទេ។ ពេលធ្មេញ​មាន​បញ្ហាដង្កូវ​ស៊ី លោកអ្នក​ត្រូវតែ​ព្យាបាល​ឬក៏​ដកចេញ។ ការ​ដកធ្មេញ​នឹងធ្វើ​ឱ្យ​ទម្រង់មុខ​លោកអ្នក​ខូង ឬ​ផត មិនជាទី​ស្រឡាញ់ ហើយ​ក៏មិន​ពេញចិត្ដ​សម្រាប់​អ្នកផង​ដែរ ។ កត្ដា​ទាំងនេះ​នឹងធ្វើ​ឱ្យលោកអ្នក​មួយចំនួន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ទន្ដបណ្ឌិត​ដើម្បី​ដាក់​ធ្មេញ ក្នុង​បំណង​រក្សាសម្រស់​ផ្ទៃមុខ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ទន្ដបណ្ឌិត ញាណ ភីរម្យ អ្នក​ឯកទេស​ដាំបង្គោល​ធ្មេញក្នុ​ងឆ្អឹង និង​ជាប្រធាន​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរព្យាបាល​ធ្មេញ បស្ចឹម នឹង​បកស្រាយ​បំភ្លឺ​អំពី​បញ្ហានេះ​ជូន​មិត្ដអ្នកអាន​តាមរយៈទស្សនាវដ្ដី សុខភាព​យើង។

មូលហេតុ​ដាក់ធ្មេញ

អ្នកណាៗ​ក៏ចង់បាន​ភាពស្រ​ស់ស្អាត​ដែរ។ ដាក់​ធ្មេញ គឺដើម្បី​បំពេញ​ចន្លោះ​នៃការ​ថែរក្សាសម្រស់​ផ្ទៃមុខ មិនធ្វើ​ឱ្យមុខ​ផត ខូងដែល​បណ្ដាល​មកពីការ​ដកធ្មេញ ព្រមទាំង​ជួយ​សម្រួល​ដល់ការ​ទំពារ​ចំណី​អាហារ​ផ្សេងៗ។ ធ្មេញខូច​ត្រូវដក​ចេញ ធ្វើឱ្យ​នៅសល់​ចន្លោះ​ធ្មេញ និង​មានការ​លំបាក​ក្នុងការ​ទទួលទាន​អាហារ ដូចជា​ពិបាក​ទំពារ​ជាដើម។ ហេតុនេះ​ហើយ ទើប​លោកអ្នក​ត្រូវដាក់​ធ្មេញ ឱ្យបាន​គ្រប់​ចំនួន ជំនួស​ធ្មេញ​ដែលបាន​បាត់បង់​ទៅ​បណ្ដាល​មកពី​ធ្មេញ​នោះខូច ដង្កូវ​ស៊ី​ជាដើម។

ប្រភេទ​ធ្មេញ​ដាក់

ធ្មេញ​ដាក់ ឬ​ធ្មេញ​សិប្បនិម្មិត​មានច្រើន​ប្រភេទ។

  • ធ្មេញ​ជាប់ ៖ ធ្មេញដាក់​ដែល​មិនអាច​ដោះវិញ​បាន
  • ធ្មេញ​ដោះដាក់​ទាំងអស់ ៖ ជាធ្មេញ​ដែលដាក់​ហើយ ដោះចេញ​វិញបាន​ដោយ​ខ្លួនឯង និង​ងាយ​សម្អាត
  • ធ្មេញ​ដោះដាក់​មួយផ្នែក ៖ ជាធ្មេញ​ដែល​ដោះដាក់​វិញបាន​ទៅតាម​ចំនួនធ្មេញ​ដែលខូច
  • ធ្មេញ​ផ្លាន ៖ ជាធ្មេញ​ដែលដាក់​ដោយការ​ដាំដែក​ក្នុងឆ្អឹង​ធ្មេញ។

ពីដើមឡើយ​គេច្រើន​ដាក់ធ្មេញ​ប្លាស្ទិក ធ្មេញ​មាស ឬធ្មេញ​ប្រាក់​ទៅតាម​ការ​និយម​ចូលចិត្ដ​នៃមនុស្ស​ម្នាក់ៗ។ បច្ចុប្បន្ន ដោយ​បច្ចេកវិទ្យា​ជឿនលឿន គេធ្វើ​ធ្មេញ​ពីជាតិ​សេរ៉ាមិច​(ធ្មេញ​សេរ៉ាមិច)។ ឯការដាក់​ធ្មេញ​សម័យថ្មី​នេះ មាន​វិធីដាក់​ម្យ៉ាង​ដែលមាន​គុណសម្បត្ដិ​ច្រើន​ប្រការ រឹងមាំ និង​ប្រើបាន​យូរ គឺការ​ដាក់ធ្មេញ​ផ្លាន ដោយ​ដាំដែក​ចូលទៅក្នុង​ឆ្អឹង។

គុណ​សម្បត្ដិ​នៃការ​ដាក់ធ្មេញ

ដូចបាន​ជម្រាប​ជូនមក​ខាងលើ ការដាក់​ធ្មេញ គឺដើម្បី​ការពារ​កុំឱ្យ​មុខផត​ខូង​ដែលមើល​ទៅមិន​ស្រស់​ស្អាត និង​ចាស់​ជាងវ័យ។ ម្យ៉ាងទៀត​ការដាក់​ធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​អាចផ្ដល់​នូវគុណ​ប្រយោជន៍​សំខាន់​ក្នុងការ​ជួយ​បំពេញ​មុខងារ​ទំពារ​អាហារ។ ព្រោះ​ថា ធ្មេញ​មាន​នាទី​សំខាន់ណាស់​ដើម្បី​កិនបំបែក​ចំណី​អាហារ​ដែល​ទទួលទាន។ ប្រសិនបើ​ពុំមាន​ការ​ចូលរួម​ពីធ្មេញ​នោះទេ អាហារ​ទទួលទាន​នោះ​ទំពារ​មិនបាន​ម៉ត់ល្អ​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ច្រើន​ប្រការ ដូចជា​ជម្ងឺ​ក្រពះពោះវៀន​ជាដើម។

ផល​ប៉ះពាល់​នៃការ​ដាក់ធ្មេញ

ថ្វីត្បិត​តែមាន​គុណ​សម្បត្ដិ​ច្រើន ប៉ុន្ដែក៏​មាន​ផល​ប៉ះពាល់​មួយចំនួន​ដែរ ដែល​បណ្ដាល​មកពីការ​ដាក់ធ្មេញ​មិនបាន​ត្រឹមត្រូវ។

  • ការ​ដាក់ធ្មេញ​មិនបាន​ល្អត្រឹ​មត្រូវ​អាចធ្វើ​ឱ្យដំបៅ​ចុងឬ​សធ្មេញ ដក់ទឹក​ក្នុងធ្មេញ​នាំឱ្យ​ធុំក្លិន​មាត់។ កាលណា​មាន​ដំបៅ​ចុង ឬ​សធ្មេញ ធ្វើឱ្យ​មានការ​ឈឺចាប់ ហើយ​អាចក្លាយ​ទៅជា​រលាក។ ម្យ៉ាងទៀត​ក៏អាច​ធ្វើឱ្យ​ប៉ះពាល់​ឆ្លង​ទៅដល់​ធ្មេញ​ដទៃទៀត​ផងដែរ។
  • ការ​ដាក់ធ្មេញ​ធ្វើពី​ផ្លាស្ទិក​អាចធ្វើ​ឱ្យមាន​ក្លិន​មិនល្អ​ក្នុងមាត់ ព្រោះ​ការដាក់​ធ្មេញ​ប្រភេទនេះ​ងាយជ្រាប​ទឹកចូលក្នុង​ធ្មេញ ដែលដាក់​នោះ។
  • ចំណាយ​ពេលវេលា និង​ប្រាក់ច្រើន​ក្នុងការ​វិលមក​ដោះដូរ​ធ្មេញ​ដែលដាក់​មិនត្រឹមត្រូវ ដូចជា​ធ្មេញ​ប្រែពណ៌ ឬ​ខូចដោយ​ប្រការ​ណាមួយ។
  • កង្វះ​បច្ចេកទេស​ក្នុងការ​ដាក់ធ្មេញ ក៏មាន​គុណវិបត្ដិ​កើតឡើង​ផងដែរ ដូចជា​ការដាក់ដោយ​ពុំមាន​ការ​វាស់តម្រូវ​តាមខ្នាត​ធ្មេញ ធ្វើឱ្យ​ធ្មេញ​ដាក់វែង ឬ​ខ្លីជាង​ធ្មេញ​កំណើត។ យ៉ាងនេះ​អាចធ្វើ​ឱ្យខូច​ទម្រង់​មុខ ឱ្យ​លំហារ​ខុសពីធម្មតា(​លំហារ​ធំពេល​ដាក់ធ្មេញ​វែង​ជាង និង​លំហារ​តូចពេល​ដាក់ធ្មេញ​ខ្លីជាង​ធ្មេញ​កំណើត)។ ក្រៅពីនេះ​ក៏អាច​ធ្វើឱ្យ​ខូចសន្លាក់​អាតេអឹម កើត​មានជម្ងឺ​ក្លាកំម៉ង់ និង​ជម្ងឺច្រើន​ប្រភេទ​ទៀតដែល​ទាក់ទង​នឹង​សន្លាក់។

ប្រការ​គួរធ្វើ

ការ​ដាក់ធ្មេញ មិនមែន​អ្នកណា​ក៏អាច​ដាក់បាន​នោះទេ គឺត្រូវ​ទាមទារ​នូវ​ជំនាញ​មួយ​ច្បាស់​លាស់​ពិតប្រាកដ។ លោកអ្នក​គួរ​ស្វែងរក​អ្នកឯកទេស​ទន្ដសាស្ដ្រ​មាន​ជំនាញ​ត្រឹមត្រូវ​ដើម្បី​ធ្វើការ​ដាក់ធ្មេញ​ជូន​លោកអ្នក​ប្រកប​ដោយ​សុវត្ថិភាព និង​ធានា​បាននូវ​គុណភាព​ល្អ។ ឯការ​ជ្រើសរើស​ប្រភេទ​ធ្មេញ​សម្រាប់​ដាក់វិញ គួរប្រើ​ធ្មេញណា​ដែលមាន​គុណ​ប្រយោជន៍ រឹងមាំ​យូរ​អង្វែង និង​មិនផ្ដល់​ទុក្ខទោស​ដល់​លោកអ្នក​នៅពេល​ក្រោយ។ ក្នុង​ករណី​មាន​បញ្ហាកើតឡើង​ជាមួយ​នឹងការ​ដាក់ធ្មេញ លោកអ្នក​គួរ​ប្រញាប់​ទៅពិគ្រោះ យោបល់​ជាមួយ​អ្នក​ជំនាញ​ដើម្បី​ពិនិត្យ និង​ព្យាបាល។ គួរ​ចៀសវាង​ការ​បណ្ដោយ​ឱ្យពេល​វេលា​កន្លង​ទៅដោយ​មិនមាន​ការ​យកចិត្ដ​ទុកដាក់ ព្រោះ​អាចបង្ក​គ្រោះថ្នាក់​ដល់​លោកអ្នក​គ្រប់​ពេលវេលា។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការ​ដាក់ធ្មេញ មិនមែន​ដើម្បី​ត្រឹមតែ​សម្ផស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏ដើម្បី​សុខភាព​របស់លោកអ្នក​ដែរ។ ដូច្នេះ​សូមស្វែងរក​អ្នកឯកទេស​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ។ ថ្វីត្បិត​ពេលខ្លះ​ការដាក់​ធ្មេញ​មិនចាំបាច់​សម្រាប់​លោកអ្នក ប៉ុន្ដែ​ធ្មេញបាក់ ឬ​ចំហរ​ធ្វើឱ្យ​លោកអ្នក​ជួបប្រទះ​នូវបញ្ហា​ដូចជា​កើតជា​ជម្ងឺ​ក្រពះ ពោះវៀន និង​ធ្វើឱ្យ​ធ្មេញ​មានក្លិន​មិនល្អ ពិបាក​ក្នុងការ​ទទួលទាន ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​ជាដើម។ សុខភាព​ជារឿង​ចម្បង​ដែល​លោកអ្នក​គួរ​គិតពិចារណា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative