សុកញំង​មាត់ស្បូន​អាចសង្គ្រោះ​បាន

វេលាមាន​ផ្ទៃពោះ​របស់ស្ដ្រី​ជាពេលវេលា​ដែល​ងាយ​ប្រឈម​មុខនឹង​បញ្ហា​ផ្សេងៗ​មួយចំនួន​ដែលអាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​ធ្វេស​ប្រហែស។ ប៉ុន្ដែ​គ្រប់យ៉ាង​សុទ្ធតែ​អាចដឹង​ជាមុន ព្រោះ​នៅពេល​បច្ចុប្បន្ននេះ​មាន​ឧបករណ៍​វិទ្យាសាស្ដ្រ​ជាច្រើន​ដែលអាច​ជួយបាន។ ទោះបីជា​យ៉ាងណា​ការជួយ​នេះក៏​អាស្រ័យ​ទៅលើ​ការ​ប្រុងប្រយ័ត្ន និងការ​តាមដាន​សុខភាព​របស់​ស្ដ្រីនេះ​ផ្ទាល់តែ​ម្ដង​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុកញំង​មាត់ស្បូន​ជាជម្ងឺ​មួយគួរ​ឱ្យខ្លាច​រអាក្នុង​ចំណោម​ជម្ងឺ​ទាំងឡាយ ដែលអាច​កើតមាន​ឡើង​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ ដែលអាច​បង្កឱ្យ​មានការ​បាត់បង់​ជីវិត​ទាំងម្ដាយ និងទារក​ទៀតផង។ ដើម្បីឱ្យ​លោកអ្នក​ជាពិសេស​សុភាពនារី​ជាម្ដាយ​ទាំងអស់​បានជ្រាប​អំពីបញ្ហា​នេះ ទស្សនាវដ្ដី សុខភាព​យើង សូមលើក​យកការ​បកស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត កែវ ម៉េងលី ឯកទេស​រោគស្ដ្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​មកជម្រាប​ជូន។

សុកញំង​មាត់ស្បូន​ជាអ្វី?

មុននឹង​ជ្រាប​អំពី​សុកញំង​មាត់ស្បូន លោកអ្នកជា​ពិសេស​ស្ដ្រីមាន​ផ្ទៃពោះទាំងអស់​ចាំបាច់​ត្រូវជ្រាប​អំពី​ទីតាំង​របស់​សុក​ជាមុនសិន។ សុក​ជាផ្នែកមួយ​ដែលភ្ជាប់​ទៅនឹង​តួស្បូន​ស្ដ្រី​ជាម្ដាយ ដើម្បី​នាំឈាម​ទៅចិញ្ចឹម​ដល់កូន។ សុកមាន​ស្រទាប់​មួយរុំស្រោប​ទៅលើ​កូន មាន​ន័យថា​កូន​នៅផ្សេង​ពីសុក​ខណ្ឌគ្នា​ដោយ​ស្រទាប់​មួយ។ នៅពេល​សម្រាល កូនចេញ​មកមុន ទើបសុក​ធ្លាក់ចេញ​មកតាម​ក្រោយ​ដោយ​សម្រួល ប្រសិនបើ​ការ​សម្រាលកូន​តាម​ធម្មតា។ ក្នុង​ករណី​សុកមិន​នៅអោប​ត្រង់តួស្បូន ហើយ​បែរជា​មកនៅត្រង់​មាត់ស្បូន​ទៅវិញ បាន​ន័យថា​សុក​មិននៅចំកន្លែង។ នៅពេល​សម្រាល សុក​បាំងមាត់​ស្បូន​ធ្វើឱ្យ​សម្រាល​មិនរួច នោះ​ហៅថា​សុកញំង ឬ​បាំង​មាត់ស្បូន។ សុកញំង​មាត់ស្បូន​ចែកទៅ​តាម​កម្រិត​នៃការ​ញំង​របស់សុក។

  • កម្រិត​ទីមួយ គឺ​សុក​គ្រាន់តែ​មកប៉ះ​បន្ដិចបន្ដួច​នៅត្រង់​មាត់ស្បូន
  • កម្រិត​ទីពីរ គឺសុក​ប៉ះយ៉ាង​ប្រផិត​ប្រផើយ​នឹងមាត់​ស្បូន
  • កម្រិត​ទីបី គឺសុក​លាតគ្រប​ដណ្ដប់​លើមាត់​ស្បូន​ទាំងមូល​តែម្ដង។

មូលហេតុ​សុកញំង​មាត់ស្បូន

សុកញំង​មាត់ស្បូន​អាចកើត​ឡើង​ដោយសារ​មូលហេតុ​ជាច្រើន​យ៉ាងដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​របស់ស្ដ្រី​ផ្ទាល់​តែម្ដង។ ស្ដ្រីដែល​ប្រឈម​មុខនឹង​បញ្ហា​សុកញំង​មាត់ស្បូន​នៅពេល​មាន​ផ្ទៃពោះ គឺ ៖

  • ស្ដ្រីដែល​ធ្លាប់មាន​ប្រវត្ដិ​សុកញំង​មាត់ស្បូន​ពីមុនមក​ដែលអាច​កើតឡើង​ជាថ្មីទៀត
  • ស្ដ្រី​ដែលធ្លាប់​ធ្វើការ​រម្លូតកូន​ចេញ​ជាច្រើន​ដង ព្រោះការ​រម្លូត​តែងតែ​មានការ​កោស​នៅក្នុង​ស្បូន
  • ស្ដ្រី​ដែលមាន​បញ្ហា​រលាក​សាច់ស្បូន​ក្រោយពេល​សម្រាល​កូន
  • ស្ដ្រី​ដែលមាន​កូនច្រើន​ចាប់ពី​៤នាក់​ឡើងទៅ ដែលធ្វើ​ឱ្យស្ដ្រី​នោះមាន​បញ្ហា​សុខភាព ហើយមាន​អត្រា​សុកញំង​មាត់ស្បូន​រហូតដល់​៧០ភាគរយ
  • ស្ដ្រី​ដែលធ្លាប់​ឆ្លងកាត់​ការ​វះកាត់ ទោះបីជា​ការ​វះកាត់​យកកូន​ក្ដី (សូមអាន​អត្ថបទ​ដែលបានចេញ​ផ្សាយ​នៅទស្សនាវដ្ដី សុខភាពយើង​លេខទី​០១១ ខែធ្នូ ឆ្នាំ២០០៦​ឆ្នាំទី១​ដែលមាន​ចំណងជើងថា​សម្រាលកូន​ដោយ​វះកាត់​ថែរក្សា​ទ្វារមាស​តែខូច​សុខភាព) ឬការ​វះកាត់សាច់​ក្នុងស្បូន​ក្ដី និយាយ​រួមឱ្យ​តែជាការ​វះកាត់​ដែល​ប៉ះពាល់​ដល់ស្បូន។

សញ្ញា​ដំបូងនៃ​សុកញំង​មាត់ស្បូន

មិនមាន​សញ្ញា​អ្វីគួរ​ឱ្យកត់​សម្គាល់​ឡើយ​សម្រាប់​អាការ​សុកញំង​មាត់ស្បូន ប្រសិន​បើផ្ទៃពោះ​ស្ថិតនៅក្នុ​ងត្រីមាស​ទី១។ គេអាច​ដឹងទីតាំង​របស់​សុក​ដែលញំង​មាត់ស្បូន​បានគឺ​នៅត្រីមាស​ទី៣ ឬ​ចាប់ពី​ខែទី៧​នៃគភ៌ ដោយសារ​ការ​ពិនិត្យ​អេកូសាស្ដ្រ។ សញ្ញា​ដែលគួរ​ឱ្យចាប់​អារម្មណ៍​ជាដំបូង គឺការ​ធ្លាក់ឈាម​ដែលច្រើន​កើតមាន​នៅពេល​យប់​ដោយ​មិនដឹង​ខ្លួនតិច ឬ​ច្រើន​ទៅតាម​ទំហំ​នៃការញំង​របស់​សុក។

ការ​ព្យាបាល​សុកញំង​មាត់ស្បូន

ជំហ៊ាន​ដំបូង​នៅពេល​ដែលមាន​សញ្ញា​នៃការ​ធ្លាក់ឈាម គ្រប់ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវប្រញាប់​ទៅមន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ពិភាក្សា។ គ្រប់ស្ដ្រី​មាន​ផ្ទៃពោះ​នៅពេល​ដែលមាន​ធ្លាក់ឈាម​ត្រូវសម្រាក​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​បរិមាណ​នៃការធ្លាក់​ឈាម។ ការ​ព្យាបាល​ត្រូវធ្វើ​ឡើង​ទៅតាម​កម្រិត​នៃការ​ធ្លាក់ឈាម។ ក្នុងករណី​ធ្លាក់ឈាម​តិចតួច ហើយ​ទារក​ក្នុងផ្ទៃ​មិនទាន់​គ្រប់ខែ​នោះ ស្ដ្រី​ត្រូវសម្រាក​ពេទ្យ​ដើម្បី​តាមដាន​ស្ថានភាព​ធ្លាក់ឈាម។ បើមិន​ធ្ងន់ធ្ងរ ការ​ធ្លាក់ឈាម​នឹងបាត់​ទៅវិញ​ដោយ​ខ្លួនឯង។ ហើយ​គ្រូពេទ្យ​មានថ្នាំ​ម្យ៉ាង​សម្រាប់​ជួយឱ្យ​សួតទារក​ទុំ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៅពេល​សម្រាល ហើយអាច​សម្រាល​បាន តាម​ទ្វារក្រោម​ធម្មតា។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​វះកាត់​យកកូន​ចេញជាវិធី​តែមួយ​គត់ដើម្បី​ជួយ​កុំឱ្យស្ដ្រី​ជាម្ដាយ​មានការ​ធ្លាក់ឈាម​ខ្លំាងពេក​ដែលអាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​បាន។

ផល​វិបាក​នៃសុកញំង​មាត់ស្បូន

ផលវិបាក​ចំពោះ​បញ្ហានេះ​អាស្រ័យ​ទៅតាម​កម្រិត​នៃការ​ញំង​របស់​សុក​ទៅលើ​មាត់ស្បូន។ ប្រសិនបើ​សុកញំង​បន្ដិច​បន្ដួច នៅលើ​មាត់ស្បូន ហើយ​ស្ដ្រីអាច​សម្រាល​កូនតាម​ធម្មតា​បាននោះគ្មាន​បញ្ហាទេ។ ប៉ុន្ដែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ គឺការ​ធ្លាក់ឈាម ក្រោយពេល​សម្រាល​ក្នុង​បរិមាណ​តិច ឬច្រើន​ទៅតាម​កម្រិត​ញំង។ ហេតុនេះ​ហើយទើ​បទាមទារ​ឱ្យស្ដ្រី​ជាម្ដាយ​សម្រាលកូន​នៅមន្ទីរពេទ្យ ដើម្បី​មើលទុក​ជាមុន ដូចជា​បរិមាណ​ឈាម ប្រភេទ​ឈាម កម្រិត​នៃការ​កករបស់​ឈាម ឬភាព​ស្លេកស្លាំង​ជាដើម ដើម្បី​ត្រៀម​ក្នុងការ​បញ្ចូល​ឈាម ព្រោះ​នៅពេល​ដែលមាន​ឈាមធ្លាក់​ក្រោយ​សម្រាល​ខ្លាំងក្លា​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់ និង​មានមេរោគ​ជ្រៀត​ចូល ទៅដល់​ស្បូន​ដែលធ្វើ​ឱ្យមាន​បញ្ហា​ផ្សេងៗ​កើតឡើង។

ប្រការ​គួរ​ប្រតិបត្ដិ

គ្រប់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​តែងយល់​ឃើញថា​ការ​ពិនិត្យ​អេកូសាស្ដ្រ​គ្រាន់តែ​អាចឱ្យដឹង​កូន​របស់ខ្លួន​ប្រុស ឬ​ស្រី​តែប៉ុណ្ណោះ។ ទាំងនេះ​ហើយ​ជាការ​យល់​ច្រឡំ​មួយយ៉ាង​ធំដែល​រហូត​ដល់អ្នកខ្លះ​មិនចង់​ចំណាយ​ប្រាក់​ទៅលើការ​ពិនិត្យ​ឡើយ។ តាមពិត​ការ​ពិនិត្យ​អេកូសាស្ដ្រ​អាចឱ្យ​លោកស្រី​អ្នកនាង​ដឹងជា​មុននូវ​បញ្ហា​ផ្សេងៗ​របស់ទារក​ក្នុងផ្ទៃ ដូចជា​កាយ​សម្បទាទារក សរីរាង្គ​ខាងក្នុង​ពោះ ទីតាំង​សុក ស្ថានភាព​ទឹកភ្លោះ​ជាដើម ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ជួយស្ដ្រី​ជាម្ដាយ​ជាមុន​នៅពេល​សម្រាល​(សូមអាន​អត្ថបទ​ទស្សនាវដ្ដី សុខភាព​យើង ចេញ​ផ្សាយ​នៅលេខ​០១០​ខែវិច្ឆិកា ឆ្នាំ​២០០៦​ឆ្នាំទី១ ដែលមាន​ចំណង​ជើងថា​អេកូ​ទំនើប​អាចមើល​ចលនា​ទារក​ក្នុងផ្ទៃ)។ ការ​ពិនិត្យ​អេកូសាស្ដ្រ​មុនខែ​ទី៧​មិនមាន​ប្រយោជន៍​អ្វីឡើយ ព្រោះ​មិនអាច​កំណត់​ចលនា ឬ​ទីតាំង​ឱ្យ​ច្បាស់លាស់​ត្រឹមត្រូវ ទោះការ​ពិនិត្យ​ច្រើនដង​មុនខែ​ទី៧យ៉ាងណា​ក៏ដោយ។ ម្យ៉ាងវិញ​ទៀត​ស្ដ្រីមាន​ផ្ទៃពោះ​គួរទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ ចាប់តាំង​ពីពេល​ដឹងថា​មានគភ៌ ទើបអាច​បញ្ចៀស​បញ្ហា​មួយចំនួន​ដែលអាច​កើតមាន​ចំពោះ​ខ្លួន និង​ទារក។

ដំបូន្មាន​អ្នក​ជំនាញ

សុកញំង​មាត់ស្បូន​មិនមាន​វិធីបង្ការ​ឡើយ ហើយ​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់ម្ដាយ និង​កូន​បើជួយ​មិនទាន់​ពេលវេលា។ ហេតុនេះ​សូមស្ដ្រី​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​នៅពេល​មាន​ផ្ទៃពោះ ព្រោះជា​វេលា​សំខាន់ និង​ពិសេស​សម្រាប់​ជីវិត​លោកស្រី​អ្នកនាង និងកូន​ក្នុងផ្ទៃ។ សូម​មេត្ដា​គិតថា​ជោគ​វាសនា​របស់កូន​ត្រូវពឹងផ្អែក​ទាំងស្រុង​លើការ​ប្រតិបត្ដិ​របស់​លោកស្រី​អ្នកនាង​ជាម្ដាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative