ឌួង ហ្សូរីដា ៖ កែច្នៃ​កាន់តែ​ច្រើន ឱកាស​បាត់បង់​កាន់តែ​ច្រើន

លោកអ្នក​ប្រហែលជា​នៅចាំ​បាន​កញ្ញាឯក​សាប៊ូលុច្ស​នៅក្នុង​ឆ្នាំ២០០៥ ដែល​ប្រកប​ទៅដោយ​រូបសម្រស់​ស្រស់​ស្អាត សម្លេង​ស្រទន់​ពោរពេញ​ទៅដោយ​មន្ដស្នេហ៍​ទាក់ទាញ​អារម្មណ៍​នោះ គឺកញ្ញា ឌួង ហ្សូរីដា។ ដោយសារ​តែភាព​ស្រស់ស្អាត ភាព​ទាក់ទាញ ជាពិសេស​សមត្ថភាព​បានធ្វើ​ឱ្យកញ្ញា​រូបនេះ​រំកិលខ្លួន​ក្លាយជា​ពិធីការិនី ហើយ​នៅពេល​នេះ​ថែមទាំង​ជាតួឯក​មួយរូប​ក្នុង​លំដាប់ តារា​ដែលមាន​ប្រជាប្រិយភាព​នៅ​ប្រទេស​កម្ពុជា​យើង។ ប្រជាប្រិយ​ភាព និងរូប​សម្រស់​របស់​នាងបាន​ធ្វើឱ្យ​ស្ដ្រីជាច្រើន​ច្រណែន ហើយ​ចង់ដឹង​ពីអាថ៌​កំបាំង​ដ៏ពិសេស​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង សូម​បើក​កកាយ​ជីកគាស់​មក​ជម្រាប​ជូន​លោកអ្នក ជាពិសេស​មិត្ដនារី​ទាំងអស់​នៅពេល​នេះ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​កញ្ញា ឌួង ហ្សូរីដា ផ្ទាល់​តែម្ដង ជាពិសេស​តើនាង​ឆ្លងកាត់​អ្វីខ្លះ​ទើបអាច​មានថ្ងៃ​នេះ។

ប្រវត្ដិមុន​ឈានចូល​ដល់​វិស័យ​សិល្បៈ

នៅគ្រា​ដំបូង កញ្ញា​ហ្សូរីដា​មិនដែល​គិតម្ដង​ណាថា​ខ្លួនអាច​ឈានជើង​លើមាគ៌ា​សិល្បៈ​ឡើយ។ នៅពេល​បញ្ចប់​ការសិក្សា កញ្ញា​បាន​បំពេញ​ការងារ​ជានារី​អាកាស​ចរណ៍​ដ៏គួរឱ្យ​ស្រឡាញ់​ម្នាក់។ លុះ​មកដល់​ឆ្នាំ២០០៥ ដោយសារ​មានការ​ជំរុញ​ពីមិត្ដភក្ដិ រួមផ្សំ​នឹងខ្លួន​នាងផ្ទាល់​មាន​គំនិតចង់​សាកល្បង​ផងនោះ ទើបនាង​សម្រេចចិត្ដ​ដាក់ពាក្យ​ចូល​ប្រឡង​កញ្ញាឯក​សាប៊ូលុច្ស ពេលនោះ កញ្ញា​បាន​ជាប់​ចំណាត់​ជាកញ្ញាឯក​ប្រជាប្រិយ​សាប៊ូលុច្ស។ ចាប់ផ្ដើម​ពីពេល​នោះ ហ្សូរីដា​បាន​បោះជំហាន​ជាសន្សឹមៗ​លើវិថី​សិល្បៈ​ក្នុងនាម​ជាពិធី​ការិនី តារា​សម្ដែង​ចំរៀង​ខារ៉ាអូខេជាដើម។ នៅពេលនេះ​ដោយសារ​ការ​តស៊ូ​ព្យាយាម គួបផ្សំ​នឹង​ទេពកោសល្យ​សម្ដែងបាន​ជំរុញ​ឱ្យ​កញ្ញា ហ្សូរីដា ក្លាយជា​តារា​ឯក​មួយដួង​ដែល​កំពុងរះ ដើម្បី​ដណ្ដើម​ភាព​ល្បីល្បាញ​ពីសំណាក់​ទស្សនិកជន។

ការ​ថែរក្សា​សម្ផស្ស

អាជីព​ជាតារា​សម្ដែង​ពុំអនុញ្ញាត​ឱ្យហ្សូរីដា​មានពេល​សម្រាក​ច្រើន​ប៉ុន្មាន​ទេ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក៏​ហ្សូរីដា មិន​បណ្ដោយឱ្យ​ពេលវេលា​នៃការ​ថែរក្សា​រូបសម្រស់ និង​សុខភាព​ចាកចេញ​ទៅដោយ​មិនបាន​យកចិត្ដ​ទុកដាក់​នោះទេ។ មាន​ចំណុច​សំខាន់​មួយចំនួន ដែល​កញ្ញា​ហ្សូរីដា​ចាប់​អារម្មណ៍​ថែរក្សា​ខ្លាំង​ជាងគេ។

1 . ការ​ថែរក្សា​សក់ ៖ សរសៃសក់​ហ្សូរីដា​ត្រូវ​ប្រឈម​ជាមួយ​ការ​តុបតែង​សឹងតែ​រាល់ថ្ងៃ ម្ល៉ោះហើយ​សរសៃសក់​របស់​នាង មិនសូវ​មាន​សុខភាពល្អ​ប៉ុន្មាន​ទេ។ ដើម្បី​ទប់ទល់​នឹងការ​ខូច​សរសៃសក់ ហ្សូរីដា​បាន​ជ្រើសរើស​សាប៊ូ​កក់សក់ និង​អប់សក់​យ៉ាង​ពិសេស ដោយ​ប្រើ​សម្រាប់កក់សក់​ពីរថ្ងៃ​ម្ដង និង​អប់សក់​មួយសបា្ដហ៍​២ដង។ ប្រសិនបើ​ពេលវេលា​គ្រប់គ្រាន់ ហ្សូរីដា​តែងតែ​ទៅហាង ដើម្បី​អប់សក់ ផ្ទុយ​មកវិញ​បើមាន​ការ​រវល់ច្រើន នាងនឹង​អប់សក់​នៅផ្ទះ​ដោយខ្លួនឯង។

2 . ការ​ថែរក្សា​រោមចិញ្ចើម រោមភ្នែក បបូរមាត់ និង​ធ្មេញ ៖ ហ្សូរីដា​ស្រឡាញ់​រោមចិញ្ចើម​ក្រាស់​បែប​ធម្មជាតិ ដោយ​មិនមាន​ការកោរ​តម្រឹម​អ្វីទាំងអស់ ព្រោះ​នាងយល់ថា​ចិញ្ចើម​ដែលកោរ​មិន​សក្ដិសម​នឹង​ទម្រង់មុខ​របស់នាង។ រីឯការ​លាបម៉ាស្ការ៉ា​លើ​ត្របកភ្នែក​ច្រើន​ធ្វើឱ្យ​រោមភ្នែក​ងាយនឹង​ជ្រុះ។ ដូច្នេះ​ហ្សូរីដា​ជ្រើសរើស​យកការ​ពាក់​ត្របកភ្នែក​ជំនួស​ឱ្យការ​ពត់ត្របកភ្នែក ដើម្បី​ឱ្យរោមភ្នែក​មើលទៅ​មានរាងង​ខ្ពស់ស្អាត នាំឱ្យ​ភ្នែកមាន​សម្រស់​គួរឱ្យ​ទាក់ទាញ ហើយមិន​ប៉ះពាល់​ដល់​រោមភ្នែក​ទៀតផង។ បបូរមាត់ និង​ធ្មេញស្អាត​ជារឿង​សំខាន់​បំផុត ព្រោះ​វាបាន​ផ្ដល់នូវ​ស្នាម​ញញឹម​ជួយឱ្យ​សម្រស់​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​មួយ​កម្រិត។ ហ្សូរីដា យល់ថា​បបូរមាត់​ស្រទន់ និង​ធ្មេញស្អាត​ញញឹម​ស្រស់ ជាចំណុច​សំខាន់​នៃការ​ផ្ដោត​អារម្មណ៍​សម្លឹងមើល​របស់​អ្នកនៅ​ជុំវិញ​ខ្លួន ហេតុនេះ​ហើយទើប​ហ្សូរីដា​មិនដែល​ប្រហែស​ក្នុងការ​ថែរក្សា​ឡើយ។ ហ្សូរីដា​មិន​ចូលចិត្ដ​លាបក្រែម​ដែលមាន​ពណ៌​ដិតខ្លាំង​នោះទេ។

3 . ការ​ថែរក្សា​ស្បែក ៖ ទាំង​ស្បែកមុខ និង​ស្បែកខ្លួន ហ្សូរីដា​ជ្រើសរើស​ប្រើ​ផលិតផល​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដោយ​មិន​ផ្លាស់ប្ដូរ​ឡើយ។ ព្រោះ​កញ្ញា​យល់ថាការ​ផ្លាស់ប្ដូរ​ផលិតផល​ប្រើប្រាស់​ញឹកញាប់ ជាបច្ច័យ​មិនល្អ​សម្រាប់​ស្បែក​ឡើយ។ ម្យ៉ាងទៀត ទោះបី​នាងមាន​ស្បែក​រាងស្រអែម​បន្ដិច​ក៏ពិតមែន ក៏​នាង​មិនទាមទារ​ធ្វើឱ្យ​ស្បែកស​ដោយវិធី​ផ្សេងៗ ដូចជាការ​ត្រាំទឹកដោះ​គោ ប្រើ​ឡេលាយ​នោះទេ ព្រោះនាង​យល់ថា​ការធ្វើ​បែបនេះ​គឺជាការ​បំផ្លាញ​ស្បែក​របស់ខ្លួន​ទៅវិញ​ទេ។ ដោយឡែក​សម្រាប់​វិធី​ងាយៗ ដើម្បី​ថែរក្សា​ស្បែក​របស់នាង​គឺ​នៅពេល​ដែលចេញ​ទៅក្រៅ​ក្រោមពន្លឺ​ថ្ងៃ ឬ​ពេល​សម្ដែង ហ្សូរីដា​ប្រើក្រែម​ការពារ​កម្ដៅ ហើយ​នៅពេល យប់​នាងប្រើ​ផលិតផល​ជំនួយ និង​ផ្ដល់​សំណើម​ស្បែក ដើម្បី​ឱ្យស្បែក​ទន់​រលោង​គ្រប់ពេល ជាពិសេស​គឺការពារ​ភាព​ជ្រីវជ្រួញ។ មាន​វិធី​បែបធម្មជាតិ​មួយចំនួន​ដែល​ហ្សូរីដា​ជ្រើសរើស គឺការ​ស្ទីមស្បែក​ដោយ​ប្រើ​ក្រូចពោធិសាត់ ឬ​ម្សៅពន្លៃ​ជាដើម ដើម្បី​ឱ្យស្បែក​លឿង និង​ទន់រលោង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

ឌួង ហ្សូរីដា ជាមនុស្ស​មិនងាយ​ឡើង​ទម្ងន់ ម្ល៉ោះហើយ​នាង​មិនបាន​ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ទេ នាង​ទទួលទាន​អាហារ​គ្រប់ប្រភេទ។ ក្នុង​ករណី​ដែល​កើនទម្ងន់ ហ្សូរីដា​គ្រាន់តែ​បន្ថយការ​ទទួលទាន​អាហារ​ដែលមាន​ជាតិផ្អែម និង​ហាត់ប្រាណ​បន្ដិចបន្ដួច​ជាការ​ស្រេច។ ការ​ហាត់ប្រាណ​ដែលនាង​ជ្រើសរើស គឺការ​ហែលទឹក បើមាន​ពេលវេលា​គ្រប់គ្រាន់។ បើមិន​ដូច្នោះទេ​គ្រាន់តែ ហាត់រាំ​តាមចង្វាក់​ភ្លេងតែ​ប៉ុណ្ណោះ។ នៅ​រៀលរាល់​៦ខែម្ដង ហ្សូរីដា​តែងតែ​ទៅពិនិត្យ​សុខភាព​រាងកាយ​មិនដែល​ខកខាន​ឡើយ ព្រោះនាង​បង្ការនូវ​បញ្ហា​របស់​សុខភាព ក្រែងមាន​ភាពមិន​ប្រក្រតី​ដោយ​មិនមាន​រោគសញ្ញា​ឱ្យដឹង​ជាមុន​កើតមាន​ឡើង។

គោល​បំណង​ទៅអនាគត

នៅពេល​ដ៏ខ្លី​ខាងមុខ​នេះ ហ្សូរីដា​នឹងបញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ហេតុនេះ​បំណង​ប្រាថ្នា​របស់ នាង​គឺការ​មានក្រុមហ៊ុន​មួយផ្ទា​ល់ខ្លួន ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ។ ប៉ុន្ដែ​នាងបាន​បញ្ជាក់ថា សម្រាប់​ការងារ​សិល្បៈ​នាង​នៅតែ​បំពេញ ឱ្យតែ​មានអ្នក​គាំទ្រ ព្រោះ​អាជីពនេះ​ហើយ​ដែលធ្វើ​ឱ្យនាង​មាន​ឱកាស​ក្លាយជាតារា​មួយដួង​បាន។

បណ្ដាំផ្ញើ​របស់ ឌួង ហ្សូរីដា

សូម​មិត្ដនារី​ទាំងអស់ព្យា​យាម​ស្រឡាញ់ និង​ពេញចិត្ដ​នូវអ្វី​ដែលខ្លួន​កំពុងមាន ព្រោះ​បើមាន​ការ​កែច្នៃ​កាន់តែ​ច្រើន ឱកាស​នៃការ​បាត់បង់​កាន់តែ​មានច្រើន​ឡើង​ដូចគ្នា។ ចំណែក​ឯការ​ហាត់ប្រាណ​សូមកុំ​ធ្វេសប្រហែស ឬ​មើល​រំលង​ឱ្យសោះ ព្រោះវា​មិនត្រឹមតែ​ធ្វើឱ្យ​សុភាពនារី​មានសុខភាព​ល្អទេ ថែមទាំង​មាន​សម្រស់​ស្រស់ស្អាត និងក្មេង​ជាងវ័យ​ទៀតផង។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ឌួង ហ្សូរីដា
  • អាយុ ៖ ២៥ឆ្នាំ
  • ទំហំទាំងបី ៖ ៣២, ២៤, ៣៥
  • ទម្ងន់ ៖ ៤៥គីឡូក្រាម
  • កម្ពស់ ៖ ១,៦០ម៉ែត្រ
  • មានបងប្អូន ៖ ៤នាក់ (ជាកូនទី២)
  • ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Google Analytics Alternative