ផលផ្ទះកញ្ចក់

ចាប់តាំងពីមានបដិវត្ដន៍ឧស្សាហកម្មជាង២០០ឆ្នាំមុននេះ សកម្មភាព​នានា​របស់មនុស្ស​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ និងជា​បន្ទាន់មក​លើ​អាកាសធាតុ ពោលគឺ​កំណើន​ការ​បញ្ចេញ​ចោល​នូវឧស្ម័ន​ផ្ទះកញ្ចក់​ទៅក្នុង​បរិយាកាស។ ការ​ជះឥទ្ធិពល​នេះបាន​បង្កើន​ សម្ទុះនៃ​បាតុភូត​ធម្មជាតិ​មួយដែល​ហៅថា​ផល​ផ្ទះកញ្ចក់ បាតុភូត​នេះនាំ​ឱ្យមាន​កំណើន​នៅក្នុង​អំឡុងពេល​វែងនូវ​សីតុណ្ហភាព​របស់ ផែនដី ដែលហៅថា​កំណើន​កម្ដៅសកល។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកបណ្ឌិត ទិន ពន្លក អ្នកសម្របសម្រួលគម្រោង​នៃ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ បកស្រាយ​ជូន​លោកអ្នក​ឱ្យបាន​លម្អិត​ពីផល​ផ្ទះកញ្ចក់​នេះតាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ផលផ្ទះកញ្ចក់ជាអ្វី?

មុនទទួលជ្រាបអំពីផលផ្ទះកញ្ចក់ លោកអ្នកត្រូវជ្រាប​អំពីផ្ទះ​កញ្ចក់​ជាមុនសិន។ ផ្ទះកញ្ចក់​គឺជា​អគារ​មួយដែល​មានដំបូល​ និងជញ្ជាំង​ធ្វើពី​ប្លាស្ទិក ឬកញ្ចក់ថ្លា​ដែលត្រូវ​បាន​សាងសង់​ឡើងសម្រាប់​ដាំបន្លែ ផ្កា ឬរុក្ខជាតិ​ផ្សេងទៀត នៅក្នុង​បណ្ដា​ប្រទេស​នៃតំបន់​ត្រជាក់បង្គួរ និងតំបន់ត្រជាក់។ ផ្ទះកញ្ចក់​មាននាទី​ការពារ និងផ្ដល់​កម្ដៅដល់​រុក្ខជាតិ។ ដំបូល និងជញ្ជាំង​របស់វា​អាចឱ្យ​ ពន្លឺព្រះអាទិត្យ​ចាំងចូល​បាន ប៉ុន្ដែរាំង​ស្កាត់មិន​ឱ្យកម្ដៅ​ភាយចេញ​វិញ។ បាតុភូត​នេះត្រូវ​បានឱ្យ​ឈ្មោះថា ​“ផលផ្ទះកញ្ចក់”។

លក្ខណៈទូទៅរបស់ផលផ្ទះកញ្ចក់

បរិយាកាសជុំវិញផែនដីផ្សំដោយឧស្ម័នមួយចំនួនហៅថា​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលកើត​ឡើងដោយ​ធម្មជាតិ ជាអាទិ​ចំហាយទឹក​ ឧស្ម័នកាបូនិច មេតាំង ឌីអាសូតម៉ូណូអុកស៊ីត និងអូសូន។ ស្រទាប់ឧស្ម័ន​ទាំងនេះ ដែលមាន​វត្ដមាន​នៅក្នុង​បរិយាកាស​ដោយ​ធម្មជាតិ​ បំពេញនាទី​ជាដំបូល​ផ្ទះកញ្ចក់មួយ ហើយរក្សា​កម្ដៅទុក​នៅជិត​ផ្ទៃផែនដី។ ជាលទ្ធផល បាតុភូត​នេះជួយ​រក្សានូវ​សីតុណ្ហភាព​ មធ្យមនៃ​ផ្ទៃផែនដី​ក្នុងកម្រិត​បរិមាណ១៦% ដែលជា​កត្ដាសំខាន់​បំផុត​សម្រាប់​ធានា​ឱ្យមាន​នូវលក្ខខណ្ឌ​អាកាសធាតុ​សមស្រប​អាច ទ្រទ្រង់​ជីវិតសត្វ និងរុក្ខជាតិ​នៅលើ​ផែនដីបាន។

ឧស្ម័នដែលបញ្ចេញដោយផលផ្ទះកញ្ចក់

ចាប់តាំងពីមានបដិវត្ដឧស្សាហកម្មមក សកម្មភាព​របស់មនុស្ស​បានបង្ក​ឱ្យមាន​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះកញ្ចក់​នៅក្នុង​ បរិយាកាស​ជាខ្លាំង។ ឧស្ម័នផ្ទះកញ្ចក់ និងប្រភព​នៃការ​បញ្ចេញ​ឧស្ម័ន​ទាំងនេះ​គឺ ៖

– ឧស្ម័នកាបូនិចមានប្រភពពីការដុតឥន្ធនៈផូស៊ីល ដែលមាន​ដូចជា​ធ្យូងថ្ម ប្រេង ឧស្ម័ន​ធម្មជាតិ និងការ​បាត់បង់​ព្រៃឈើ

– មេតានមានប្រភពពីវាលស្រែ ការចិញ្ចឹមសត្វពាហនៈ កន្លែងចោល​សម្រាម សំណល់រាវ​ពីគេហដ្ឋាន ការជីកយក​ធ្យូងថ្ម ជាដើម

– ឌីអាសូតម៉ូណូអុកស៊ីតមានប្រភពចម្បងពីការប្រើជីគីមីក្នុង​កសិកម្ម អតិផល និងការដុត​ឥន្ធនៈ​ផូស៊ីល

– អូសូនក្នុងបរិយាកាសជិតផ្ទៃផែនដី កើតដោយប្រយោល​ពីផ្សែង​យានយន្ដ

– ក្លរ៉ូភ្លុយអរ៉ូកាបូន មានប្រភពពីកំប៉ុងបាញ់ និងមេត្រជាក់​ប្រើក្នុង​ម៉ាស៊ីន​ត្រជាក់ និង​ទូទឹកកក

កំណើនកំហាប់នៃឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសបានធ្វើឱ្យគម្រប ឬដំបូល​នៅជុំវិញ​ផែនដី​កាន់តែ​ក្រាស់ ដែលធ្វើឱ្យ​វាអាច រាំងស្កាត់​កម្ដៅ​កាន់តែច្រើន មិនឱ្យភាយ​ទៅក្នុង​លំហអាកាស​បាន។ ប្រការនេះ​ធ្វើឱ្យ​រំខាន​តុល្យភាព​នៃបណ្ដូរកម្ដៅ និងបង្កឱ្យ​ មានកំណើន​សីតុណ្ហភាព​ខ្យល់ ដែលធ្វើ​ឱ្យមាន​កំណើន​កម្ដៅលើ​ផ្ទៃផែនដី។

នៅឆ្នាំ១៩៩០ ក្រុមការងារអន្ដររដ្ឋាភិបាលស្ដីពីការ​ប្រែប្រួល​អាកាសធាតុ អ្នកវិទ្យាសាស្ដ្រ​អន្ដរជាតិ​ប្រមាណ២.៥០០នាក់ ជាសមាជិក​បានអះអាងថា សកម្មភាព​មនុស្សបាន​រួមចំណែក​ធ្វើឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ។ ការងារ​នេះក៏បាន​ធ្វើឱ្យការ​ សន្និដ្ឋានដែរថា ប្រសិនបើ​និន្នាការ​បច្ចុប្បន្ន​នៃការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ នោះសីតុណ្ហភាព​មធ្យម​នៃពិភពលោក​នឹងកើន​ឡើង​ប្រមាណ ៣% នៅមុន​ដំណាច់​សតវត្សរ៍ទី២១។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់នៃផលផ្ទះកញ្ចក់

. កាំរស្មីព្រះអាទិត្យឆ្លងកាត់បរិយាកាស ហើយកម្ដៅ​ផ្ទៃផែនដី។

. ផ្ទៃផែនដីចាំងផ្លាត​​​កម្ដៅទៅក្នុង​​​បរិយាកាស​​​វិញ។ កម្ដៅ​​​​មួយភាគ​​​​ចូលទៅ​ដល់​​​លំហ​អវកាស។

. ឧស្ម័នផ្ទះកញ្ចក់ស្រូបយកកម្ដៅខ្លះ ហើយជះកម្ដៅ​ត្រឡប់ទៅ​ផ្ទៃផែនដីវិញ។

. នៅពេលដែលឧស្ម័នផ្ទះកញ្ចក់កើនកាន់តែច្រើនឡើង​ក្នុង​បរិយាកាស កម្ដៅ​កាន់តែ​ច្រើនក៏​ត្រូវរាំង​ខ្ទប់នៅក្នុង​បរិយាកាស​ដែលបណ្ដាល​ឱ្យមាន​កំណើន​កម្ដៅសកល។

ការប្រែប្រួលអាកាសធាតុកំពុងបង្កឱ្យមានផលប៉ះពាល់​ធ្ងន់ធ្ងរ​លើផលិតកម្ម កសិកម្ម ធនធានទឹក សុខភាព​មនុស្ស តំបន់ឆ្នេរ​ ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី។ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ និងគ្រោះមហន្ដរាយ​ផ្សេងទៀត ដែលពាក់ព័ន្ធ​ នឹងការ​ប្រែប្រួល​អាកាសធាតុ បានកើត​ឡើងកាន់​តែញឹកញាប់ និងខ្លាំងក្លា ដោយបាន​បង្កឱ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ នៅបណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក។

បណ្ដាំផ្ញើ

ដោយសារសកម្មភាពរបស់មនុស្ស កំហាប់​ឧស្ម័នកាបូនិច​កើនដល់​៣៧៨ភាគលាន​នៅឆ្នាំ២០០៤ និង៤៣០ភាគលាន​ នៅពេលបច្ចុប្បន្ន។ ជាទូទៅ​ការកើន​ឡើង​នៃកំហាប់​ប្រមាណជា២,៣ភាគលាន​ក្នុងមួយឆ្នាំ។ ឈរលើ​ហេតុផលនេះ មនុស្ស​គ្រប់គ្នាគួរ​ តែនាំគ្នា​ចូលរួម​កាត់បន្ថយ​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ ​ដែលជា​ហេតុបង្ក​ឱ្យមាន​ការ​កើន​កម្ដៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative