វិធី​ព្យាបាល​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ

ការ​ព្យាបាល​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​មាន​២ដំណាក់​កាល គឺការ​ប្រើប្រាស់​ថ្នាំ និងការ​វះកាត់។

1. ការ​ប្រើប្រាស់​ថ្នាំ

ដើម្បី​បំបាត់​នូវ​មូលហេតុ​នានា​ខាងលើ​ដែលស្គាល់​ច្បាស់ ឬ​សង្ស័យ​ចោល លោកអ្នក​ចាំបាច់ត្រូវ​បញ្ឈប់ការ​ប្រើប្រាស់​ថ្នាំបន្ដក់​ពពួក​បន្ធូរ​ច្រមុះ ព្រោះ​ប្រសិទ្ធភាព​វាអាច​បន្ធូរ​ច្រមុះ​បានតែ​មួយ​រយៈពេល​តែប៉ុណ្ណោះ។ ក្រៅពីនេះ​លោកអ្នក​ត្រូវ​ស្វែងយល់​អំពី​ហេតុផល​ផ្សេងៗ ដូចជា​បរិស្ថាន និង​ស្ថានភាព​ការងារ​ប្រចាំថ្ងៃ​របស់​លោកអ្នក។ ក្នុង​ករណីខ្លះ គ្រូពេទ្យ​អាច​ធ្វើការ​ដុត ឬ​លាប​លើសាច់​ដែល​រីកធំ​ដោយ​ប្រើអាស៊ីត​ក្រូម៉ិក​មួយភាគ​​បី ឬ​អាស៊ីត​ទ្រីក្លអាសេទិក​(ភាគច្រើន​លើទួល​សាច់ច្រមុះ​ក្រោម)។

2 . ការ​វះកាត់

ទោះបីជា​ការ​រលាក​ច្រមុះ​ដោយ​អាលែស្ស៊ី​ត្រូវ​ព្យាបាល​ជាចម្បង​ដោយ​វេជ្ជសាស្ដ្រ​ក៏ដោយ ក៏ការ​ព្យាបាល​ដោយ​វះកាត់​នៅតែ​ជាចំណែក​មួយជួយ​ឱ្យបាន​នូវ​លទ្ធផល​ល្អ ប្រសិនបើ​សាច់រីករ៉ាំរ៉ៃ​នោះមាន​លក្ខណៈ​ចាំបាច់​ត្រូវ​អនុវត្ដន៍ និង​ធ្វើឡើង​នៅពេល​ដែលការ​ព្យាបាល​ដោយថ្នាំ​មិនអាច​ធូរស្បើយ​បាន។ ដើម្បី​បន្ថយ​ផ្ទៃរីកធំ​នៃទួលសាច់​ច្រមុះ​ក្រោម គ្រូពេទ្យ​អាច​ធ្វើការ​វះកាត់​តាមវិធី​ជាច្រើន​ដូច​ខាងក្រោម។

  • ការដុត​ដោយភ្លើង
  • ការ​ចាក់ថ្នាំ​ក្រិនឱ្យ​វារួញ
  • គ្រីយ៉ូ​ដោយប្រើ​បំពង់​តូចរត់​ចូលដោយ​អាសូតរាវ
  • ដុតដោយ​កាំរស្មី​ឡាស៊ែរ ដោយប្រើ​ឧស្ម័ន​កាបូនិក ឬជាតិ​អាហ្គរ (Argor)
  • ការ​កាត់សាច់​ទួលច្រមុះ​ក្រោមចេញ ដោយប្រើ​កន្ដ្រៃ​កាត់​នៅផ្នែកក្រោម​នៃទួល​សាច់ច្រមុះ​ក្រោម ឬ​នៅផ្នែក​កន្ទុយ ឬក៏​កាត់យក​សាច់ដុះ​តូចៗចេញ ដោយ​ប្រើធ្នាក់​កឆ្កែ។

វិធី​ការពារ​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ

ជម្ងឺ​រលាក​ច្រមុះរ៉ាំរ៉ៃ​ជាជម្ងឺ​ដែលអាច​បង្ការបាន​ដោយ​លោកអ្នក​ត្រូវ​ប្រតិបត្ដិ​នូវវិធី​មួយចំនួន។

  • លោកអ្នក​មិនគប្បី​ប្រើថ្នាំ​បន្ដក់ច្រមុះ​រយៈពេល​យូរ គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ លើសពី២​សប្ដាហ៍ទេ ព្រោះថ្នាំ​នេះអាច​ធ្វើឱ្យ​ច្រមុះ​មានសភាព​តឹង
  • បើមាន​អាការ​តឹងច្រមុះ​យូរក៏អាចប​ណ្ដាល​មកពី​ការ​រលាក​ផ្នែកផ្សេងៗ ដូចជា​រលាក​ស៊ីនុស​ជាដើម។ លោកអ្នក​ត្រូវអញ្ជើញ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ ដើម្បីឱ្យ​ព្យាបាល​នូវជម្ងឺ​នោះ​ជាសះស្បើយ ទើបការ​តឹងច្រមុះ​អាច​បាត់ទៅតាម​នោះដែរ។
  • ការ​រលាក​តឹងច្រមុះ​ដោយ​រោគផ្ដាសាយ​ឆ្លងនោះ លោកអ្នក​ក៏មិនគួរ​បារម្ភ​ច្រើននោះ​ទេ ព្រោះវានឹង​អាចធូរស្រាល​ក្នុង​រយៈពេល​មួយ​អាទិត្យ។ ជាងនេះ​ទៅទៀត ការ​ប្រើថ្នាំ​មួយចំនួន​អាច​ធ្វើឱ្យ​មានការ​តឹងច្រមុះ​បាន ដូចជា​ក្រុមថ្នាំ​បន្ដក់​បន្ធូរ​ច្រមុះ ក្រុមថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ពពួក​ថ្នាំអាស្ពីរីន​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែល​លោកអ្នក​មាន​អាការ​តឹងច្រមុះ​លើសពី២​សប្ដាហ៍​ឡើងទៅ ចាំបាច់​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ចំណែក​ឯការ​កាត់ ឬ​ដុតសាច់​ច្រមុះមិ​នអាច​ធ្វើតាមចិត្ដ​បានទេ ព្រោះថា​បើការ​កាត់នោះ​មានលក្ខណៈ​ធំពេក ពេលនោះ​អ្នកអាច​នឹង​ទទួលនូវ​ការ​រលាកច្រមុះ​រ៉ាំរ៉ៃប​ន្ថែមទៀត គឺ​ឫសដូង​ស៊ីច្រមុះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative