បំបៅកូន​ដោយ​ទឹកដោះ​គោ

ភរិយា​ខ្ញុំបាទ​ទើបតែ​មានកូន​ដំបូង ហើយ​ទើបតែ​សម្រាល​រួចបាន​រយៈពេល​២ខែ។ នាង​មិនសូវ​សម្បូរ​ទឹកដោះ​ទេ ដូច្នេះ​កូន របស់​ខ្ញុំបាទ​ត្រូវ​បៅទឹកដោះគោ​បន្ថែម។ តើ​ខ្ញុំបាទ​អាចបន្ដក់​ទឹកបន្ថែម​ឱ្យកូនបាន​ឬទេ?   លោក ហ.ស.ភ អាយុ​២៤ឆ្នាំ ខេត្ដ​បាត់ដំបង

វេជ្ជបណ្ឌិតយើងៈ ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​បាន​ផ្សព្វផ្សាយ​ឱ្យបងប្អូន​ប្រជាពលរដ្ឋខ្មែរ​ឱ្យ​បំបៅកូន ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខគត់ ចាប់ពី​ពេលកើត​រហូតដល់​រយៈពេល​៦ខែ។ លើសពី​៦ខែ ទើប​ឪពុកម្ដាយ​ត្រូវបន្ថែម​ចំណី​អាហារ ផ្សេងទៀត​ដល់កូន។ ចំពោះ​ករណី​ភរិយា​ប្អូនប្រុស​មិនសូវ​សម្បូរ​ទឹកដោះ គឺគ្មាន​ជម្រើស​អ្វីក្រៅពី​ឱ្យកូន​បៅទឹកដោះគោ​បន្ថែម​នោះទេ ។ តាម​ធម្មតា​ទឹកដោះគោ​សម្រាប់​កូនបៅ​មានក្បួនខ្នាត​លាយ​របស់​វា ត្រូវដាក់​ម្សៅ​ទឹកដោះគោ​ប៉ុន្មាន លាយ​ជាមួយ​នឹង​ទឹកចំនួន​ប៉ុន្មាន។ បើសិនជា​លាយបាន​ត្រឹមត្រូវ​តាមខ្នាត​កំណត់ ពិតជា​មិនមាន​បញ្ហាទេ។ ដូច្នេះ​នៅក្នុង​ទឹកដោះគោ​ដែលលាយ​តាម​ខ្នាតត្រឹមត្រូវ​មាន​បរិមាណ និង​គុណភាព​ម្សៅ​ទឹកដោះគោ និង​ជាតិទឹក​គ្រប់គ្រាន់​ទៅហើយ។ ការដាក់​ទឹក​លាយ​ជាមួយ​ទឹកដោះគោ​ច្រើនពេក ដាក់ទឹក​ជ្រុល​នាំឱ្យ​រាវពេក នាំឱ្យ​បាត់បង់​គុណភាព ពិតជាមិន​ត្រឹមត្រូវ និង​មិនគួរ​ធ្វើឡើយ។ ព្រោះ​ថាការដាក់​ទឹកច្រើន​ជ្រុល​ទៅក្នុង​ទឹកដោះគោ អាចធ្វើ​ឱ្យ​បាត់បង់​គុណភាព​ទឹកដោះគោ នាំឱ្យ​កូន​បៅទឹកដោះ​គោច្រើន តែ​មិនមាន​កម្រិត​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។ បងប្អូន​ប្រជាពលរដ្ឋខ្មែរ​នាំគ្នា​យល់ថា​ក្រោយពី​បៅទឹកដោះគោ ឬពី​បៅដោះ​ម្ដាយ ត្រូវ​បន្ដក់ទឹក​ឱ្យកូន​ដើម្បី​ឱ្យជ្រះក។ ការ​បន្ដក់​ទឹកពីរ បី​តំណក់ ពិតជា​គ្មាន​បញ្ហាទេ។ តែការ​បន្ដក់ទឹក​ឱ្យកូន​ច្រើនពេក មិនគួរ​ធ្វើឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative