ជម្ងឺ​ប្រមេះ​បង្កផល​វិបាក​ដល់ទារក​ប្រសិនជា​ស្រ្តីមាន​ផ្ទៃពោះ​ឆ្លង​មេរោគ​នេះ

បើទោះជា​ជម្ងឺ​អេដស៍ ត្រូវបាន​គេចាប់​អារម្មណ៍​ច្រើនជាងគេ​ក៏ដោយ ប៉ុន្តែ​ជម្ងឺ​កាមរោគ​ដទៃទៀត ដូចជា​ជំងឺ​ប្រមេះ​ទឹកបាយ​ក៏ជា​ជម្ងឺ​បង្កផល​វិបាក​ជាច្រើន​​ដល់​បុគ្គល និង​ដល់ទារក​ក្នុងផ្ទៃ​ទៀតផង​ប្រសិនជា​ម្តាយបាន​ឆ្លងមេរោគ​នេះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត និង​ជាអ្នក​ឯកទេស​ផ្នែកជម្ងឺកាមរោគ បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទកាលពី​ថ្ងៃច័ន្ទ ទី២៤ កញ្ញា​កន្លងមក​ថា ជម្ងឺ​ប្រមេះ​ទឹកបាយ​ឆ្លង​តាមរយៈ​ការរួមភេទ ហើយ​​ប្រសិនជា​បុរស​មានជំងឺ​នេះ ពួកគេ​នឹងបង្ក​ការ​ចម្លង​ទៅដៃគូ​រួមភេទ​របស់​​ខ្លួនបាន ប្រសិនជា​មិនបាន​ទទួលការ​ព្យាបាល​ឲ្យបាន​សះស្បើយ​ជាមុន។ លោកបន្ត​​ថា ជម្ងឺនេះ​ក៏បង្ក​ឲ្យទារក​ក្នុងផ្ទៃ​រលាក​ភ្នែក និងអាច​ឈានទៅ​ពិកាភ្នែក​បាន​ផងដែរ ប្រសិនជា​ម្តាយ​ដែលមាន​ផ្ទៃពោះ​បានឆ្លង​មេរោគ​នេះ ដោយ​មិនបានព្យា​បាល​ឲ្យបាន​ត្រឹមត្រូវ។

លោក​បន្តថា គេអាច​ដឹងពីការ​ឆ្លង​មេរោគ និង​កើតជម្ងឺនេះ តាមរយៈ​រោគ​​សញ្ញា​មួយចំនួន​ដូចជា ក្រហាយ​ក្នុងបង្ហួរ​នោម ពិបាក​ជុះនោម និង​មានហូរខ្ទុះ​ឬទឹក​ព៌ណស ដូចជា​ទឹកបាយ​ចេញពី​ប្រដាប់​បន្តពូជ។ អ្នកឆ្លង​មេរោគ​នេះជាក្រុម​មនុស្ស​មានភាព​ស៊ាំខ្សោយ និង​ដាច់​រលាត់​នៅពេល​រួមភេទ។ អ្នកឆ្លង​មេរោគ​នេះ មិនគិត​ស្រី​ឬប្រុស​ទ្បើយ ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក ចាន់ វិចិត្រ បានបន្ត​ថា ជម្ងឺ​ប្រមេះ​ទឹកបាយ​ជាជម្ងឺដែលយើង​ឧស្សាហ៍​​ជួប​ញឹកញាប់​ជាងគេ ក្នុង​ចំណោម​ជម្ងឺកាមរោគ​ដទៃទៀត ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​ពីទិន្នន័យ​ជម្ងឺនេះ ថាមាន​ប៉ុន្មាន​ភាគរយ​នៃជម្ងឺកាមរោគ​សរុបទ្បើយ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative