ក្រុម​យុវជន​ព្រួយ​បារម្ភ​ពីការ​បាត់បង់​ជីវចម្រុះ និង​ជម្រុញ​រដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះអ្នក​ប្រព្រឹត្ត​បទល្មើស

ក្រុម​និស្សិត​មកពី​សាលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​បាន​សម្តែងការ​ព្រួយ​បារម្ភ​ពីការ​បាត់បង់​ជីវចម្រះ និង​ជំរុញ​ឲ្យរដ្ឋាភិបាល​ចាត់​វិធានការណ៍​ឲ្យបា​​នម៉ីងម៉ាត់​ចំពោះអ្នក​ប្រព្រឹត្ត​បទល្មើស។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យុវជន ឆន ស៊ីតារា សិក្សា​ឆ្នាំទី២​ដេប៉ាតឺម៉ង់​គីមី​វិទ្យា​ដែលបាន​ចូលរួម​ក្នុង​​វេទិកា​លើក​កំពស់​ការ​យល់ដឹង​ជីវចម្រុះ ដែល​ប្រារព​ធ្វើនៅ​មជ្ឈមណ្ឌល​កិច្ច​សហការ​កម្ពុជា​ជប៉ុន​នាព្រឹក​ថ្ងៃសុក្រ ទី២១ កញ្ញា​កន្លងមក​ថា ការ​បង្កើត​កម្មវិធី​នេះល្អ ដើម្បី​ឲ្យនិស្សិត​មានការ​យល់ដឹង​ពីបរិស្ថាន​នៅកម្ពុជា​ថា មាន​ការ​ប្រែប្រួល​យ៉ា​​ងដូចម្តេច និងឲ្យ​និស្សិត​ចូលរួម​អភិរ័ក្ស និង​ថែរក្សា​បរិស្ថាន ដែល​កំពុង​រងការ​​បំផ្លិច​បំផ្លាញ​នាពេល​បច្ចុប្បន្ន​ជាច្រើន។

យុវជនដ​ដែល​បន្តថា “ខ្ញុំ​មានការ​ព្រួយបារម្ភ​ព្រោះតាម​បណ្តាញ​ផ្សព្វផ្សាយ​បានបង្ហាញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះមាន​ការកាប់​បំផ្លាញ​ធនធាន​ព្រៃឈើរបស់​​យើង​យ៉ាងខ្លាំង នាំឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ធ្វើឲ្យ​ប្រទេស​យើង​ប្រឈម​មុខនឹង​បញ្ហា​ជាច្រើន”។ យុវជន​ដដែល​បានបន្ត​ថា “ជីវ​ចម្រុះ​មានសារៈ​សំខាន់​ណា​ស់​ចំពោះ​ជីវិត ព្រោះ​មនុស្ស​យើង​មិនអាច​រស់​តែឯង​បានទេ ហេតុនេះ​យើង​​ត្រូវ​ជួយ​ការពារ​គ្នា​ទៅវិញ​ទៅមក ព្រោះ​បរិស្ថានល្អ​ការពារ​យើង កាលណា​យើង​​បំផ្លាញ​វាៗនឹង​បំផ្លាញ​យើង ”។

ឆន​ ស៊ីតារា បាន​បន្តថា ការ​ទប់ស្កាត់​បទល្មើស​ហាក់​ដូចជា​មិនសូវ​មាន​ប្រ​សិទ្ឋិភាព គឺ​រដ្ឋាភិបាល​មិនទាន់​បានចាត់​វិធានការ​គ្រប់គ្រាន់ ដើម្បី​បញ្ឈប់​ការ​កាប់​​បំផ្លាញ​ព្រៃឈើ បើចាប់ៗ​បានតែ​អ្នក​តូចតាច តែ​អ្នកមាន​អំណាច​ប្រព្រឹត្តបទល្មើស​តែងរួច​ខ្លួនជានិច្ច។

កញ្ញា ហែម ពិសី និស្សិត​ឆ្នាំទី២ ផ្នែក​គីមីវិទ្យា​នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំ​ពេញ​បាន​និយាយ​ឲ្យដឹងថា “ការ​បំផ្លាញ​ជីវចម្រុះ ជាការ​បំផ្លាញ​ជីវិតខ្លួនឯង ព្រោះ​បច្ចុប្បន្ន​មានការ​ប្រែប្រួល​អាកាសធាតុ​យ៉ាងច្រើន ព្រោះ​មានការ​កាប់​បំផ្លាញ​ធនធាន​ព្រៃឈើ​ច្រើន ជាងការ​ដាំបន្ថែម ”។ កញ្ញា​បន្តថា “ខ្ញុំមាន​ការ​ព្រួយបារម្ភ ពីការ​បាត់បង់​ជីវចម្រុះ ព្រោះការ​បាត់បង់​ធនធាន​នេះនឹង​ធ្វើឲ្យយើង​រងផល​ប៉ះពាល់ និង​ប៉ះពាល់​ដល់អ្នក​ជំនាន់​ក្រោយទៀត ”។

កញ្ញា​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យចាត់​វិធានការ​ឲ្យបាន​តឹងរ៉ឹង និង​អនុវត្តន៍ច្បាប់​​ឲ្យបាន​ខ្លាំង​ចំពោះអ្នក​ប្រព្រឹត្តិ​ល្មើស ដើម្បី​ឲ្យពួកគេ​ខ្លាច​លែងហ៊ាន​ប្រព្រឹត្ត​បទ​ល្មើស​តទៅទៀត ព្រោះ​កាលណា​ពួកគេ​ខ្លាច​ពួកគេ​នឹងបញ្ឈប់​ទង្វើ​របស់ពួកគេ និង​ចូលរួម​ថែររក្សា​ការពារ និង​ដាំបន្ថែម​ទៀត។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យុវជន សុផាត រស្មី និស្សិត​ឆ្នាំទី២ ដេប៉ាតឺម៉ង់​ជីវវិទ្យា​នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​បាន​សម្តែង​ចំណាប់​អារម្មណ៍​របស់ខ្លួន​ផងដែរ​ថា កម្មវិធី​នេះល្អ ព្រោះ​អាចធ្វើ​ឲ្យយុវជន​ដឹងថា យើង​អាចជួយ​អ្វីខ្លះ​ដល់​ធម្មជាតិ ហើយ​ធម្មជាតិ​បានជួយ​អ្វីដល់​យើង​ត្រលប់​មកវិញ។ កាលណា​យើង​រំលោភ​លើ​ធម្មជាតិ​ថ្ងៃណា​មួយ​ធម្មជាតិ​នឹងបក​ត្រលប់​មកយើង​វិញ ព្រោះ​ធម្មជាតិ និង​មនុស្សផ្តល់​ឲ្យគ្នា​ទៅវិញ​ទៅមក ឧទាហរណ៍​ជីវចម្រុះ​ក្នុងស្រូវ កាលណា​យើង​ថែររក្សា​វា ស្រូវ​នឹងឲ្យ​ផ​ល​មកយើង​វិញ។

រស្មី បាន​បន្តថា “ខ្ញុំ​ព្រួយបារម្ភ​មែនទែន ព្រោះការ​បាត់បង់​ជីវចម្រុះ​វានឹងធ្វើ​​ឲ្យយើង​ជួបការ​លំបាក ហេតុនេះ​ខ្ញុំសូម​ឲ្យរដ្ឋាភិបាល​ចាត់វិធាន​ការ​ច្បាប់ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះអ្នក​ប្រព្រឹត្ត​បទល្មើស ដូចជាការ​នេសាទ​ខុសច្បាប់ និងការ​កាប់​បំផ្លាញ​ព្រៃឈើ ”។ រស្មី បាន​បន្តថា “កុំឲ្យ​មានតែ​ច្បាប់ តែ​មិនមានការ​អនុវត្តន៍ ព្រោះ​កន្លងមក​មាន​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃឈើ​អស់ហើយ ទើប​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ ”។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២

Google Analytics Alternative