កូនកើត​ដោយបូម

នាងខ្ញុំ​អាយុ​២៥ឆ្នាំ។ នៅពេល​សម្រាល​កូន នាងខ្ញុំ​សម្រាល​ដោយប្រើ​ឧបករណ៍​បូម​ជាជំនួយ។ តើការស​ម្រាលកូន​ដោយបូម​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ដល់ម្ដាយ​និងកូន​ដែរឬ​ទេ?   លោក​ស្រី ដ.ន អាយុ ២៥ឆ្នាំ តាកែវ

វេជ្ជបណ្ឌិត​យើង(១)៖ ជាទូទៅ​ស្ដ្រី​ជាម្ដាយ​មិនសូវ​មាន​គ្រោះថ្នាក់​អ្វីទេ លើកលែង​តែក្នុង​ករណីស្បូន​បើក​មិនទាន់​អស់ ចាប់​មិនចំ ក្បាល​កូន។ ចំពោះការ​ទាញក្បាល​កូនមក​ដោយ​បង្ខំពេក ធ្វើឱ្យ​រហែក​មាត់ស្បូន ឬក៏​ទ្វារមាស។ ចំណែក​គ្រោះថ្នាក់​ដែលមាន​មកលើ កូន វា​ទាក់ទង​ទៅនឹង​រយៈពេល​ដែល​គ្រូពេទ្យ​ដាក់​ឧបករណ៍​បូមយូរ ឬ​ឆាប់ ចំនួនដង​នៃការ​របូត ដែល​ធម្មតា​មិនត្រូវ​ឱ្យលើស​ពី៣ដង ក្នុង​រយៈពេល​១០នាទី​ទេ។ បើផុត​រយៈពេល​នេះ គ្រូពេទ្យ​ជំនាញ​នឹងផ្លាស់ប្ដូរ​វិធីសាស្ដ្រ​ក្នុងការ​សង្គ្រោះ ដោយត្រូវ​ប្រើជម្រើស​ចុងក្រោយ​គឺការ​វះកាត់។ ប្រសិនបើ​បូមច្រើន​ដង ធ្វើឱ្យ​ក្បាលកូន​ខ្លោច​របកស្បែក ហើយការ​ទាញ​ខ្លាំងពេក​ធ្វើឱ្យ​ឆ្អឹងក្បាល​កូនបាក់ នាំឱ្យមាន​ឈាម​នៅចន្លោះ​ស្បែក និងលលា​ដ៍ក្បាល។ ក្នុង​ករណី​ដែលកូន​នោះមិន​គ្រប់ខែ ក្បាលកូន​នៅទន់ បើត្រូវ​សម្រាល​ដោយបូម អាច​បណ្ដាល​ឱ្យកូន​នោះ​បាត់បង់​ជីវិតបាន ដោយ​ខួរក្បាល​អាចដោយ​មក​ជាមួយនឹង​ប្រដាប់​បូម ដែល​ធម្មតា​បើអាយុ​នៃគភ៌ ឬ​ទារក​ក្រោម ៣៦​សប្ដាហ៍ មិនអាច​បូមបាន​ទេ។ ម្យ៉ាងទៀត បើ​ក្បាលកូន​ដុះមិនទាន់​ជិត ដែលខ្មែរ​យើង​និយម​ហៅថា​បង្ហើយ​ជ្រាយនោះ ក៏មិន​អាច សម្រាល​ដោយបូម​បានដែរ។ មានតែ​ការ​សម្រាល​ដោយ​គ្រូពេទ្យ​ជំនាញទេ ទើបមាន​សុវត្ថិភាព​គ្រប់គ្រាន់។
(១) ចម្លើយ​ខាងលើ​នេះផ្ដល់​ប្រឹក្សា​ដោយ​វេជ្ជបណ្ឌិត ថៃហ្វា វ៉ីហ្គង់ អ្នកឯកទេស​សម្ភព និង​រោគស្ដ្រី នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative