ដករោម​ចិញ្ចើម​ផល​ប៉ះពាល់​ច្រើន​ជាងអត្ថ​ប្រយោជន៍

រោមចិញ្ចើម​អាច​បង្កើន​សម្រស់​របស់​សុភាពនារី​គ្រប់រូប ព្រោះ​នៅពេល​ដែល​តុបតែង​មុខ សុភាពនារី​តែងតែ​យកចិត្ដ​ទុកដាក់​លើ​រោមចិញ្ចើម​ជាជំហ៊ាន​ដំបូង។ ចំពោះ​ការដក​រោមចិញ្ចើម​ជាផ្នែក​មួយជួយ​ទ្រទ្រង់​សម្រស់ និង​ក៏អាច​បង្កផល​វិបាក​ដល់​សុខភាព​ផងដែរ។ សុភាពនារី​ទាំងឡាយ​ប្រាកដ​ជាមាន​ចម្ងល់​ជាមិនខាន​ពីការ​ដករោម​ចិញ្ចើម​ដែលមាន​ផល​វិបាក​ដល់សុខភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បកស្រាយ​ជូនអ្នកអាន​ឱ្យបាន​យល់នោះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោកស្រី ច័ន្ទ ស្រីណុច ដែលជា​ម្ចាស់​ហាងកែ​សម្ផស្សមីកាសា។ នាពេល​បច្ចុប្បន្ន ចិញ្ចើម​ភាគច្រើន​និយម​ធ្វើការកោរ ប៉ុន្ដែ​មានស្ដ្រី​មួយចំនួន​នៅតែ​ចូលចិត្ដ​ដករោម​ចិញ្ចើម។

អត្ថ​ប្រយោជន៍​នៃការ​ដករោម​ចិញ្ចើម

ការ​ដករោម​ចិញ្ចើម​មានអត្ថ​ប្រយោជន៍​តិចតួច​បំផុត ដោយ​គ្រាន់តែ​អាចជួយ​ពន្យារ​ពេល​នៃការ​ដុះ​លូតលាស់​ឡើងវិញ​ឆាប់រហ័ស​របស់​រោមចិញ្ចើម។ ព្រោះ​ការដក​នេះជួយ​ទប់ស្កាត់​កោសិកា​ខាងក្នុង​មិនឱ្យ​ដុះ​លូតលាស់​លឿន ជាពិសេស​អាច​សម្រួល​មិនឱ្យ​មិត្ដនារី​ពិបាក​កោររោម​ចិញ្ចើម​ជាញឹកញាប់​ពេក។ ការកោរ និង​ដករោម​ចិញ្ចើម​មាន​លក្ខណៈ​ខុសពីគ្នា​ដោយការ​កោរ​គឺឆាប់​ដុះលូតលាស់​ឡើងមក​វិញ ហើយ​ត្រូវកោរ​ញឹកញាប់។

 

ផល​ប៉ះពាល់​នៃការ​ដករោម​ចិញ្ចើម

ការដក​រោមចិញ្ចើម​ច្រើន​អនុវត្ដន៍​លើមនុស្ស​ស្រី ហើយមាន​ផល​ប៉ះពាល់​ច្រើនដល់​ប្រពន្ធ័​កោសិកា​ខាងក្នុង​សរសៃភ្នែក​អាច បណ្ដាល​ឱ្យខូច​ប្រព័ន្ធ​ការពារ​ភ្នែកបាន។ ម្យ៉ាងទៀត​អាច​ប៉ះពាល់​ដល់ផ្នែក​ខាងក្រៅ ដូចជា​ហើម​ចិញ្ចើម ឬ​ក៏មានជា​ដំបៅ ព្រោះ​ពេលដែល​ដករន្ធ​ឫសនៃ​រោមចិញ្ចើម​មាន​ប្រហោង​ជាលក្ខណៈ​ងាយស្រួល​ក្នុងការ​បង្កជម្ងឺ។ កាលណា​ឧបករណ៍​ដែលប្រើ​នោះមិនសូវ​មាន​អនាម័យ​ក៏បង្ក​ជាផល​ប៉ះពាល់​មិនល្អ ដូចជា​តេតាណូស កើតជា​ដំបៅ​មហារីក​ជាដើម​ក៏មាន។ ប្រសិនបើ​អ្នក​ជំនាញ​ដករោម​ចិញ្ចើមមិនស្ទាត់​ល្អនោះ សរសៃឈាម​ដែល​នៅខាងក្នុង​នោះអាច​ដាច់មក​ជាមួយ​គ្នាក្នុងពេល​តែមួយ។ សរុប​សេចក្ដីមក​ការដក​រោមចិញ្ចើម​មានផល​ប៉ះពាល់​ច្រើន ហេតុនេះ​ស្ដ្រី​គ្រប់រូប​គួរតែ​ចៀសវាង​នូវប្រការ​ទាំងនេះ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ដោយសារ​ការ​ថែទាំ​សម្រស់​និង​សុខភាព​សុទ្ធតែ​សំខាន់ ដូចនេះ​គួរតែ​ចៀសវាង​កុំដករោម​ចិញ្ចើម។ សូម​ជ្រើសរើស​យក​ការកោរ​រោមចិញ្ចើម​ល្អជាង សូម​ព្យាយាម​ពេញចិត្ដ​នឹងអ្វី​ដែលមាន​ស្រាប់។ ការ​កែច្នៃ​មិនមែន​ជាជម្រើស​ល្អនោះទេ ព្រោះ​ពេលខ្លះ លោកស្រី​អ្នកនាង​កញ្ញា​មិនបាន​ចំណេញ ថែមទាំង​ខាតបង់​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

 

Google Analytics Alternative